គ្នាយើងពិតជាធ្លាប់ឮហើយឃ្លាថា «សើចច្រើនចម្រើនអាយុ» ជាមិនខាន។ តើការលើកឡើងបែបនេះមានភស្តុតាងបែបវិទ្យាសាស្រ្តដែរឬទេ។ ពិតណាស់ មានការសិក្សាជាច្រើនបានបង្ហាញថាមនុស្សដែលសុទិដ្ឋិនិយមច្រើន គឺជាមនុស្សមានហានិភ័យទាបលើជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ក៏ដូចជាអាចកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺមហារីក និងមេរោគឆ្លងជាដើម។
១. ការសិក្សាបង្ហាញភស្តុតាងអ្វីខ្លះ?
ការសិក្សានៅ the National Academy of Sciences បានរកឃើញថាអ្នកមានគំនិតសុទិដ្ឋិនិយមច្រើន គឺមានអាយុវែង។ ការសិក្សាបានរកឃើញថាអ្នកមាន សុទិដ្ឋិនិយមច្រើន អាចរស់បានដល់អាយុវែងជាង៨៥ឆ្នាំ។ ការសិក្សានេះធ្វើលើស្រ្តីចំនួន៧០ ០០០នាក់ និងបុរស១ ៤០០នាក់។
ការសិក្សានេះក៏បានវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ ជំងឺ និងបញ្ហាថប់បារម្ភ ផងដែរ និងនៅតែរកឃើញថាអ្នកដែលមានភាពរីករាយច្រើន អាចបន្ថយហានិភ័យស្លាប់លឿន៣៥ភាគរយ។ ដូចគ្នាដែរ ការសិក្សាផ្សេងៗមួយចំនួនទៀត ក៏បានរកឃើញដែរថា អ្នកមានគំនិតវិជ្ជមានច្រើនជាងអវិជ្ជមាន ក៏អាចមានអាយុវែងដែរ។
ការសិក្សាបញ្ជាក់ថា អ្នកមានគំនិតវិជ្ជមាន ឬសប្បាយច្រើន តែងធ្វើការងារបានល្អ មានទំនាក់ទំនងល្អ មានប្រព័ន្ធភាពស៊ាំខ្លាំង មិនសូវមានបញ្ហាដំណេក មិនសូវមានបញ្ហាស្រ្តេស និងមានសុខភាពល្អ ជាហេតុនាំឲ្យមានអាយុវែង។
២. ធ្វើដូចម្ដេចក្លាយជាមនុស្សរីករាយ?
សាស្រ្តាចារ្យសាកលវិទ្យាល័យHarvard លោក Robert Waldinger មានប្រសាសន៍ថាមនុស្សមានទំនាក់ទំនងក្នុងសង្គម និងក្នុងគ្រួសារល្អ ជាមនុស្សដែលរីករាយ និងមានសុខភាពរាងកាយល្អ និងអាចរស់នៅបានអាយុវែងជាងមនុស្សដែលមិនសូវមានទំនាក់ទំនងក្នុងសង្គម។ ដូចគ្នាដែរ អ្នកដែលទុកខ្លួនឲ្យនៅតែម្នាក់ឯង ឬដាច់ពីអ្នកដទៃ ដូចធ្វើឲ្យមានជាតិពុលនៅក្នុងខ្លួនដូចនេះដែរ។
សាស្រ្តាចារ្យរូបនេះបញ្ជាក់ទៀតថា ភាពរីករាយមិនមែនសំដៅតែលើទ្រព្យសម្បត្តិ ឬកេរ្តិ៍ឈ្មោះ ឬការខិតខំធ្វើការធ្វើឲ្យធ្វើទៀតនោះទេ តែវាកើតចេញពីទំនាក់ទំនងល្អ ដែលធ្វើឲ្យមនុស្សយើងសប្បាយចិត្ត និងមានសុខភាពល្អ។
លោកលើកជាឧទាហរណ៍ក្នុងទំនាក់ទំនងប្ដីប្រពន្ធមិនចុះសម្រុងគ្នា អាចធ្វើឲ្យអ្នកទាំងពីរមានបញ្ហាសុខភាព ហើយអាចអាក្រក់ជាងការលែងលះគ្នាទៅទៀតផង។ ផ្ទុយទៅវិញការរស់នៅក្នុងសភាពគ្រួសារកក់ក្ដៅ និងមានទំនាក់ទំនងល្អនឹងជួយដល់សុខភាព។