“សម្លាប់ខ្លួន’ មិនមែនជាជំងឺផ្លូវចិត្តទេ ប៉ុន្តែទូទៅកើតឡើងដោយសារតែមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដូចជា ជំងឺបាក់ទឹកចិត្ត ជំងឺផ្លូវចិត្ត Bipolar ស្ត្រេស ជំងឺថប់បារម្ភ ឬបញ្ហាក្រោយពេលរងគ្រោះអ្វីមួយ (Post-traumatic problems)។ សញ្ញាព្រមានចង់សម្លាប់ខ្លួន អាចជួយយើង ឬបងប្អូន កូនចៅ ចៀសវាងពីផលវិបាក ហេតុនេះ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់សញ្ញាចង់សម្លាប់ខ្លួនមួយចំនួនឲ្យគ្រប់គ្នាបានដឹង។
១- សញ្ញាសំខាន់បង្ហាញពីចេតនាចង់សម្លាប់ខ្លួន
– អារម្មណ៍អស់សង្ឃឹម៖ អស់សង្ឃឹម ជាសញ្ញាសាមញ្ញបំផុតនៃគ្នាយើងមានជំងឺបាក់ទឹកចិត្ត។ គ្នាយើងដែលសម្លាប់ខ្លួន ច្រើនមានអារម្មណ៍សុញ គិតអ្វីមិនឃើញ ឬអស់សង្ឃឹមដោយសារស្ថានភាពអ្វីមួយ ហើងភាពអស់សង្ឃឹមនេះ អាចបណ្ដាលឲ្យមានអារម្មណ៍អវិជ្ជមាន ចំពោះស្ថានភាពបច្ចុប្បន្ន និងអនាគតទៅមុខ។
– ពិបាកចិត្ត និងទុក្ខសោកខ្លាំង៖ មានអារម្មណ៍ប្រែប្រួល ដូចជា មានអារម្មណ៍ទុក្ខសោកខ្លាំង នៅថ្ងៃទីមួយ បន្ទាប់មកបាត់បង់ភាពជឿជាក់នៅថ្ងៃបន្ទាប់។ ការប្រឈមមុខនឹងទុកសោក ក្នុងរយៈពេលវែង អាចធ្វើឲ្យយើងស្ត្រេស ហើយការពិបាកចិត្ត និងទុក្ខសោកខ្លាំងទាំងនេះ ជាមូលហេតុចម្បងនាំឲ្យគិតចង់សម្លាប់ខ្លួន។
– បញ្ហារឿងគេង៖ គេង ជួយឲ្យខួក្បាលបានសម្រាក ដើម្បីជួសជុលការខូចខាត និងធ្វើឲ្យមុខងាររាងកាយល្អប្រសើរឡើងវិញ។ គ្នាយើង មានបញ្ហាការគេងយូរអង្វែង អាចធ្វើឲ្យរបួសក្នុងខួរក្បាល មិនអាចជួសជុលបាន។ គេងមិនលក់ គឺជាមូលហេតុគ្រោះថ្នាក់បំផុត នាំឲ្យយើងគិតចង់សម្លាប់ខ្លួន។
– ផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ និងរូបរាង៖ ការផ្លាស់ប្ដូរអាកប្បកិរិយា ឬបុគ្គលិកលក្ខណៈ ក៏ដូចជារូបរាង ក៏ជាសញ្ញាមួយចំពោះគ្នាយើងចង់សម្លាប់ខ្លួន ដូចជា និយាយយឺតៗ ងាយខឹង ឆាប់អន់ចិត្ត ឬគេងយូរ និងញ៉ាំច្រើន ឬតាំងចិត្តចង់ស្លាប់ ជិតស្លាប់ ឬបង្កហិង្សា ជាដើម។ គ្នាយើងមានបញ្ហារៀបរាប់ទាំងនេះ មិនគិតពីរូបរាងខ្លួនឯង នៅពេលដែលមានការប្រែប្រួលទៅមិនល្អឡើយ។ ខ្លះទៀតអាច នឹងផ្លាស់ប្ដូរទម្លាប់ផ្សេងទៀត ដូចជាការញ៉ាំ ឬគេង ជាដើម។
– មានអារម្មណ៍ឯកោ៖ គ្នាយើងចង់សម្លាប់ខ្លួន មិនចង់មានទំនាក់ទំនងក្នុងសង្គម រាប់បញ្ចូលទាំង គ្រួសារ និងមិត្តភក្ដិ ដោយតែងបង្ហាញអារម្មណ៍ដកខ្លួនឆ្ងាយពីការទាក់ទងក្នុងសង្គម និងចង់នៅតែម្នាក់ឯង។ គ្នាយើងច្រើនចង់នៅតែឯង ហើយចៀសវាងពីសកម្មភាពសាធារណៈ លែងចាប់អារម្មណ៍អ្វីធ្លាប់ចូលចិត្ត និងធ្វើឲ្យសប្បាយរីករាយពីមុនៗ។
– ចង់ធ្វើខ្លួនឯងមានគ្រោះថ្នាក់៖ ពួកគេចាប់ផ្ដើមចង់ធ្វើអ្វីបង្កគ្រោះថ្នាក់លើខ្លួនឯង ដូចជា ផឹកស្រា ឬប្រើថ្នាំញៀនច្រើន បើកបរដោយគ្មានការយកចិត្តទុកដាក់ ឬរួមភេទដោយមិនការពារជាដើម។ គេលែងចាប់អារម្មណ៍លើសុវត្ថិភាពផ្ទាល់ខ្លួន ឬលែងឲ្យតម្លៃលើជីវិតខ្លួនឯង។
– គំនិតចង់សម្លាប់ខ្លួន៖ មនុស្សជាច្រើនជឿថា គ្នាយើងចង់សម្លាប់ខ្លួន នឹងបញ្ចេញអាការៈព្រមានទៅគ្រួសារ និងមិត្តភក្ដិ ឧទាហរណ៍ ដូចជានិយាយពាក្យថាលាហើយទៅមនុស្សជុំវិញខ្លួន ទាំងនោះហាក់ដូចជាមិនឃើញមនុស្សទាំងនោះ។ អាចនិយាយដដែលៗ ពីគំនិតចង់សម្លាប់ខ្លួន ឧទាហរណ៍ ដូចជា និយាយថា “ខ្ញុំនឹងសម្លាប់ខ្លួន’ “ខ្ញុំចង់ស្លាប់’ ឬ “ខ្ញុំមិនចង់កើតមកទេ’ ។ គ្នាយើងមានសញ្ញាទាំងនេះ អាចនឹងរៀបចំសម្រាប់ផែនការសម្លាប់ខ្លួន ដូចជា ទិញកាំភ្លើង ឬទិញថ្នាំទុក ឬឲ្យរបស់របរផ្ទាល់ខ្លួនទៅអ្នកដទៃ បង្កឲ្យមានរឿងអាស្រូវ ដើម្បីមានលេសសមស្របដើម្បីសម្លាប់ខ្លួនឯង។
អត្ថបទពាក់ព័ន្ធ៖
- បើថប់បារម្ភ ត្រូវគ្រប់គ្រងអារម្មណ៍យ៉ាងម៉េច ទើបជីវិតប្រសើរ?
- ដំណឹងល្អ! មានថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត ជាផ្លូវការហើយ
២- នរណាខ្លះដែលមើលទៅចង់សម្លាប់ខ្លួន?
អត្រាសម្លាប់ខ្លួន ខុសៗគ្នាក្នុងចំណោមក្រុមមនុស្សផ្សេងៗ មិនរើសវ័យនោះឡើយ ខណៈក្រុមមនុស្សប្រឈមខ្លាំងចេតនាសម្លាប់ខ្លួនខ្លាំងមានដូចជា៖
– មានជំងឺធ្ងន់ធ្ងរ មិនអាចព្យាបាលបាន
– ប្រវត្តិសមាជិកគ្រួសារសម្លាប់ខ្លួន
– ធ្លាប់មានមិត្តភក្ដិសម្លាប់ខ្លួន
– ធ្លាប់រងគ្រោះពីអំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ
– បាក់ទឹកចិត្តយូរ ឬមានជំងឺផ្លូវចិត្តយូរ
- មិនបានរៀបការ មិនមានជំនាញ ឬមិនមានការងារធ្វើ
– ធ្លាប់ចង់សម្លាប់ខ្លួនពីមុនមក
– មានបញ្ហាញៀនថ្នាំ
បើយើងមានអារម្មណ៍ពិបាកចិត្ត ចង់សម្លាប់ខ្លួន ឬចង់ធ្វើឲ្យខ្លួនឯងរងគ្រោះ សូមកុំផឹកស្រា ត្រូវបង្ហាញអារម្មណ៍យើងកំពុងកើតមាន ទៅមនុស្សដែលជិតស្និត ដូចជា មិត្តភក្ដិ ក្រុមគ្រួសារ ឬរកអ្នកពិគ្រោះយោបល់ ក្រុមជំនួយ ដើម្បីជួយអ្នកដោះស្រាយបញ្ហាយើងកំពុងប្រឈមមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕