ប្រសិនបើយើងនោមញឹកញាប់នៅពេលយប់ វាអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួន ពីព្រោះថាមនុស្សពេញវ័យភាគច្រើន មិននោមច្រើនជាងម្ដងឡើយ នៅអំឡុងពេលគេងរយៈពេលប្រហែល៦ម៉ោងទៅ៨ម៉ោង។ ក្នុងករណីនេះ វាក៏អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ។
ហេតុអ្វីនោមញឹកនៅពេលយប់ អាចជាសញ្ញានៃជំងឺទឹកនោមផ្អែម?
ពិតណាស់ រោគសញ្ញាទូទៅដំបូងនៃជំងឺទឹកនោមផ្អែម គឺការនោមច្រើនដងអំឡុងពេលថ្ងៃ ហើយវាក៏អាចកើតឡើងនៅពេលយប់ដូចគ្នា។ នៅពេលដែលជាតិស្ករក្នុងឈាមខ្ពស់ តម្រងនោមរបស់យើងនឹងធ្វើការខ្លាំងជាងធម្មតា ដើម្បីកម្ចាត់ជាតិស្ករទាំងនោះ ដែលធ្វើឲ្យយើងនោមញឹកញាប់ ទោះបីជាយើងកំពុងតែគេងក៏ដោយ។ ជំងឺទឹកនោមផ្អែម ក៏អាចបំផ្លាញតម្រងនោម ឬប្លោកនោមរបស់យើង ដោយសារតែការនោមញឹកញាប់នេះដែរ។
មូលហេតុដទៃទៀតធ្វើឲ្យយើងនោមញឹកញាប់នៅពេលយប់
ក្រៅពីជំងឺទឹកនោមផ្អែម មូលហេតុផ្សេងទៀតនៃការនោមញឹកញាប់នៅពេលយប់ រួមមាន៖
កត្តាអាយុ៖ នៅពេលដែលយើងមានវ័យកាន់តែច្រើន រាងកាយរបស់យើងក៏ផលិតអ័រម៉ូនកំណត់បរិមាណទឹកនោមនៅពេលយប់កាន់តែតិច ជាហេតុធ្វើឲ្យប្លោកនោមរបស់យើងផ្ទុកទឹកនោមកាន់តែច្រើន។ មួយវិញទៀត កត្តាអាយុក៏ប៉ះពាល់ដល់បរិមាណដែលប្លោកនោមផ្ទុកទឹកនោមដូចគ្នា។
ញ៉ាំទឹកច្រើនពេក៖ មិនថាយើងញ៉ាំទឹក ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬអាល់កុលច្រើនពេក នៅមុនពេលចូលគេងនោះទេ វាសុទ្ធតែអាចធ្វើឲ្យប្លោកនោមពេញ ដែលតម្រូវឲ្យយើងត្រូវភ្ញាក់នៅពេលយប់ ដើម្បីទៅនោម។
បញ្ហាសុខភាពដទៃទៀត រួមមាន៖
- ការឆ្លងមេរោគលើផ្លូវទឹកនោម
- ជំងឺខ្សោយបេះដូង
- ក្រពេញប្រូស្តាតរីកធំ
- មានផ្ទៃពោះ
- ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
- ដុំសាច់នៅក្នុងប្លោកនោម ឬក្រពេញប្រូស្តាត
- ជំងឺខូចថ្លើម
- ជំងឺគេងបាត់ដង្ហើម
រោគសញ្ញាដទៃទៀតនៃជំងឺទឹកនោមផ្អែម
ក្នុងករណីដែលយើងមានជំងឺទឹកនោមផ្អែម យើងអាចមានរោគសញ្ញាដទៃទៀត ដូចជា៖
- ស្រេកទឹកខ្លាំង
- ឃ្លានខ្លាំង
- ស្រកទម្ងន់
- ព្រិលភ្នែក
- អស់កម្លាំង ស្ពឹកដៃ ឬជើង
- ការបង្ករោគកាន់តែច្រើន និងរបួសមិនងាយជាសះស្បើយ។
[embed-health-tool-bmi]