ក្រៅពីបន្លែមិនស្អាត ទឹកកខ្វក់ ការញ៉ាំលៀសហាល និងពពួកខ្យងខ្ចៅច្រើនធ្វើឲ្យកើត និងប្រឈមមុខខ្ពស់នឹងជំងឺគ្រុនពោះវៀន។ នេះបើតាមលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានឲ្យដឹង។
លោកបន្តទៀតថា គ្រុនពោះវៀនជាជំងឺមួយតែងកើតលើអ្នករស់នៅមិនយកចិត្តទុកដាក់លើអនាម័យចំណីអាហារ ដោយមេរោគជំងឺនេះនៅជាមួយពពួកសត្វអស់ទាំងនោះ ហើយលៀសហាលមិនបានសម្លាប់មេរោគនោះទេ ព្រោះគ្រាន់តែហាលដោយពន្លឺថ្ងៃមួយសន្ទុះ ទើបមិនអាចសម្លាប់មេរោគនេះបាន ហេតុនេះអ្នកចូលចិត្តញ៉ាំលៀសហាល ខ្ចងខ្ចៅ គឺប្រឈមមុខខ្ពស់នឹងការកើតជំងឺមួយនេះ។
វេជ្ជបណ្ឌិតរូបនោះបន្តទៀតថា ប្រភេទសត្វទាំងនោះប្រជាជនយើងយកទៅធ្វើម្ហូបដោយចម្អិនក្នុងរយៈពេលខ្លី ឬមុខម្ហូបខ្លះមិនបានចម្អិនដោយប្រើភ្លើង ទើបពពួកមេរោគមិនសម្លាប់បានទាំងស្រុង។ ខាងក្រោមគឺជារបៀបឆ្លងជំងឺគ្រុនពោះវៀន និងវិធីការពារខ្លួនមួយចំនួន។
១- ឆ្លង
ជំងឺគ្រុនពោះវៀនជាប្រភេទជំងឺឆ្លងតាមចំណីអាហារ និងមានរបៀបឆ្លងពីរបែប គឺការឆ្លងដោយផ្ទាល់ និងការឆ្លងដោយប្រយោល។ ការឆ្លងដោយផ្ទាល់ គឺឆ្លងតាមរយៈដៃ ប្រសិនជាអ្នកជំងឺលាងដៃ ក្រោយពេលបន្ទោបង់មិនបានស្អាតត្រឹមត្រូវ ហើយទៅកាន់អាហារ ឬធ្វើម្ហូប ហើយមេរោគប្រឡាក់លើអាហារនោះ អ្នកដទៃយកមកញ៉ាំនឹងឆ្លងជំងឺនេះដែរ។ ការឆ្លងដោយប្រយោល ប្រសិនជាគេយកលាមករបស់អ្នកជំងឺទៅស្រោចបន្លែ ហើយគេយកបន្លែនោះមកលក់លើទីផ្សារ ហើយប្រជាជនទិញយកមកបរិភោគ ដោយមិនបានចម្អិនត្រឹមត្រូវ នឹងធ្វើឲ្យអ្នកញ៉ាំបន្លែឆៅនោះ ឆ្លងមេរោគគ្រុនពោះវៀន ព្រោះមេរោគនេះរស់នៅបានយូរក្រោមពន្លឺថ្ងៃ និងរស់បានកាន់តែយូរ ពេលវានៅក្នុងទឹក។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
២- រោគសញ្ញា
អ្នកជំងឺមានកម្ដៅ ក្នុងខ្លួនកើនឡើងបន្តិចម្ដងៗរហូតដល់ ៤០ អង្សាសេ។ អាការៈរបស់អ្នកជំងឺ ដូចជាដេកមិនលក់ អស់កម្លាំង ហូបបាយមិនបាន ពិសេសមានឈឺពោះអួលៗ ទល់លាមក រាក អណ្ដាតមានពណ៌ស និងសញ្ញាសំខាន់មួយទៀត គឺគ្រូពេទ្យចុចទៅម្ដុំកណ្ដៀតក្អម គឺមានសំឡេងខ្យល់ខុសធម្មតា។ អ្នកជំងឺខ្លះមានរោគសញ្ញាសឺៗ ស្មឿកៗ ប៉ុន្តែអ្នកជំងឺខ្លះទៀតមិនមានរោគសញ្ញានោះទេ តែគេអាចរកឃើញមេរោគនោះ តាមរយៈលាមករបស់អ្នកជំងឺ។ បន្ទាប់ពីមានរោគសញ្ញា ៣-៤ ថ្ងៃ ដល់មួយសប្ដាហ៍ គឺកម្ដៅក្នុងខ្លួនរបស់អ្នកជំងឺឡើងដល់ ៤០ អង្សាសេថេរ មិនថយចុះនោះទេ ហើយដំណាក់កាលធ្ងន់ធ្ងរ គឺអ្នកជំងឺមានដំបៅក្នុងមាត់ និងមានស្នាមអុចៗពណ៌ផ្កាឈូកនៅចំហៀងពោះរបស់អ្នកជំងឺផងដែរ ឬក៏អាចធ្លាយពោះវៀន។ មិនមែនជំងឺនេះកាចសាហាវឡើយ ប៉ុន្តែវាមានការការពារមិនឲ្យឆ្លង ដូចជំងឺជាច្រើនទៀតសុទ្ធតែមានវិធី បង្ការការពារមិនឲ្យឆ្លងបានផងដែរ។
៣- របៀបធ្វើរោគវិនិច្ឆយ
– យកឈាម ឬលាមកអ្នកជំងឺធ្វើការបណ្ដុះរកមេរោគគ្រុនពោះវៀន។
– ការធ្វើតេស្តឈាម អាចមានការកើនឡើងគ្រាប់ឈាមសជាភ្នាក់ងារប្រឆាំងនឹងមេរោគបាក់តេរី ជាពិសេសប្រភេទ PN ហើយ CRP អាចកើនឡើងជាងធម្មតាដែលបញ្ជាក់ពីការរលាក។
៤- ការការពារ
– ទី១ ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូឲ្យបានស្អាត នៅមុនពេលចំអិនម្ហូប និងមុនញ៉ាំអាហារ
– ទី២ ប្រសិនជាមានអ្នកជំងឺ ត្រូវដាក់អ្នកជំងឺដាច់ដោយឡែក
– ទី៣ ជំងឺនេះឆ្លងតាមទឹក ហេតុនេះត្រូវតែប្រើប្រាស់ទឹកស្អាត គឺទឹកដាំទឹកឲ្យពុះ ប៉ុន្តែមានទឹកជំនន់ គឺគេប្រើប្រាស់ក្លរីនដាក់ ចូលក្នុងទឹក ដែលធ្វើឲ្យទឹកនោះមានសុវត្ថិភាពអាចផឹកបាន
– ទី៤ ចៀសវាងចំណីអាហារ បន្លែ ឆៅៗ។
វិធីបង្ការបន្ទាប់៖ មានវ៉ាក់សាំងចាក់ការពារ តែមិនសូវមានប្រសិទ្ធភាព។ អ្នកណាខ្លះប្រឈមមុខនឹងការឆ្លងជំងឺនេះច្រើនជាងគេ? គឺអ្នករស់នៅតំបន់គ្មានអនាម័យ កង្វះបង្គន់អនាម័យ កង្វះទឹកស្អាតប្រើប្រាស់ ពោលគឺក្រុមប្រជាជនដែលមានការយល់ដឹងតិច ពីការធ្វើអនាម័យ។
គួរអាន៖
- ជំងឺគ្រុនពោះវៀន កើតដោយសារអ្វី? គួរធ្វើម៉េច?
- គ្រុនពោះវៀនលើក្មេង ព្យាបាលមិនទាន់អាចហូរឈាមក្នុងពោះវៀន
- រលាកខ្នែងពោះវៀន បើវះកាត់មិនទាន់ពេល អាចស្លាប់បាន
- ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត
- អាហារ និងប្រការគួរចៀសវាងពេលពពោះ
[embed-health-tool-bmr]