backup og meta

Schizophrenia (ស្វែងយល់អំពីជំងឺវិកលចរិត )

Schizophrenia (ស្វែងយល់អំពីជំងឺវិកលចរិត )

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ

១- អ្វីទៅជាជំងឺវិកលចរិត (Schizophrenia)?

ជំងឺ​​វិកលចរិត ឬ​​ជំងឺ​ស្គីហ្សូហ្វ្រេនៀ (Schizophrenia) គឺជា​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គិត។​ អ្នកមានជំងឺនេះ​​នាំ​ឲ្យ​​មិន​អាច​បែក​ចែក​បាន​ថា​អ្វី​ជា​ការ​ពិត ឬ​មិន​ពិត។ ការ​គិត​របស់អ្នកជំងឺ​​​អាច​ប្រែ​ទៅ​ជា​លឿន ឬ​ក៏​យឺត​ជាង​មុន ឬ​ក៏​គាំង​តែ​ម្តង ជាហេតុ​នាំ​ឲ្យ​ល្បឿន​នៃ​ការ​និយាយ​ស្តី​របស់អ្នកជំងឺ​​ក៏​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ផង​ដែរ។ មិន​​តែ​ប៉ុណ្ណោះ ​សមត្ថភាព​នៃ​ការ​គិត​ពិចារណា ការ​ចងចាំ ឬ​ក៏​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​របស់អ្នកទាំង​នោះ​​អាច​នឹង​ធ្លាក់​ចុះ ឬ​ក៏​បាត់បង់​ទៀត​ផង។

អ្នក​ជំងឺ​វិកលចរិត អាច​នឹង​មាន​អាកប្បកិរិយា​ប្លែកៗ​ខុស​ពី​គេ​ដោយ​សារ​តែ​ពួក​គេ​អាច​ស្តាប់​ឮនូវ​​អ្វី​ដែល​មិន​ពិត មើល​ឃើញ​នូវ​អ្វី​​ដែល​អ្នក​ដទៃ​មើល​មិន​ឃើញ បក​ប្រែ​ព័ត៌មាន​ដែល​ទទួល​បាន​ខុស​ពី​ការ​ពិត ប្រយ័ត្ន​ប្រយែង​ហួសហេតុ និង​មាន​អារម្មណ៍​ឆេវឆាវ​អាច​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​ទៀត​ផង​។ ដោយ​សារ​តែ​ជំងឺ​វិកល​ចរិត​នេះ​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ វា​​តម្រូវ​ឲ្យ​ធ្វើ​ការ​ព្យាបាល​មួយ​ជីវិត។

អត្ថបទពាក់ព័ន្ធ៖ Major depression (ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ)

២- ជំងឺវិកលវរិក​កើតឡើងញឹកញាប់ប៉ុនណា?

ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ មាន​មនុស្ស​ប្រមាណ​ជា ១​ភាគរយ មាន​ជំងឺ​វិកលចរិតនេះ មាន​ន័យ​ថា​ក្នុង​ចំណោម ១០០​នាក់ មាន​ម្នាក់​អាច​កើត​​ជំងឺ​នេះ។ បើ​ធៀប​ទៅ​តាម​ភេទ​វិញ ទាំង​បុរស ទាំង​ស្រី​ សុទ្ធ​តែ​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ដូច​គ្នា គ្រាន់​តែ ភាគ​ច្រើន​មនុស្ស​ប្រុស​ចាប់​ផ្តើម​​កើត​ពី​ពេល​ពេញ​វ័យ​ទៅ​ដល់​អាយុ ២៥។ ចំណែក​ឯ​ស្ត្រី​វិញ ភាគ​ច្រើន​ចាប់​ផ្តើម​កើត​ជំងឺ​នេះ​ចាប់​ពី​វ័យ ២៥​ឆ្នាំ​ឡើង​ទៅ។

ស្វែងយល់អំពីរោគសញ្ញា

១- ជំងឺវិកលចរិតមានរោគសញ្ញាអ្វីខ្លះ?

រោគ​សញ្ញា​ចម្បង​ៗ​​នៃ​ជំងឺ​វិកល​ចរិត មាន​ដូច​ជា៖

  • មាន​បញ្ហា​ក្នុង​ការ​គិត ដូច​ជា ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ
  • ពិបាក​ក្នុង​ការ​និយាយ ឬ​ក៏​បង្ហាញ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន
  • ខ្លាច​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន
  • មាន​ការ​គិត​មិន​ប្រក្រតី៖
    • ស្រមើ​ស្រមៃ ជា​ពិសេស ការ​ស្តាប់​ឮសំឡេង​​ដែល​មិន​ពិត វា​អាច​ជា​សំឡេង​​ច្បាស់​ មិន​ច្បាស់ ប្រុស ស្រី ក្មេង ចាស់ សំឡេង​​អ្នក​ស្គាល់​គ្នា ឬ​ក៏​មិន​ស្គាល់​ទាល់​តែ​សោះ។ សំឡេង​​ទាំង​នោះ​អាច​នឹង​បញ្ជា​ប្រាប់​អ្នក​ជំងឺ​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​មិន​ល្អ ដូចជា ការ​សំលាប់​ខ្លួន​ឯង ឬ​អ្នក​ដទៃ​ជាដើម។
    • មាន​ជំនឿ​ខុស​ពី​ការ​ពិត ដូចជា ការ​ប្រុង​ប្រយ័ត្ន​ហួសហេតុ​លើស​លប់ ជឿ​ថា​ខ្លួន​មាន​គេ​តាម​សំលាប់ ឬ​ក៏​ជឿថា​ខ្លួន​មាន​សមត្ថភាព​ពិសេស​ជាង​គេ ឬ​ក៏​ជឿ​ថា​ខ្លួន​កំពុង​មាន​ជំងឺ​ធ្ងន់​ណាមួយ (​តាម​ពិត​គ្មាន​នោះ​ទេ)។

យ៉ាងណាមិញ ជំងឺ​វិកល​ចរិត​នេះ​អាច​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​ខាងលើ​ ហេតុនេះ ប្រសិនបើគ្នា​យើង​មានមន្ទិល​សង្ស័យ​ទាក់ន​ង​ទៅ​នឹង​រោគ​សញ្ញា​ណាមួយ គប្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។

២- គួរទៅជួបពេទ្យពេលណា?

អ្នក​ជំងឺ​វិកល​ចរិត​មិន​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ផ្លូវ​ចិត្ត ហើយ​ត្រូវការ​ការ​ព្យាបាល​នោះ​ទេ។ ហេតុនេះ ប្រសិន​បើ​គ្នា​យើង​​ចាប់​អារម្មណ៍​ថា​មនុស្ស​ជា​ទី​ស្រលាញ់​ ឬ​ក៏​អ្នក​នៅ​ជុំវិញ​ខ្លួនយើង​ មាន​អាការៈ​មិន​ប្រក្រតី​ណាមួយ ឬ​ក៏​អាកប្បកិរិយា​ប្លែក​ៗ សូម​នាំ​អ្នកនោះ​​ទៅ​ពិនិត្យ​នៅ​ពេទ្យ​ឲ្យ​បាន​ឆាប់​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន ហើយ​ជំរើស​ពេទ្យ​ដែល​ល្អ​សម្រាប់​ជំងឺ​ប្រភេទ​នេះ​នោះ​គឺ​ពេទ្យ​ជំនាញ​ខាង​វិកល​វិទ្យា (ផ្លូវ​ចិត្ត) និង​​ប្រព័ន្ធ​ប្រសាទ។

អ្នក​ជំងឺ​ប្រភេទ​នេះ អាច​នឹង​មិន​ព្រម​ទៅ​ពេទ្យ​តាម​សម្រួល​ជាមួយ​យើង​​នោះ​ទេ ដូច្នេះ គប្បី​ទាក់ទង​ទៅ​ខាង​មន្ទីរពេទ្យ ហើយ​សូម​ការ​អន្តរាគមន៍​​ពី​សំណាក់​គ្រូពេទ្យ​ជាមុន ដើម្បី​អាច​យក​អ្នក​ជំងឺ​ទៅ​ព្យាបាល​ដោយ​សុវត្ថិភាព។

ស្វែងយល់អំពីមូលហេតុ

១- មូលហេតុអ្វីខ្លះបណ្តាលឲ្យមានជំងឺវិកលចរិត?

មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​អាច​បង្ហាញ​ប្រាប់​ពី​មូលហេតុ​បង្ក​​របស់​ជំងឺ​វិកល​ចរិត​នេះ​ច្បាស់លាស់​នោះ​ទេ យ៉ាងណាមិញ អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា ចំនុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​ដើរ​តួ​មួយ​ចំំណែក​នៃ​មូលហេតុ​បង្ក​ទាំង​មូល៖

  • កត្តា​ហ្សែន៖ ជំងឺ​ប្រភេទ​នេះអាច​កើត​ឡើង​នៅ​ក្នុង​សែ​​ស្រឡាយ​​គ្រួសារ​តែមួយ
  • កត្តា​បរិស្ថាន៖ ដូចជា ការ​ឆ្លង​មេរោគ (ពពួក​វីរុស​ផ្សេង​ៗ​​ជាដើម) និង​បញ្ហា​កង្វះ​​អាហារូបត្ថម្ភ​ក្រោយ​ពេល​កើត​​ពី​ផ្ទៃ​ម្តាយ
  • បម្រែបម្រួល​រចនាសម្ព័ន្ធ និង​សារធាតុ​គីមី​នៅ​ក្នុង​ខួរក្បាល

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​កត្តា​ប្រឈម

១- កត្តាអ្វីខ្លះធ្វើឲ្យមនុស្ស​យើង​កាន់តែប្រឈមនឹងជំងឺវិកលចរិត?

មាន​កត្តា​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​​កាន់​តែ​ប្រឈម​ទៅ​នឹង​ការ​កើត​ជំងឺ​នេះ ដូចជា៖

  • ធ្លាប់​មាន​សែ​ស្រឡាយ​គ្រួសារ​កើត​ជំងឺ​វិកល​ចរិត​ពីមុន ជាពិសេស ប្រសិន​បើ​ឪពុក​ម្តាយ ឬ​ក៏​បង​ប្អូន​បង្កើត​​ធ្លាប់​មាន​ជំងឺ​នេះ​ពីមុន អត្រា​នៃ​ការ​កើត​ជំងឺ​វិកល​ចរិតមាន​ច្រើន​ជាង​មនុស្ស​ធម្មតា​ដល់​ទៅ១០ដង។
  • ធ្លាប់​មាន​ជំងឺ​បង្ក​ដោយ​ពពួក​មេរោគ​វីរុស​ពីមុន ឬ​ក៏​ធ្លាប់​ពុល​សារធាតុ​ណាមួយ ឬ​ក៏​ម្តាយ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កំឡុង​ពេល​ពពោះ ជា​ពិសេស កំឡុង​ពេល ៦ខែ​ដំបូង។
  • មាន​ឪពុក​វ័យ​ចំណាស់
  • ធ្លាប់​ប្រើ​ពពួក​ថ្នាំ​សរសៃ​ប្រសាទ​ពេល​នៅ​ក្មេង
  • មាន​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង

ស្វែងយល់អំពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល

១- ធ្វើរោគវិនិច្ឆ័យរកជំងឺវិកលចរិតដោយរបៀបណា?

ជាទូទៅ ក្នុង​ករណី​ដែល​គ្រូពេទ្យ​សង្ស័យ​ថា​អ្នកណា​ម្នាក់​​មាន​ជំងឺ​វិកល​ចរិត គ្រូពេទ្យ​​នឹង​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​ជំងឺ​ពីមុន ពិនិត្យ​ទាំង​ផ្នែក​គ្លីនិច​ទាំង​រាងកាយ និង​ធ្វើ​តេស្ត​មួយ​ចំនួន ដូចជា៖

  • ពិនិត្យ​បរិមាណ​គ្រាប់​ឈាម​សរុប (CBC)
  • ​ធ្វើ​​តេស្ត​ឈាម​មួយ​ចំនួន​ផ្សេង​ទៀត​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​ជំងឺ​ផ្សេង​ៗ​ដែល​អាច​នាំ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​ស្រដៀង​ៗ​គ្នា​នឹង​ជំងឺ​នេះ
  • វាស់​បរិមាណ​កម្រិត​ជាតិ​ស្រា និង​គ្រឿង​ញៀន​​ផ្សេង​ៗ
  • គ្រូពេទ្យ​ក៏​អាច​នឹង​តម្រូវ​ឲ្យ​​ធ្វើ​តេស្ត​រូបភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន​ផ្សេង​ទៀត ដូចជា ការ​ថត​ស្កេន MRI និង CT ផង​ដែរ។
  • ការ​ធ្វើ​តេស្ត​ផ្នែក​ផ្លូវ​ចិត្ត៖ គ្រូពេទ្យ​ឯកទេស​ខាង​វិកល​វិទ្យា​អាច​​ធ្វើ​ការ​ពិនិត្យ​ផ្នែក​ផ្លូវ​ចិត្ត​អ្នកជំងឺ​តាម​រយៈ​ការ​សង្កេត​លើ​រូបរាង​ខាង​ក្រៅ​ សកម្មភាព​ និង​អាកប្បកិរិយា​ ក៏​ដូចជា​ធ្វើ​ការ​សាកសួរ​ទៅ​លើ​ការ​គិត និង​​អារម្មណ៍​របស់​អ្នក​ជំងឺ សង្កេត​មើល​ថា​​មាន​​ជំនឿ​អ្វី​មួយ​ខុស​ពី​ការ​ពិត ការ​ស្រមើ​ស្រមៃ ឬ​ក៏​មាន​ប្រើ​សារធាតុ​ណាមួយ​លើស​ពី​កម្រិត​ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មាន​គំនិត​សំលាប់​ខ្លួន ឬ​ក៏​ក្លាយ​ទៅ​ជា​កាច​ឆេវឆាវ​ប្រើ​ហិង្សា​ឬ​ទេ។

២- តើ​ព្យាបាលជំងឺវិកលចរិតដោយរបៀបណា?

គេ​មិន​អាច​ព្យាបាល​ជំងឺ​វិកល​ចរិត​នេះ​ឲ្យ​ជា​ដាច់​នោះ​ទេ ក៏​ប៉ុន្តែ​គេ​អាច​ព្យាបាល​រោគ​សញ្ញា​របស់​ជំងឺនេះ​ដោយ​ការ​ប្រើ​​ថ្នាំ និង​ការ​ព្យាបាល​តាម​បែប​ពុទ្ធិ​អាកប្បកិរិយា (CBT: Cognitive behavioral therapy)។

ជំងឺ​ផ្លូវ​ចិត្ត​​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​អ្នក​ជំងឺ​គិត​ខុស​ពី​ការ​ពិត ឬ​ក៏​​គិត​បែប​អវិជ្ជមាន​ក្នុង​រយៈពេល​យូរ ហេតុនេះ ទើប​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​​តាម​បែប​ពុទ្ធិ​អាកប្បកិរិយា​ពី​សំណាក់​គ្រូពេទ្យ​ដើម្បី​ផ្លាស់​ប្តូរ​ការ​គិត ក៏​ដូចជា​អាកប្បកិរិយា​មិន​ប្រក្រតីឲ្យ​ត្រលប់​ទៅ​សភាព​ធម្មតា​វិញ។ វិធី​ព្យាបាល​ប្រភេទ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ជួយ​អ្នក​ជំងឺ​ឲ្យ​គិត​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ ដើម្បី​ស្វែង​រក​ទំលាប់​មិន​ល្អ​ណាមួយ​​ដែលជំងឺ​បង្ក​ឲ្យ​មាន​ជំងឺ​នេះ។ បន្ទាប់​មក​ទៀត គ្រូពេទ្យ​នឹង​ធ្វើ​ការ​វឹកហាត់​លើ​ផ្នែក​អាកប្បកិរិយា​ផ្សេង​ៗ​ទៀត​នៃអ្នក​ជំងឺ​ដើម្បី​ទាញ​ស្មារតី​មិន​ឲ្យ​គិត​ក្នុង​ផ្លូវ​អាក្រក់​ទៀត។ នៅ​ពេល​ដែល​អ្នក​ជំងឺ​ឈប់​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​ទាំង​នេះ មាន​ន័យ​ថា​ការ​ព្យាបាល​រោគ​សញ្ញា​នៃ​​ជំងឺ​វិកល​ចរិត​នេះ​ទទួល​បាន​ជោគ​ជ័យ​​ហើយ។

គ្រូពេទ្យ​ក៏​អាច​នឹង​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​សរសៃ​ប្រសាទ​ប្រចាំ​ថ្ងៃ​ផង​ដែរ ដើម្បី​ជៀសវាង​ការ​កើត​​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត ដូចជា ការ​មាន​ជំនឿ និង​ការ​គិត​​ខុស​ពី​ការ​ពិត​ជាដើម។ លើស​ពី​នេះ គ្រូពេទ្យ​ក៏​អាច​នឹង​បន្ថែម​ការ​ព្យាបាល​បែប​ចិត្តសាស្ត្រ​សង្គម​ដល់​អ្នក​ជំងឺ ដើម្បី​ប្រាកដ​ថា​​អាច​​​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជាមួយ​នឹង​អ្នក​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ។ ការ​​ព្យាបាល​តាម​​បែប​ចិត្តសាស្ត្រ​សង្គម​នេះ ជា​ប្រភេទ​វិធី​ព្យាបាល​តាម​ការ​ប្រឹក្សា​យោបល់​ដោយ​ការ​​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឲ្យ​ចូលរួម​សកម្មភាព​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង​ក្រុម​សមាជិក​ដទៃ​ដែល​អាច​មាន​ជំងឺ​ស្រដៀង​ៗ​គ្នា ដើម្បី​ឆ្ពោះ​ទៅ​ដល់​គោល​ដៅ​ជា​សះ​ស្បើយ​បាន​កាន់​តែ​ឆាប់​រហ័ស​​ហើយ​មាន​ប្រសិទ្ធិភាព។

បំលាស់ប្តូររបៀបរស់នៅ និង វិធីព្យាបាលនៅផ្ទះ

១- បំលាស់ប្តូររបៀបរស់នៅ និងវិធីព្យាបាលតាមផ្ទះអ្វីខ្លះ អាចជួយសម្រួលដល់ការព្យាបាលជំងឺវិកលចរិត?

ការ​​​ផ្លាស់​​​ប្តូរ​​​របៀប​​​របប​​​ក្នុង​​​ការ​​​រស់​​​នៅ និង​​​វិធី​​​ព្យាបាល​​​តាម​​​ផ្ទះ​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​​​ជួយ​ឲ្យ​អ្នក​​ជំងឺ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ព្យាបាល​ជំងឺ​វិកល​ចរិត​នេះ ដូចជា៖

  • ញ៉ាំ​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ជារៀងរាល់​ថ្ងៃ
  • ចូលរួម​សកម្មភាព ឬ​ក៏​កម្មវិធី​​ជា​ក្រុម​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ (​អាច​សាក​ល្បង​ចូលរួម​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ណាមួយ​ដែល​មាន​សមាជិក​មាន​បទពិសោធន៏​ជំងឺ ឬ​ក៏​បញ្ហា​ស្រដៀង​ៗ​គ្នា)
  • ចៀសវាង​ការ​ទទួលទាន​ស្រា ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ
  • ចៀសវាង​ការ​ទុក​សមាជិក​គ្រួសារ​ដែល​​មាន​ជំងឺ​នេះ​ចោល​ក្រោម​សម្ពាធ ឬ​ក៏​ភាព​តាន​តឹង​ណាមួយ​ដោយ​គ្មាន​ការ​អើពើ។ គប្បី​ធ្វើ​ការ​កត់​សំគាល់​រាល់​ភាព​តានតឹង ការ​គេង ឬ​ក៏​ញ៉ាំ​មិន​គ្រប់ និង​ការ​ទទួល​ទាន​កាហ្វេ​របស់​អ្នក​ជំងឺ​ផង​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អាការៈ​ជំងឺ​នេះ​រើឡើង​ម្តង​ទៀត​​ផង​ដែរ។
  • ទាក់ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់ ប្រសិន​បើ​អ្នក ឬ​ក៏​សមាជិក​ណាមួយ​ក្នុង​គ្រួសារ​លឺ​សំឡេង​​ប្លែក​ៗ​​ដែល​អ្នក​ដទៃ​មិន​ឮឬ​ក៏​​មាន​ជំនឿ​ខុស​ពី​ការ​ពិត ឬ​​ក៏​មាន​​ការ​គិត​មិន​ប្រក្រតី​ណាមួយ ឬ​ក៏​មាន​បញ្ហា​ក្នុង​ការ​គេង ក៏​ដូចជា​មាន​គំនិត ឬ​ក៏​គំរោង​ចង់​សំលាប់​ខ្លួន​ផ្សេង​ៗ។
  • ចៀស​វាង​រាល់​​ការ​ប្រើប្រាស់​ថ្នាំ ឬ​ក៏​គ្រឿង​ញៀន​ខុស​ច្បាប់​ណាមួយ។
  • ចៀស​វាង​រាល់​​ការ​ប្រើប្រាស់​ថ្នាំ​ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន ឬ​ក៏​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition.

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 889.

Schizophrenia. http://www.mayoclinic.org/diseases-conditions/schizophrenia/basics/definition/con-20021077?p=1. Accessed July 9, 2016.

Schizophrenia. http://www.nimh.nih.gov/health/publications/schizophrenia/index.shtml. Accessed July 9, 2016.

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើមាន​រោគសញ្ញាទាំងនេះ បង្ហាញថា​ស្រ្តេសឡើង​ដល់កំពូលហើយ​

​កត្តានេះហើយ ទើបយុវវ័យឥឡូវ ប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម