ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ជំងឺបាក់ទឹកចិត្ត ជាជំងឺផ្លូវអារម្មណ៍មួយប្រភេទ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍សោកសៅ និងបាត់បង់ចំណង់រាល់សកម្មភាពធ្លាប់ចូលចិត្តពីមុន។ ជំងឺបាក់ទឹកចិត្តមិនមែនជាជំងឺដែលយើងគួរធ្វើមិនដឹងមិនឮដាក់ទេ ព្រោះបើដល់ដំណាក់កាលដែលទប់អារម្មណ៍លែងបាន អ្នកជំងឺអាចបញ្ចប់ជីវិតខ្លួនឯងបានមួយរំពេច។
ទោះជាជំងឺនេះជាបញ្ហាផ្លូវអារម្មណ៍ ប៉ុន្តែវាក៏ប៉ះពាល់ទៅដល់រាងកាយរបស់យើងមិនតិចដែរ ហើយផលប៉ះពាល់ទាំងនោះមាន៖
– មានបញ្ហាក្នុងការចងចាំ និងការសម្រេចចិត្ត
– គិតពីអ្វីអវិជ្ជមានច្រើន(ធ្វើបាបខ្លួនឯង ឬអត្តឃាត)
– ពិបាកគេង ឬគេងច្រើនហួស
– អារម្មណ៍មិនដែលល្អ ឬអារម្មណ៍ទទេស្អាត(គ្មានអារម្មណ៍ធ្វើអ្វីៗទាំងអស់)
– ហានិភ័យខ្ពស់កើតជំងឺបេះដូង
– បាត់បង់ចំណង់អាហារ ឬញ៉ាំលើសកម្រិត បង្កឲ្យឈឺក្រពះ កើតជំងឺធាត់ ឬជំងឺកង្វះអាហារូបត្ថម្ភ។ល។
– ឈឺចុកចាប់ដោយគ្មានមូលហេតុដូចឈឺក្បាល ចុកដៃជើង ចុកខ្នងជាដើម (ទោះលេបថ្នាំបំបាត់ការឈឺចាប់ក៏មិនធូរស្រាល)
– កម្លាំងខ្សោយ ហត់ល្ហិតល្អៃ
– ប្រព័ន្ធភាពស៊ាំថយចុះ
– បាត់បង់ចំណង់ផ្លូវភេទ។ល។
កាលដែលមានអារម្មណ៍សោកសៅ ឬថប់បារម្ភម្ដងម្កាល គឺជារឿងធម្មតានៅក្នុងជីវិតរស់នៅរបស់យើងម្នាក់ៗ ប៉ុន្តែប្រសិនបើអារម្មណ៍បែបនេះកើតឡើងលើសពី ២សប្ដាហ៍វាអាចជាសញ្ញារបស់ជំងឺបាក់ទឹកចិត្ត។ វាជះឥទ្ធិពលដល់អារម្មណ៍ ការគិត និងអាកប្បកិរិយា ថែមទាំងអាចបង្កបញ្ហាផ្សេងៗជាច្រើន ទាំងផ្លូវចិត្ត និងផ្លូវកាយ។
វេជ្ជបណ្ឌិតជំនាញវិកលវិទ្យា លោក យឹម សុបុត្រា បញ្ជាក់ឲ្យដឹងថា បញ្ហាផ្លូវចិត្តមិនអាចប្រសើរឡើងបានដោយឯកឯងទេ ហើយបើមិនទទួលបានការព្យាបាលទេនោះ បញ្ហានេះអាចកាន់តែធ្ងន់ធ្ងរទៅតាមពេលវេលា និងបង្កបញ្ហាធ្ងន់ធ្ងរ។ ដូចនេះហើយ បើគិតថាខ្លួនមានអាការៈដូចដែលបានរៀបរាប់ខាងលើ គួររកអ្នកចែករំលែករឿងរ៉ាវ ឬទៅរកគ្រូពេទ្យជំនាញដើម្បីជួយសម្រួលបញ្ហាឲ្យបានធូរស្បើយ។