អតុល្យភាពប្រភេទ និងបរិមាណបាក់តេរីនៅក្នុងពោះវៀន អាចបង្កើនហានិភ័យនៃការកើតរោគសញ្ញាជំងឺកូវីដរយៈពេលវែង រហូតដល់ច្រើនសប្ដាហ៍ ឬដល់រាប់ខែ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា បាក់តេរីប្រភេទផ្សេងៗដែលរស់នៅក្នុងពោះវៀន ឬអតិសុខុមប្រាណអាចជះឥទ្ធិពលដល់ភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ព្រមទាំងកម្រិតប្រព័ន្ធភាពស៊ាំទៅនឹងការឆ្លងមេរោគ។
ហេតុនេះហើយ គ្នាយើងគប្បីថែទាំសុខភាពពោះវៀនឲ្យបានល្អ ដើម្បីជៀសផុតពីជំងឺរាតត្បាតដែលកំពុងតែកើតឡើងនេះ។
តិចនិកងាយៗក្នុងការថែទាំសុខភាពពោះវៀន
១. រក្សាជាតិទឹកក្នុងរាងកាយ
ការញ៉ាំទឹកគ្រប់គ្រាន់ជារៀងរាល់ថ្ងៃអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហារ។ ទឹកគឺជាសមាសធាតុសំខាន់នៃការរំលាយអាហារ និងធានាការស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ។ ប្រសិនបើយើងមិនបានញ៉ាំទឹកគ្រប់គ្រាន់ទេនោះ វានឹងបណ្ដាលឲ្យលាមករឹង ក៏ដូចជាប្រឈមនឹងការទល់លាមក។
២. ញ៉ាំអាហារមានជាតិProbioticដើម្បីជំនួយដល់ពោះវៀន
ការបន្ថែមជាតិProbioticទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយជំរុញការរំលាយអាហារ និងការធ្វើមេតាប៉ូលីស ពីព្រោះវាបង្កើតឡើងដោយបាក់តេរីល្អៗដែលជួយទ្រទ្រង់ដល់មុខងាររាងកាយ។ អាហារដែលសំបូរជាតិProbioticមានដូចជា ទឹកដោះគោជូរ ជ្រក់ និងសៀងជាដើម។
៣. បន្សាបជាតិពុលនៅក្នុងក្រពះ
ពិតណាស់ រាងកាយរបស់យើងពោរពេញទៅដោយជាតិពុល។ ដូច្នេះហើយ ការបន្សាបជាតិពុលនៅក្នុងរាងកាយនៅពេលព្រឹកព្រលឹមជាទម្លាប់ដ៏ល្អបំផុត។ គ្នាយើងអាចញ៉ាំទឹកក្ដៅឧណ្ហៗជាមួយនឹងក្រូចឆ្មារ ព្រមទាំងទឹកឃ្មុំដើម្បីបណ្ដេញជាតិពុលចេញពីរាងកាយ។ ការបណ្ដេញជាតិពុលពីរាងកាយជារៀងរាល់ថ្ងៃ មានសារសំខាន់ណាស់ដើម្បីការពារការបំផ្លាញពីរ៉ាឌីកាល់សេរី និងការរលាក ហើយការធ្វើបែបនេះជារៀងរាល់ថ្ងៃ ក៏អាចជួយពង្រឹងភាពស៊ាំរបស់យើងផងដែរ។
៤. សម្រាកឲ្យបានគ្រប់គ្រាន់
នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពោះវៀនដូចគ្នា។ ហេតុនេះហើយ យើងគប្បីគេងឲ្យបានយ៉ាងហោចណាស់៧ទៅ៨ម៉ោងជារៀងរាល់ថ្ងៃ ទើបជាការប្រសើរ។ ចូរសាកល្បងញ៉ាំតែបំបាត់ការថប់បារម្ភ ដូចជាតែជីរអង្កាម ឬតែMatcha មុនពេលចូលគេង ដើម្បីជួយឲ្យយើងគេងលក់ស្រួល។
៥. ហាត់ប្រាណជាទៀងទាត់
លំហាត់ប្រាណជាទៀងទាត់អាចជួយឲ្យអាហារផ្លាស់ទីទៅប្រព័ន្ធរំលាយអាហារ ក៏ដូចជាកាត់បន្ថយការទល់លាមក។ លើសពីនេះ ការហាត់ប្រាណក៏អាចជួយឲ្យយើងរក្សាទម្ងន់ខ្លួនបានល្អ និងផ្ដល់គុណប្រយោជន៍ច្រើនដល់សុខភាពប្រព័ន្ធរំលាយអាហារ។
៦. គ្រប់គ្រងកម្រិតស្រ្តេស
ស្រ្តេស ឬការថប់បារម្ភច្រើនអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងធ្វើការហួសកម្រិត។ ដូចនេះ គ្នាយើងអាចកាត់បន្ថយស្រ្តេសតាមរយៈការធ្វើសកម្មភាពលំហែកាយមួយចំនួនដែលយើងចូលចិត្ត ដូចជាស្ដាប់ចម្រៀង អានសៀវភៅ ឬដើរកម្សាន្តជាដើម។
៧. ញ៉ាំអាហារសុខភាព និងសម្បូរជាតិសរសៃ
ទន្ទឹមនឹងនេះដែរ អាហារដែលមានជាតិសរសៃខ្ពស់អាចជួយការពារ ឬព្យាបាលបញ្ហារំលាយអាហារផ្សេងៗដូចជាជំងឺឫសដូងបាត ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ និងជួយគ្រប់គ្រងទម្ងន់ខ្លួនបានល្អ។ ប៉ុន្តែ គ្នាយើងមិនគួរញ៉ាំអាហារដែលមានសំបូរទៅដោយជាតិសរសៃច្រើនពេកឡើយ។
[embed-health-tool-bmr]