ពោះវៀនតូចគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធរំលាយអាហារ ដែលទទួលខុសត្រូវក្នុងការរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹម និងផ្លាស់ទីអាហារតាមរយៈពោះវៀន។ ការញ៉ាំអាហារជាក់លាក់មួយចំនួន អាចជួយថែទាំសុខភាពពោះវៀនតូចរបស់យើងប្រកបដោយប្រសិទ្ធភាព។
១. ពពួកអាហារProbiotic
ទឹកដោះគោជូរមានផ្ទុកProbiotics ដែលជួយឲ្យពោះវៀនតូចមានសុខភាពល្អ ព្រមទាំងដំណើរការត្រឹមត្រូវ។ ជាក់ស្ដែង Probioticsជាពពួកបាក់តេរីមានប្រយោជន៍ ដែលអាចជួយកាត់បន្ថយវត្តមាននៃបាក់តេរីមិនល្អ ហើយវាក៏ជួយលើកកម្ពស់ដល់ការរំលាយអាហារ និងស្រូបយកវីតាមីន និងជាតិរ៉ែ។ ដូច្នេះហើយ គ្នាយើងអាចជ្រើសរើសញ៉ាំទឹកដោះគោជូរដែលមានផ្ទុកProbiotics ដូចជាសារធាតុLactobacillus និងBifidobacterium ដែលល្អបំផុតសម្រាប់សុខភាពពោះវៀនតូច។ បន្ថែមពីនេះ យើងក៏អាចបញ្ចូលស៊ុបបែបជប៉ុន (Miso) និងអាហារធ្វើពីទឹកដោះគោដែលដាក់មេ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងផងដែរ។
២. បន្លែ និងផ្លែឈើ
របបអាហារដែលរួមបញ្ចូលទាំងផ្លែឈើ និងបន្លែស្រស់ៗ អាចជួយឲ្យយើងទទួលបានវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន។ ពិតណាស់ បន្លែ និងផ្លែឈើសំបូរទៅដោយជាតិសរសៃ ដែលមានអត្ថប្រយោជន៍ដល់សុខភាពប្រព័ន្ធរំលាយអាហារទាំងមូល រួមទាំងពោះវៀនតូច ដោយវាជួយឲ្យរាងកាយរំលាយអាហារ និងបញ្ចេញចោលកាកសំណល់បានល្អ។ ហេតុនេះហើយ គ្នាយើងគប្បីញ៉ាំអាហារដែលសំបូរទៅដោយជាតិសរសៃឲ្យបានច្រើន ដូចជាផ្លែប៉ោម សណ្ដែក សណ្ដែកបារាំង និងការ៉ុត។
៣. ត្រី
ត្រីជាប្រភពប្រូតេអ៊ីន ដែលសំបូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការជួសជុល និងបង្កើតជាលិកា និងកោសិកាឡើងវិញ។ នៅពេលដែលពោះវៀនតូចមានសុខភាពល្អ វានឹងជួយឲ្យរាងកាយទទួលបានអត្ថប្រយោជន៍ពីអាស៊ីដអាមីណូនៅក្នុងអាហារប្រូតេអ៊ីនបានច្រើន ក៏ដូចជាជួយស្រូបយកខ្លាញ់សុខភាពថែមទៀតផង។ ការញ៉ាំខ្លាញ់មិនឆ្អែត ( unsaturated fat ) អាចជួយឲ្យពោះវៀនតូចស្រូបយកវីតាមីន ជាតិរ៉ែដែលរលាយក្នុងខ្លាញ់ពីអាហារ។ ត្រីសាម៉ុន ត្រីធូណា សុទ្ធតែជាជម្រើសអាហារសុខភាព ដែលយើងមិនគួរមើលរំលងឡើយ។
៤. គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ
ជាមួយគ្នានេះដែរ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើផ្ទុកជាតិសរសៃ និងប្រូតេអ៊ីនមានប្រយោជន៍សម្រាប់ពោះវៀនតូច ដើម្បីឲ្យវាបំពេញមុខងារជាមួយនឹងប្រព័ន្ធរំលាយអាហារដទៃទៀតបានល្អ ប្រសើរ។ យ៉ាងណាមិញ ពពួកគ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ ដូចជាគ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់ល្ពៅ គ្រាប់ល្ង និងគ្រាប់ផ្កាឈូករ័ត្នជាដើម មានសារសំខាន់ណាស់ចំពោះប្រព័ន្ធរំលាយអាហារ និងពោះវៀនតូច។
[embed-health-tool-bmr]