អាពាហ៍ពិពាហ៍ ត្រូវចាត់ទុកជាផ្នែកមួយសំខាន់ក្នុងជីវិតយើងម្នាក់ៗ ក៏ជាការចាប់ផ្តើមប្រឡូកក្នុងសង្គមជីវិតថ្មីមួយផងដែរ។ អាពាហ៍ពិពាហ៍ ជួយទាំងទំនាក់ទំនងផ្លូវភេទ ផ្លូវចិត្ត និងផ្លូវកាយ រវាងប្តីប្រពន្ធ កាន់តែប្រសើរ ហើយក្រោយរៀបការ យើងអាចនឹងទទួលបានគុណប្រយោជន៍ខ្លះៗ ពីជីវិតអាពាហ៍ពិពាហ៍។
១- គុណសម្បត្តិនៃជីវិតអាពាហ៍ពិពាហ៍
របាយការណ៍សិក្សាពាក់ព័ន្ធជីវិតអាពាហ៍ពិពាហ៍ បង្ហាញថា ក្រោយរៀបការ កាន់តែធ្វើឲ្យជីវិតយើងមានន័យថែមទៀត ពិសេសអាចបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់ក្រុមគ្រូសារ ដល់ទៅ ២ដងកន្លះ បើធៀបនឹង មុនពេលរៀបការ។ ការសិក្សាដដែល ប្តីប្រពន្ធ ៣គូ ក្នុងចំណោមប្តីប្រពន្ធទើបចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ ១០គូ គឺទទួលបានការងារល្អជាងមុន ហើយ ២/៣ ក្នុងចំណោមគ្រួសារថ្មីថ្មោង បង្ហាញពីការពេញចិត្តជីវិតអាពាហ៍ពិពាហ៍ ជាងពេលនៅលីវ។
តាមការសិក្សាផ្នែកចិត្តវិទ្យា សង្គមវិទ្យា និងប្រជាសាស្ត្រ គ្នាយើងរៀបការរួច គឺមានសុខភាពផ្លូវចិត្ត និងផ្លូវកាយ ល្អជាងអ្នកនៅលីវ ពិសេសអាចជួយកាត់បន្ថយ ឬផ្តាច់ការប្រើគ្រឿងញៀន ចៀសផុតបញ្ហាបាក់ទឹកចិត្តទៀតផង។
ទោះបីការសិក្សា បញ្ជាក់ថា គ្នាយើងរៀបការរួច មានប្រាក់ចំណូលច្រើនជាង គ្នាយើងនៅលីវក៏ពិតមែន ប៉ុន្តែការសិក្សារកឃើញដែរថា គ្នាយើងមានប្រាក់ចំណូលខ្ពស់ប្រចាំខែ គឺមានឱកាសកាន់តែខ្ពស់ ជាងគ្នាយើងមានចំណូលទាប ងាយរកបានដៃគូជីវិត ដើម្បីបង្កើតគ្រួសារមានសុភមង្គលមួយ។
អត្ថបទពាក់ព័្ធ៖
- “ស្នេហា” មានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ
- សង្សារក៏ដោយ ប្ដីប្រពន្ធក៏ដោយ អាចបែកគ្នា បើធ្វើរឿង ៨ យ៉ាងនេះ
២- អាពាហ៍ពិពាហ៍រួមចំណែកអ្វីខ្លះសម្រាប់ជីវិតរស់នៅ?
អាពាហ៍ពិពាហ៍ ធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួន អាចបំបាត់បញ្ហាស្ត្រេស ចេះតស៊ូ ពុះពារបញ្ហា តាមរយៈការចែករំលែកបញ្ហាទៅវិញទៅមក ដើម្បីជួយគ្នាស្វែងរកដំណោះស្រាយត្រឹមត្រូវ។ មួយទៀត អាចនៅកៀកកើយគ្នា ស្និទស្នាលជាមួយមនុស្សយើងស្រលាញ់ ធ្វើឲ្យចាកឆ្ងាយអារម្មណ៍កំព្រាឯកា។
យ៉ាងណា តាមរយៈការសិក្សាប៉ុន្មានឆ្នាំចុងក្រោយ គ្នាយើងរៀបការរួច និងមិនទាន់រៀបការ ហាក់មានសេចក្តីសុខមិនខុសគ្នាប៉ុន្មាននោះដែរ។ ដោយសារជីវិតគ្រូសារខ្លះប្រឈមបញ្ហាច្រើន ឯគ្នាយើងនៅលីវ ហាក់ពេញចិត្តនឹងជីវិតភាពរស់នៅម្នាក់ឯង កាន់តែច្រើនជាងមុន។
មិនមែនគ្រប់ជីវិតអាពាហ៍ពិពាហ៍ សុទ្ធតែបង្កើតសុភមង្គល ឬភាពសោកសៅនោះឡើយ កត្តាចម្បង គឺខ្លួនយើងផ្ទាល់ ជាអ្នកគ្រប់គ្រង រៀបចំជីវិតអាពាហ៍ពិពាហ៍របស់យើង ឲ្យក្លាយជាជីវិតសប្បាយរីករាយពិតប្រាកដមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕