ចេញអាការៈ ៧នេះ អាចមានបញ្ហាក្រពេញប្រូស្តាតរីកធំ
ក្រពេញប្រូស្តាតរីកធំជាមូលហេតុទូទៅបំផុតដែលបង្កឱ្យបុរសមានបញ្ហាប្រព័ន្ធទឹកនោម។ បុរសម្នាក់ក្នុងចំណោម ៣ នាក់ដែលមានអាយុលើសពី ៥០ឆ្នាំអាចមានបញ្ហាប្រព័ន្ធទឹកនោម។ តើអាការៈរបស់ក្រពេញប្រូស្តាតរីកធំមានអ្វីខ្លះ? ក្រពេញប្រូស្តាតគឺជាក្រពេញដែលមានទំហំប៉ុនគ្រាប់វ៉ុលណាត់ (Walnut) និងស្ថិតនៅពីក្រោមប្លោកនោម ហើយព័ទ្ធជុំវិញបង្ហួរនោមដែលជាបំពង់បញ្ចេញទឹកនោមពីប្លោកនោម។ ក្រពេញប្រូស្តាតមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធបន្តពូជរបស់បុរស ដោយជួយចិញ្ចឹម និងដឹកនាំមេជីវិតឈ្មោលចេញពីពងស្វាសនៅពេលមានការបញ្ចេញទឹកកាម។ អ្នកដែលមានក្រពេញប្រូស្តាតរីកធំមិនសូវមានរោគសញ្ញា ឬអាការៈទេ។ ប៉ុន្តែនៅពេលដែលក្រពេញប្រូស្តាតរីកកាន់តែធំ នោះអាចសង្កត់លើផ្នែកខាងក្រៅនៃបង្ហួរនោម ដែលបណ្តាលឱ្យបង្ហួរនោមរួមតូច និងបង្កឱ្យមានអាការៈដូចជា៖ ពិបាកនោម ឬចេញទឹកនោមខ្សោយ មានអារម្មណ៍ថានោមមិនអស់ (ប្លោកនោមនៅមានទឹកនោម) ពិបាកនោម មានទឹកនោមតក់ៗបន្ទាប់ពីនោមរួច នោមញឹក ជាពិសេសនៅពេលយប់ ត្រូវការនោមជាបន្ទាន់ (ពេលខ្លះយើងអាចលេចនោមមុនពេលចូលដល់បន្ទប់ទឹក) លំហូរនោមបែកជាពីរ ចង់ស្វែងយល់បន្ថែមពីបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ! កត្តាមួយចំនួនអាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ ១. អាយុ នៅពេលបុរសមានអាយុកាន់តែច្រើន ហានិភ័យនៃការមានក្រពេញប្រូស្តាតរីកធំមានកាន់តែខ្ពស់។ ២. កម្រិតអ័រម៉ូន នៅពេលបុរសមានអាយុច្រើន តុល្យភាពរបស់អ័រម៉ូនអ៊ឹស្ត្រូសែន និងតេស្តូស្តេរ៉ូនមានការផ្លាស់ប្តូរដែលអាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ។ ៣. ប្រវត្តិគ្រួសារ ប្រសិនបើយើងមានសមាជិកគ្រួសារដែលមានបញ្ហាប្រពេញប្រូស្តាតរីកធំ យើងទំនងជាអាចមានប្រពេញប្រូស្តាតរីកធំដែរ។ ៤. ជំងឺមេតាប៉ូលីស តាមការស្រាវជ្រាវបានឱ្យដឹងថា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងការធាត់ បង្កើនហានិភ័យក្នុងការធ្វើឱ្យក្រពេញប្រូស្តាតរីកធំ។ ក្រពេញប្រូស្តាតរីកធំមិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាលអាចកាត់បន្ថយរោគសញ្ញា និងអាការៈ ព្រមទាំងអាចជួយកែលម្អគុណភាពជីវិតរបស់យើងបាន។ យើងអាចព្យាបាលក្រពេញប្រូស្តាតរីកធំដោយកែប្រែរបៀបរស់នៅ ប្រើថ្នាំ ឬធ្វើការវះកាត់ អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។