ក្មេងវ័យជំទង់ ជាវ័យក្លាហាន ចង់សាកល្បងធ្វើនេះធ្វើនោះ ជាពិសេសអ្វីៗដែលថ្មី ហើយក៏ជាវ័យប្រឈមនឹងបញ្ហាចោទជាច្រើនដែរ។ ខាងក្រោមនេះជាបញ្ហាធំៗឧស្សាហ៍កើតលើក្មេងជំទង់ញឹកញាប់បំផុត។ តើបញ្ហាទាំងនោះមានអ្វីខ្លះ?
១. គ្រឿងស្រវឹង គ្រឿងញៀន
បច្ចុប្បន្នគ្រឿងញៀន គ្រឿងស្រវឹង កំពុងវាយលុកយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ ដែលនេះជាកង្វល់របស់ឪពុកម្តាយ។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នៃគ្លីនិកផ្លូវចិត្ត Sunrise បានបញ្ជាក់ថា វិបត្តិគ្រួសារ សេដុ្ឋកិច្ច ការបរាជ័យរឿងអីមួយ ជាពិសេសយុវវ័យសម័យនេះ ពិបាកចិត្តច្រើនក្នុងវិបត្តិស្នេហា ហើយវាអាចធ្វើឲ្យយុវវ័យងាកទៅរកការផឹកស្រា ខ្លះប្រើគ្រឿងញៀន ដើម្បីបំបាត់ភាពសោកសៅ ហើយមិនចេះគ្រប់គ្រងខ្លួន គិតមិនបានវែងឆ្ងាយទេនោះ វាអាចបណ្តាលឲ្យគិតដល់ចង់សម្លាប់ខ្លួន។
២. ញៀននឹងគ្រឿងអេឡិកត្រូនិក
សម័យបច្ចេកវិទ្យាក្មេងណាក៏ចេះប្រើគ្រឿងអេឡិកត្រូនិក ដូចជា ទូស័ព្ទ កុំព្យូរទ័រតាំងពីតូច។ ចំពោះយុវវ័យវិញបើញៀននឹងលេងទូរស័ព្ទ ឆាតឆ្លងឆ្លើយជាមួយមិត្តភក្តិ មើលរឿង លេងហ្គេម រហូតដាច់បាយដាច់ទឹក លែងខ្វល់ជាមួយអ្នកផ្ទះ និងការសិក្សារៀនសូត្រក៏មាន។
៣. ស្ត្រេស បាក់ទឹកចិត្ត
យើងធ្លាប់ឮតែមនុស្សចាស់ស្ត្រេស បាក់ទឹកចិត្ត តែក្មេងជំទង់ក៏ស្ត្រេសមិនណយដែរ។ កត្តាជាច្រើនអាចនាំឲ្យយុវវ័យបាក់ទឹកចិត្ត ដូចជា គេងមិនគ្រប់ ទម្លាប់ញ៉ាំអាហារមិនល្អ អត់ហាត់ប្រាណ សុទ្ធសឹងជាហេតុផលនាំឲ្យយុវវ័យកាន់តែប្រឈមជំងឺបាក់ទឹកចិត្ត។ សម្ពាធនៅសាលា បញ្ហាលុយកាក់ សង្គម និងគ្រួសារ កាន់តែជំរុញឲ្យគ្នាយើងចង់បោះបង់ចោលការសិក្សា ខ្លះទៀតអាចនឹងឈានដល់សម្លាប់ខ្លួនក៏មាន។