កន្ទាលត្រអាក បើស្តាប់ទៅ អាចជាបញ្ហាស្បែកធម្មតាៗ ប៉ុន្តែក៏គួរឲ្យធុញទ្រាន់ដោយ ធ្វើឲ្យយើងរមាស់ រកដេកពួនមិនបាន។ ចុះគ្នាយើងណាខ្លះឧស្សាហ៍ចេញកន្ទាលត្រអាក? ក្នុងលក្ខខណ្ឌធម្មតា កន្ទាលត្រអាកមិនគួរឲ្យខ្លាចទេ ប៉ុន្តែករណីខ្លះ ឡើងកន្ទាលត្រអាក ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន នាំឲ្យយើងឡើងកន្ទាលត្រអាក។
១- ស្ត្រេស
អ្នកស្រាវជ្រាវលើកឡើងថា ស្ត្រេស ក៏ជាមូលហេតុចម្បងមួយនាំឲ្យងាយមានបញ្ហាកន្ទាលត្រអាករ៉ាំរ៉ៃ ជាភាសាបច្ចេកទេសហៅថា Chronic Urticaria ឬ Chronic Hives។ ទោះអ្នកវិទ្យាសាស្ត្រ នៅមិនទាន់មានភស្តុតាងច្បាស់ដើម្បីបញ្ជាក់នៅឡើយ ប៉ុន្តែកម្រិតស្ត្រេស ត្រូវគេរកឃើញអាចធ្វើឲ្យបញ្ហាកន្ទាលត្រអាកកាន់តែធ្ងន់ធ្ងរ និងកើតឡើងរយៈពេលយូរ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត
២- សីតុណ្ហភាព
ការប្រែប្រួលសីតុណ្ហភាព អាចធ្វើឲ្យគ្នាយើងមួយចំនួនវិវត្តទៅរកបញ្ហាឡើងកន្ទួលរមាស់ក្រហមលើស្បែក ដែលហៅថា កន្ទាលត្រអាក។ គ្នាយើងខ្លះ សុខភាពស៊ាំនឹងអាកាសធាតុត្រជាក់ នៅពេលប៉ះពាល់ជាមួយអាកាសធាតុក្តៅ អាចនឹងឡើងកន្ទាលត្រអាក ខណៈមួយចំនួនទៀត ងាយឡើងកន្ទាលត្រអាក នៅពេលបើកញើស។
៣- ទំនាក់ទំនងរាងកាយ
ការត្រដុសស្បែក កកិត ឬខ្វាច សម្ពាធ ក៏ដូចជាពិបាកចិត្ត សុទ្ធតែអាចបង្កឲ្យគ្នាយើងកើតមានកន្ទាលត្រអាក ខណៈពន្លឺព្រះអាទិត្យ ក៏អាចបង្កកន្ទាលត្រអាកដូចគ្នា។
៤- ជំងឺក្រពេញទីរ៉ូអ៊ីត
ជំងឺប្រព័ន្ធភាពស៊ាំទីរ៉ូអ៊ីត (Autoimmune Thyroid) គឺមានទំនាក់ទំនង ទៅនឹងករណីមួយចំនួនដែលកើតមានកន្ទាលត្រអាក។ អ្នកវិទ្យាសាស្ត្រ កំពុងស្រាវជ្រាវ និងពិនិត្យទៅលើលក្ខខណ្ឌមួយចំនួន ពិសេស ក្នុងករណីយើងមានបញ្ហាកន្ទាលត្រអាករ៉ាំរ៉ៃ ដែលមិនដឹងមូលហេតុ។
៥- ជំងឺថ្លើម
ជំងឺរលាកថ្លើមប្រភេទ B ជាប្រភេទមួយនៃជំងឺថ្លើម ដែលមានទំនាក់ទំនងផ្ទាល់ជាមួយបញ្ហាកន្ទាលត្រអាករ៉ាំរ៉ៃ។ ទោះយ៉ាងណា គ្នាយើងមួយចំនួន មានជំងឺរលាកថ្លើមប្រភេទ C ក៏មានទំនោរច្រើនវិវត្តទៅរកបញ្ហាកន្ទាលត្រអាករ៉ាំរ៉ៃ នាំឲ្យអ្នកស្រាវជ្រាវ កំពុងសម្លឹងមើលកត្តាអាចទៅរួចណាមួយ ពីទំនាក់ទំនងរវាងបញ្ហាសុខភាពទាំងពីរ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺដំបៅក្រពះ
- ឧស្សាហ៍ចុកទ្រូង អាចបណ្ដាលមកពីមូលហេតុទាំងនេះ
- ត្រូវបំបៅដោះកូនឲ្យបានប៉ុន្មានខែ ទើបសុខភាពកូនល្អ?
៦- មហារីក
ទោះជារឿងកម្រក៏ពិតមែន ប៉ុន្តែករណីមួយចំនួនតូច ជំងឺមហារីក ក៏មានទំនាក់ទំនងជាមួយបញ្ហាកន្ទាលត្រអាក។ លើសពីនេះ ការស្រាវជ្រាវស៊ីជម្រៅ តែងតែលើកឡើងថា គ្នាយើងដែលមានបញ្ហាកន្ទាលត្រអាករ៉ាំរ៉ៃ កាន់តែប្រឈមខ្ពស់វិវត្តទៅរកជំងឺមហារីក ពិសេសមហារីកគ្រប់ឈាម ឬមហារីកឈាមសជាដើម។ ប៉ុន្តែការលើកឡើងថា អ្នកស្រាវជ្រាវអះអាង ត្រូវការសិក្សាបន្ថែមទៀត។
៧- ជំងឺក្រពះពោះវៀន
នៅពេលដែលយើងព្យាយាមព្យាបាល ឬបំបាត់រោគសញ្ញាឈឺពោះ ឈឺក្រពះ ហើមពោះ ឬរោគសញ្ញាដទៃទៀតរបស់ជំងឺក្រពះពោះវៀននោះ ករណីកន្ទាលត្រអាក ក៏អាចបាត់ទៅតាមនឹងដែរ ព្រោះបញ្ហាកន្ទាលត្រអាករ៉ាំរ៉ៃ មានទំនាក់ទំនងផ្ទាល់ជាមួយលក្ខខណ្ឌសុខភាពប្រព័ន្ធភាពស៊ាំ និងជំងឺក្រពះពោះវៀន ដែលសុទ្ធតែត្រូវចាត់ទុកជាជំងឺប្រព័ន្ធភាពស៊ាំ។
៨- ជំងឺសើស្បែក Lupus
ដូចជាយើងកត់សម្គាល់ឃើញ មានបញ្ហាជំងឺស្វ័យភាពស៊ាំ (Autoimmune disease) មានទំនាក់ទំនងច្រើនជាមួយបញ្ហាកន្ទាលត្រអាករ៉ៃរ៉ាំ ខណៈជំងឺ Lupus ក៏ស្ថិតក្នុងចំណោមជំងឺទាំងនោះដូចគ្នា។ ទោះមិនមែនជារឿងឧស្សាហ៍កើតមាន ប៉ុន្តែគ្នាយើងមួយចំនួន ចាប់ផ្តើមរោគសញ្ញាកន្ទាលត្រអាកដោយសារជំងឺស្វ័យភាពស៊ាំ ដែលជារោគសញ្ញាដំបូងរបស់ជំងឺ Lupus។
អត្ថបទពាក់ព័ន្ធ៖
- ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ ២នេះ
- ពលរដ្ឋវៀតណាម កើតជំងឺក្រពះ-ពោះវៀនច្រើនជាងគេ ដោយសារអី?
- ញ៉ាំ”ហ្វៃបឺរ” ក្រៅពីជួយក្រពះពោះវៀន មានប្រយោជន៍ខ្លាំងស្មានមិនដល់
៩- មិនដឹងប្រភព
ក្រៅពីបញ្ហាសុខភាពជាក់លាក់ខាងលើ កត្តាគួបផ្សំមួយចំនួនទៀត សុទ្ធតែអាចបង្កឲ្យមានកន្ទាលត្រអាករ៉ាំរ៉ៃ ដោយភាគច្រើនមានទំនាក់ទំនង ប៉ុន្តែមិនមែនជាឈឺជាក់លាក់ណាមួយនោះទេ ដោយអាចនិយាយបានថា កន្ទាលត្រអាករ៉ាំរ៉ៃមិនដឹងប្រភព ឬជំងឺ Chronic idiopathic urticaria។ យ៉ាងណា ដំណឹងល្អសម្រាប់យើង កន្ទាលត្រអាកមិនដឹងប្រភព គឺអាចព្យាបាលបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕