“ឲ្យតែកើតជំងឺផ្លូវចិត្ត អាចប្រឈមជំងឺផ្លូវកាយ” នេះជាពាក្យដែលយើងជាញឹកញាប់ឮតៗគ្នា ហើយវាក៏ជាទំនាក់ទំនងរវាងអារម្មណ៍របស់យើង ជាមួយនឹងរាងកាយ។ នៅពេលយើងមានអារម្មណ៍មិនល្អច្រើន ហើយមិនអាចបញ្ចេញបាន វាអាចបង្កឲ្យយើងមានបញ្ហាផ្លូវកាយជាច្រើន។
ខាងក្រោមនេះ ជាមូលហេតុចិត្តសាស្ត្រមួយចំនួន នៃការវិវត្តជាជំងឺ ដែលយើងគួរដឹង និងចៀសវាងការកើតមានបញ្ហាទាំងនោះ៖
១. ភ័យខ្លាច អាចបណ្ដាលឲ្យកើតអាលែកហ្ស៊ី និងរលាកស្បែក
តាមការសិក្សាជាច្រើន បញ្ហាអាលែកហ្ស៊ី ពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត។ ជំងឺត្រអក គ្រុនក្តៅខ្លាំង និងហឺត អាចបណ្ដាលមកពីជំងឺផ្លូវចិត្ត។ ករណីខ្លះ នៃបញ្ហាអាលែកហ្ស៊ី មានរយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែមូលហេតុបង្កអាលែកហ្ស៊ី នៅតែរកមិញឃើញ។ តាមពិតទៅ ការភ័យខ្លាច អាចបណ្ដាលឲ្យយើងកើតអាលែកហ្ស៊ី។ ចំណែករោគសញ្ញា នៃជំងឺហឺត និងរលាកស្បែក អាចប្រសើរឡើង ឬជាសះស្បើយ តាមរយៈការកាត់បន្ថយបញ្ហាផ្លូវចិត្ត។
២. អារម្មណ៍ច្របូកច្របល់ និងស្ត្រេស អាចបណ្ដាលជាបញ្ហាប្រព័ន្ធរំលាយអាហារ
ក្រពះរបស់យើង គ្រប់គ្រងដោយប្រព័ន្ធសាំញ៉ាំ ហើយស្ត្រេស អាចបណ្ដាលឲ្យមានប្រតិកម្ម នៅក្នុងក្រពះ។ ការរលាកក្រពះ និងការរលាកស្បែក អាចបណ្ដាលមកពីការច្របូកច្របល់អារម្មណ៍ និងអសមត្ថភាពក្នុងដោះស្រាយជាមួយបញ្ហាទាំងនោះ។ នៅពេលយើងមិនចាប់អារម្មណ៍ពិនិត្យលើអារម្មណ៍ច្របូកច្របល់នៅខាងក្នុង វាបណ្ដាលទៅជាបញ្ហារាងកាយ ដើម្បីឲ្យខួរក្បាលចាប់អារម្មណ៍។
៣. បាក់ទឹកចិត្ត និងថប់បារម្ភ អាចបណ្ដាលជាជំងឺបេះដូង
ការបាក់ទឹកចិត្ត និងថប់បារម្ភ បណ្ដាលឲ្យកើតជំងឺសរសៃឈាមបេះដូង ហើយបញ្ហាបាក់ទឹកចិត្ត អាចបង្កឲ្យជាបញ្ហាបេះដូងធ្ងន់ធ្ងរ និងភ្លាមៗ។ យើងអាចកត់សម្គាល់បានថា នៅពេលយើងមានអារម្មណ៍ថប់បារម្ភ និងច្របូកច្របល់ រយៈពេលច្រើនថ្ងៃ យើងមានអារម្មណ៍ថា បេះដូងរបស់យើង ចាប់ផ្ដើមលោតលឿនជាងមុន។ នេះជាសញ្ញាមួយ នៃបញ្ហាបេះដូង។
៤. ការរិះគន់ខ្លួនឯង និងភ័យខ្លាច អាចបណ្ដាលជាជំងឺឈឺក្បាល
ការរិះគន់ខ្លួនឯង ការជឿជាក់តិចលើខ្លួនឯង និងការភ័យខ្លាចផ្នែកខាងក្នុង ជាមួលហេតុបង្កឲ្យព្រួយបារម្ភ និងស្ត្រេស ហើយឈានទៅជាជំងឺឈឺក្បាល ឬប្រកាំង។ ពេលខ្លះ នៅពេលព័ត៌មានជាច្រើន ចូលទៅក្នុងខួរក្បាលរបស់យើង វាក៏បណ្ដាលឲ្យយើងមានបញ្ហាផ្លូវកាយផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕