ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាពរបស់យើងរាល់គ្នា។ វាជួយឲ្យយើងរក្សាជាតិទឹកក្នុងរាងកាយ បង្ការបញ្ហាទល់លាមក និងបញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅក្នុងកោសិកាផងដែរ។ ប្រសិនបើគ្នាយើងកំពុងព្យាយាមសម្រកទម្ងន់ ទឹកអាចមានអត្ថប្រយោជន៍ជួយជំរុញដំណើរការនេះបាន ប៉ុន្តែការញ៉ាំទឹកមុនពេលគេង អាចមិនមែនជាពេលវេលាសមស្របឡើយ។
ទំនាក់ទំនងរវាងទឹក និងការស្រកទម្ងន់
ពិតណាស់ ទឹកអាចជាផ្នែកមួយជួយដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ យោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំទឹកច្រើនអាចជួយជំរុញដល់ការស្រកទម្ងន់ និងស្រកខ្លាញ់ចំពោះមនុស្សស្រី។ ម្យ៉ាងវិញទៀត ទឹកក៏អាចជួយឲ្យយើងញ៉ាំជាតិកាឡូរីតិចជាងមុន ព្រមទាំងធ្វើមេតាប៉ូលីសបានប្រសើរជាងមុនដូចគ្នា។
តម្រូវការទឹកប្រចាំថ្ងៃ
តម្រូវការទឹកប្រចាំថ្ងៃមានភាពខុសគ្នា និងអាស្រ័យលើរបបអាហារ សកម្មភាព បរិយាកាស និងសុខភាពរបស់មនុស្សយើងម្នាក់ៗ។ មនុស្សពេញវ័យដែលមានសុខភាពល្អ ត្រូវការទឹកយ៉ាងហោចណាស់៨ ទៅ១២កែវក្នុងមួយថ្ងៃ ដើម្បីបញ្ចៀសកង្វះជាតិទឹក និងបំពេញជាតិទឹកដែលបាត់បង់ទៅតាមញើស ទឹកនោម ការបន្ទោបង់ និងការដកដង្ហើម។
យើងគួរញ៉ាំទឹកមុនពេលចូលគេងដែរឬទេ?
ជាមួយគ្នានេះដែរ ថ្វីត្បិតតែការញ៉ាំទឹកអាចជួយដល់ការសម្រកទម្ងន់បានក៏ពិតមែន ប៉ុន្តែយើងមិនគួរញ៉ាំនៅមុនពេលចូលគេងឡើយ ពីព្រោះវាអាចរំខានដល់ដំណេករបស់យើងបាន។ ប្រសិនបើយើងមិនបានគេងគ្រប់គ្រាន់នៅពេលយប់ វាអាចបង្កើនចំណង់អាហារ និងធ្វើឲ្យយើងចង់ញ៉ាំពពួកអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់។ លើសពីនេះ ការគេងមិនគ្រប់គ្រាន់ក៏អាចបង្កើនកម្រិតស្រ្តេស និងអាចប៉ះពាល់ដល់សុខភាពរបស់យើងថែមទៀតផង។
ញ៉ាំទឹកនៅពេលណាល្អបំផុត សម្រាប់ការសម្រកទម្ងន់?
ជាទូទៅ ការញ៉ាំទឹកមួយកែវមុនពេលញ៉ាំអាហារ ឬអាហារសម្រន់អាចជួយឲ្យយើងញ៉ាំតិចជាងមុន ជួយកាត់បន្ថយការស្រូបយកជាតិកាឡូរី ដែលល្អចំពោះការស្រកទម្ងន់។ យ៉ាងណាមិញ កង្វះជាតិទឹកអាចបង្កើនចំណង់អាហារ ដូចនេះ យើងគប្បីញ៉ាំទឹកឲ្យបានច្រើន ដើម្បីជួយរក្សាជាតិទឹក និងគ្រប់គ្រងចំណង់អាហារបានល្អ។
[embed-health-tool-bmr]