នៅពេលរាងកាយយើង បង្កើតហ្គាសច្រើនជ្រុលនៅក្នុងប្រព័ន្ធរំលាយអាហារ វានឹងបញ្ចេញមកក្រៅតាមរយៈការភើ និងផោម។ ហ្គាសកើតមានឡើងជាធម្មតា នៅអំឡុងពេលដែលយើងរំលាយអាហារ និងនៅពេលដែលយើងស្រូបខ្យល់ជាមួយនឹងអាហារ។ ហ្គាសនេះ នឹងកកើតឡើងកាន់តែឆាប់រហ័ស បើសិនជាយើងជក់បារី ប្រើទុយយោបឺតទឹក ឬញ៉ាំអាហារដែលពិបាករំលាយ។ ជាមួយគ្នានេះដែរ យើងអាចនឹងមានហ្គាសកាន់តែច្រើនឡើង នៅពេលដែលយើងស្រ្តេស ទល់លាមក ឬមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធរំលាយអាហារ
ជាទូទៅ យើងផោមចាប់ពី៥ទៅ២៣ដងក្នុងមួយថ្ងៃ ប៉ុន្តែច្បាស់ណាស់ថាអ្នកខ្លះតែងតែមានអារម្មណ៍ខ្មាសអៀន ឬតានតឹង នៅពេលដែលផោមញឹកញាប់ ឬមានក្លិនមិនល្អ ឬក៏ត្រូវផោមនៅទីសាធារណៈជាដើម។ ហេតុដូច្នេះហើយ ទើបមានអ្នកខ្លះព្យាយាមទប់ផោម រហូតទាល់តែដល់កន្លែងដែលស័ក្ដិសម ទើបហ៊ានបញ្ចេញមកក្រៅ។
១. តើមានអ្វីកើតឡើងនៅពេលដែលយើងទប់ផោម?
នៅពេលដែលយើងផោម ហ្គាសនឹងបម្លាស់ទីពីពោះវៀនតូចទៅកាន់ចុងពោះវៀនធំ ហើយក៏ចេញមកក្រៅតាមទ្វារធំ។ ប៉ុន្តែ ប្រសិនបើយើងត្បៀតសាច់ដុំទ្វារធំ យើងអាចទប់ផោមបានមួយរយៈ។ ប៉ុន្តែ សម្ពាធនឹងចាប់ផ្ដើមបង្កើតជាហ្គាសនៅក្នុងប្រព័ន្ធរំលាយអាហារ។ បន្ថែមពីនេះ ការទប់ផោម នឹងធ្វើយើងអាចមានអាការៈដូចជាឈឺចាប់ ហើមពោះ មិនស្រួលខ្លួន និងពិបាកក្នុងការរំលាយអាហារជាដើម។
២. តើធ្វើយ៉ាងម៉េចទើបបញ្ចៀសការផោមបាន?
ពិតណាស់ យើងមិនចាំបាច់ទប់ហ្គាសទៀតនោះទេ ប្រសិនជាយើងអាចការពារកុំឲ្យផោមបាន។ ជាក់ស្តែង ហ្គាសនៅក្នុងពោះវៀនកើតឡើងដោយការរំលាយអាហារ។ ដូចនេះ ការកំណត់របបអាហារត្រឹមត្រូវ គឺពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ក៏ដូចជាបញ្ចៀសបញ្ហាហ្គាសមិនល្អនៅក្នុងពោះវៀនរបស់យើងថែមទៀតផង។
អាហារដែលគួរចៀសវាងបើមិនចង់ផោមញឹក
- សណ្ដែក សាឡាត់ ខាត់ណា ស្ពៃក្តោប ខ្ទឹមបារាំង ផ្សិត។ល។
- ស្រាបៀ
- ភេសជ្ជៈដែលមានជាតិកាបូន
ការផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ
- ញ៉ាំ ឬផឹកយឺតៗ
- ញ៉ាំអាហារតិចតួច និងឲ្យបានញឹកញាប់ ដើម្បីកាត់បន្ថយស្រ្តេសនៅប្រព័ន្ធរំលាយអាហារ
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីបញ្ចេញហ្គាសពីប្រព័ន្ធរំលាយអាហារ
- កុំជក់បារី
៣. ផោម និងហានិភ័យសុខភាព
ជាធម្មតា ការផោមកម្រនឹងបង្កទៅជាលក្ខខណ្ឌសុខភាពធ្ងន់ធ្ងរណាស់។ ប៉ុន្តែ ប្រសិនជាយើងផោមលើសកម្រិត (ច្រើនជាង២៥ដង ក្នុងមួយថ្ងៃ) ឬក៏មានក្លិនមិនល្អខ្លាំង វាក៏អាចជាសញ្ញានៃមូលហេតុចម្បងផ្សេងៗផងដែរ។
នៅក្នុងករណីដែលយើងព្យាយាមទប់ផោម ប៉ុន្តែមិនបានជោគជ័យ ឬកត់សម្គាល់ឃើញពីរោគសញ្ញាដូចខាងក្រោម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលា។
- ផ្លាស់ប្ដូរទម្លាប់បន្ទោបង់
- ហើមពោះធ្ងន់ធ្ងរ
- ក្អួត
- ទល់លាមក
- ឈឺពោះធ្ងន់ធ្ងរ និងមានរយៈពេលយូរ និង
- បាត់បង់ចំណង់អាហារ ជាដើម។
គួរស្វែងយល់បន្ថែម៖
- ផោមញឹកអ៊ីចឹង មានបញ្ហាសុខភាពអត់?
- ផោម ជារឿងធម្មតា តែបើផោមញឹក មានក្លិនស្អុយខ្លាំងទៀតអាចជាបញ្ហាសុខភាព
- ផោម មានអត្ថប្រយោជន៍ច្រើនណាស់ តិចអត់ដឹង
- កូនមិនសូវជុះ តែផោមញឹក គួរឲ្យព្រួយបារម្ភអត់?
[embed-health-tool-bmr]