មានសុខភាពល្អ គឺជារឿងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដូចនេះហើយយើងតែងខំប្រឹងប្រែងរករបស់ញ៉ាំល្អៗ ឬធ្វើសកម្មភាពផ្សេងៗ ឲ្យតែដឹងថា មានប្រយោជន៍ដល់រាងកាយ។ តែទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតជំងឺទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា ៣ យ៉ាងនេះជាការប្រព្រឹត្តខុសទេ ព្រោះតែមិនបានគិតដល់សុខភាព៖
១- មិនហាត់ប្រាណ តែទិញរបស់បញ្ចុះជាតិពុល
បច្ចុប្បន្ននៅតាមអនឡាញកំពុងតែពេញនិយមការលក់ផលិតផលផ្សេងៗធ្វើឲ្យស្គម ធ្វើឲ្យសទាំងមិនដឹងច្បាស់ថា ផលិតផលអស់ទាំងនោះពិតជាជួយបានឬក៏អត់ និងប៉ះពាល់ដល់អ្វីខ្លះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះចង់ស្គម ចង់ស្អាត តែការញ៉ាំដោយមិនខ្វល់ ហើយមិនគិតហាត់ប្រាណ ឬធ្វើសកម្មភាពឲ្យចេញញើសទៅវិញ។
២- ញ៉ាំមិនគិត ហើយទៅពិនិត្យសុខភាព
ការពិនិត្យសុខភាពមិនមែនជារឿងខុសឆ្គងអ្វីឡើយ តែបើគិតតែពិនិត្យសុខភាព ទាំងមិនបានថែទាំតើមានន័យអ្វី។ ការគិតគូរដល់សុខភាពពិតជាត្រឹមត្រូវណាស់ រឹតតែត្រឹមត្រូវកុំផឹកគ្រឿងស្រវឹង ជក់បារី ឬសារធាតុញៀនដទៃទៀតនោះទើបប្រពៃ។ ឧទាហរណ៍ងាយៗ មនុស្សទៅមើលជាតិស្ករ ព្រោះខ្លាចមានជំងឺទឹកនោមផ្អែម ខ្លាចលើសសម្ពាធឈាម ទាំងដែលញ៉ាំរកតែរបស់ផ្អែម និងផឹកភេសជ្ជៈកំប៉ុងរាល់ថ្ងៃ ដោយមិនស្វែងយល់សោះថា គ្រឿងកំប៉ុងអស់ទាំងនោះមានជាតិស្ករប៉ុន្មាន ផ្សំពីអ្វីខ្លះ។
៣- វក់ជាមួយគ្រឿងអេឡិចត្រូនិក
បច្ចុប្បន្នមានយុវវ័យជាច្រើនវក់ជាមួយគ្រឿងអេឡិចត្រូនិកខ្លាំងមែនទែន ទាំងអ្នកខ្លះជាប់ដៃធ្វើការ និងខ្លះទៀតលេងកម្សាន្ត ដើម្បីបំបាត់អផ្សុក។ មិនថាអ្នកធ្វើការ ឬមិនធ្វើការទេ ឲ្យតែនៅជាមួយរបស់នោះច្រើនពេកធ្វើឲ្យការគេងធ្លាក់ចុះប៉ះពាល់ទៅដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដោយសារតែបែបនេះហើយ ទើបអ្នកខ្លះពេលព្រឹកឡើងនៅតែមានអារម្មណ៍ងងុយ ឈឺក្បាល វិលមុខ ឈឺភ្នែក និងមិនស្រឡះក្នុងខ្លួន ព្រោះមិនបានគេងគ្រប់គ្រាន់ ដែលទង្វើនេះហើយនាំឲ្យសុខភាពធ្លាក់ចុះផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- ខ្យល់កខ្វក់ក្នុងបរិយាកាសជាឃាតករលាក់មុខ ត្រូវប្រុងប្រយ័ត្ន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕