ឥឡូវមានមនុស្សជាច្រើនកំពុងតែប្រឈមមុខនូវបញ្ហាគេងមិនលក់។ តើការគេងមិនលក់យូរៗទៅអាចជាជំងឺផ្លូវចិត្តដែរឬទេ? ដើម្បីស្រាយចម្ងល់នេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបរាប់ដូចខាងក្រោមនេះ៖
គ្រូពេទ្យផ្នែកវិកលវិទ្យាថា ការគេងមិនលក់មកពីខួរក្បាលមិនបានសម្រាក ព្រោះមូលហេតុផ្សេងៗគ្នា ដូចនេះហើយបានជាត្រូវស្វែងរកពីឫសគល់ ដើម្បីធ្វើយ៉ាងណាដោះស្រាយស្ថានភាពនេះបាន។ តែលោកគ្រូពេទ្យ បានបញ្ជាក់ថាមិនគួរប្រើប្រាស់ថ្នាំងុយដេកឡើយ គួរតែចាំជួបជាមួយអ្នកជំនាញសិន ទើបអាចដឹងពីស្ថានភាពខ្លួននាពេលបច្ចុប្បន្ន។
លោកថា “កាលណាយើងនិយាយពីរឿងដំណេក វាធ្វើការបែងចែកជាច្រើនទៀត។ វិបត្តិដំណេកខ្លះគេងបានតិចជាង ៦ ម៉ោង ហើយខ្លះទៀតលើសពី ៨ ម៉ោង។ មួយវិញទៀតអ្នកដេកមិនលក់មកពីជំងឺបេះដូង ឬជំងឺធ្ងន់ធ្ងរដទៃទៀត ធ្វើឲ្យមានការបារម្ភរហូតដេកមិនលក់ជាដើម ហើយបើធ្លាក់ទឹកចិត្តក៏ដេកមិនលក់ដែរ’។
ជាចុងក្រោយលោកបានបញ្ជាក់ទៀតថា ការថែរក្សាផ្លូវកាយបានល្អ សុខភាពផ្លូវចិត្តក៏ល្អដែរ ហើយបើពេលជួបបញ្ហាណាមួយ ត្រូវតែដោះស្រាយឲ្យបានលឿនកុំអូសបន្លាយ ឬបើរឿងគ្មានប្រយោជន៍ តិចតួចគួរបោះបង់ទៅ ព្រោះវានឹងបណ្ដាលឲ្យយើងគិតច្រើនអត់អំពើ។ ចុះចំពោះសំណួរថា អាចវិវត្តជាជំងឺផ្លូវចិត្ត ឬអត់? លោកគ្រូពេទ្យថា មានជំងឺផ្លូវចិត្តអាចធ្វើឲ្យយើងដេកមិនលក់ តែបើការដេកមិនលក់យូរអាចវិវត្តទៅជាជំងឺផ្លូវចិត្តនោះ លោកមិនហ៊ានបញ្ជាក់នោះឡើយ គ្រាន់តែឲ្យរកពីមូលហេតុដែលបង្កឲ្យគេងមិនលក់ជាមុនសិន។
អត្ថបទពាក់ព័ន្ធ៖អ្នកមានជំងឺផ្លូវចិត្តគ្រប់ប្រភេទ បណ្ដាលមកពីកត្តាទាំង៣នេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕