មានគំនិតចង់គិតខ្លីមែនទេ? ប្រសិនបើយើងមានគំនិតបែបនេះ មានន័យថាការឈឺចាប់ ឬការប្រឈមរបស់យើងខ្លាំងណាស់ហើយដែលធ្វើឱ្យសុញ គិតមិនចេញ ហើយចង់បញ្ចប់ខ្លួនឯងដើម្បីផុតទុក្ខ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការទប់ទល់នឹងការមានគំនិតចង់គិតខ្លី និងយកឈ្នះការឈឺចាប់។
ប្រសិនបើយើងមានគំនិតចង់គិតខ្លី សូមសាកល្បងវិធីសាស្រ្តទាំង ៥ នេះ៖
១. ទុកពេលវេលាឱ្យខ្លួនឯង៖ ទោះបីជានៅពេលនេះយើងកំពុងឈឺចុកចាប់ខ្លាំង មិនអាចទ្រាំបាន ហើយចង់គិតខ្លីឱ្យផុតទុក្ខក៏ដោយ សូមទុកពេលវេលាឱ្យខ្លួនឯងយ៉ាងហោចណាស់មួយសប្តាហ៍ ឬ ១ ឆ្នាំ។ ការទុកពេលវេលាឱ្យខ្លួនឯងគឺផ្តល់ឱកាសឱ្យខ្លួនឯងក្នុងការទប់ទល់នឹងការឈឺចាប់របស់យើង ព្រោះពេលវេលាអាចព្យាបាលរបួស និងការឈឺចាប់បាន។ ថ្ងៃនេះយើងអាចមានអារម្មណ៍ថា យើងមិនអាចប្រឈមមុខនឹងការឈឺចាប់ ឬបញ្ហាប្រឈមរបស់យើងបាន តែយូរៗយើងអាចសុំានឹងពួកវា។
២. ចៀសវាងការសេពគ្រឿងញៀន និងគ្រឿងស្រវឹង៖ ការសេពគ្រឿងញៀន និងគ្រឿងស្រវឹងធ្វើឱ្យយើងចង់គិតខ្លីកាន់តែខ្លាំង។ គ្រឿងស្រវឹងជះឥទ្ធិដល់ផ្នែកខ្លះនៃខួរក្បាលដែលគ្រប់គ្រងការវិនិច្ឆ័យ ការផ្តោតអារម្មណ៍ អាកប្បកិរិយា និងអារម្មណ៍របស់យើង។ ឯគ្រឿងញៀនប៉ះពាល់ដល់ការគិត និងអារម្មណ៍របស់យើង។ គ្រឿងញៀនខុសគ្នាមានឥទ្ធិពលខុសៗគ្នា។ ឧទាហរណ៍ កូកាអ៊ីនអាចធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងចង់ផ្សងគ្រោះថ្នាក់។ ប៉ុន្តែយើងនឹងមានអារម្មណ៍បាក់ទឹកចិត្ត បន្ទាប់ពីឥទ្ធិពលរបស់វាអស់។ ថ្នាំញៀនផ្សេងទៀតអាចធ្វើឱ្យយើងច្របូកច្របល់ និងវង្វេងស្មារតី។
៣. នៅកន្លែងដែលមានសុវត្ថិភាព៖ ត្រូវយករបស់ដែលយើងអាចប្រើដើម្បីធ្វើបាបខ្លួនឯងដូចជា ថ្នាំ កាំបិត ឡាម ឬកាំភ្លើងជាដើមទៅលាក់ទុក ឬយកចេញពីផ្ទះឱ្យអស់។ ប្រសិនបើអាច យើងទៅកន្លែងដែលមានសុវត្ថិភាពដូចជា ផ្ទះមិត្តភ័ក្ត ផ្ទះបងប្អូន ឬមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តជាដើម។
ចង់ពិនិត្យសញ្ញាព្រមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល សូមចុចទីនេះគ្រោះថ្នាក់សរសៃឈាមខួរក្បាល
៤. កុំលាក់អារម្មណ៍ទុកតែម្នាក់ឯង៖ ការរៀបរាប់ពីដំណើររឿងដែលធ្វើឱ្យយើងឈានដល់ចំណុចឈឺចាប់នេះអាចឱ្យយើងបញ្ចេញសម្ពាធជាច្រើនដែលកំពុងស្តុកទុកនៅក្នុងខ្លួនរបស់យើង និងជួយឱ្យយើងធូរស្រាលមួយកម្រិត។ យើងអាចប្រាប់ពីអារម្មណ៍របស់យើងទៅមិត្តភក្តិ សមាជិកក្នុងគ្រួសារ គ្រូពេទ្យចិត្តសាស្រ្ត ឬអង្គការសុខភាពផ្លូវចិត្ត។ សូមកុំខ្លាច ឬខ្មាស់ក្នុងការស្វែងរកជំនួយពីអ្នកដ៏ទៃ ព្រោះមានមនុស្សជាច្រើនដែលអាចជួយយើងបាន។ ប្រសិនបើយើងនិយាយប្រាប់ពីអារម្មណ៍របស់យើងទៅនរណាម្នាក់ ប៉ុន្តែគេហាក់ដូចជាមិនយល់ពីអ្វីដែលយើងចង់ប្រាប់ យើងអាចសាកល្បងនិយាយជាមួយអ្នកផ្សេងបាន។
៥. បន្ធូរអារម្មណ៍៖ ការបន្ធូរអារម្មណ៍ធ្វើឱ្យចិត្តយើងស្ងប់។ យើងអាចបន្ធូរអារម្មណ៍តាមវីធីជាច្រើនដូចជា ស្តាប់តន្រ្តី ត្រាំទឹកក្តៅឧណ្ហៗ សរសេរកំណត់ហេតុ ដើរលំហែក្នុងសួន ហិតក្លិនក្រអូបពីរុក្ខជាតិ ទៅម៉ាស្សា ហាត់យូហ្កា ឬសមាធិជាដើម។
ប្រសិនបើយើងមានគំនិតគិតខ្លី សូមគិតពីក្រុមគ្រួសារ ឬមនុស្សដែលជិតដិតនឹងយើង។ តើពួកគាត់នឹងទៅជាយ៉ាងណា និងជួបបញ្ហាអ្វីខ្លះ ប្រសិនបើបាត់បង់យើង?