ក្នុងស្ថានភាពយើងពិបាកចេញទៅខាងក្រៅ ជួបជុំមិត្តភក្ដិ ឬក្រុមគ្រួសារបែបនេះ ច្បាស់ជាធ្វើឲ្យមានអារម្មណ៍ធុញថប់ ឬអារម្មណ៍ឯកាចាប់ផ្ដើមកើតឡើងភ្លាម។ អារម្មណ៍ឯកាយូរ អាចធ្វើឲ្យយើងប៉ះពាល់ផ្លូវចិត្ត ធ្វើឲ្យគិតអីលែងចេញ និងធ្វើឲ្យយើងមិនសប្បាយចិត្តក៏មាន ហើយបើវាបន្តក្នុងរយៈពេលយូរ វាអាចធ្វើឲ្យរាងកាយយើងមានការឈឺចាប់ ពិបាកគេង និងប្រព័ន្ធការពាររាងកាយចុះខ្សោយផងដែរ។ ពេលជួយបញ្ហាបែបនេះ គ្នាយើងអាចសាកល្បងដោះស្រាយបានដោយធ្វើសកម្មភាពដូចខាងក្រោមនេះ។
១. បង្កើតសំឡេងក្នុងផ្ទះ
ពេលចាប់ផ្ដើមមានអារម្មណ៍ឯកាប្រជ្រៀតចូលក្នុងការគិត ឬខួរក្បាល យើងអាចបំបាត់វាទៅវិញដោយការបន្ថែមសំឡេងនៅក្នុងផ្ទះ ឬបន្ទប់យើងនៅ។ តន្ត្រីអាចជួយធ្វើឲ្យយើងមានអារម្មណ៍ល្អ និងស្រស់ស្រាយឡើងវិញ ហើយយើងក៏អាចមើលរឿង ឬស្ដាប់កម្មវិធី Podcast ឬ Audiobook ដើម្បីបន្លប់អារម្មណ៍ឯកា។
២. រក្សាទំនាក់ទំនង
ត្បិតតែមិនអាចចេញក្រៅជួបគ្នាបាន យើងអាចរក្សាទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធតាមរយៈប្រព័ន្ធអ៊ីនធើណែតបានដែរ។ បើយើងមានអារម្មណ៍ឯកានឹកពួកគេ យើងអាចឆាតអនឡាញ ទូរស័ព្ទ ឬតេតាមវីដេអូយើងអាចជួបមុខគ្នា ឬ facetime ជាមួយមិត្តភក្ដិ និងសមាជិកគ្រួសារដទៃ។
៣. ចេញក្រៅផ្ទះ
ចំពោះគ្នាយើងមួយចំនួនធំ ការដែលសម្ងំក្នុងផ្ទះយូរពេក អារម្មណ៍ស្មុគស្មាញនឹងកើតឡើងដោយឯកឯង យូរៗទៅបណ្ដាលទៅជាស្ត្រេសវិញ។ ហេតុនេះ យើងគួរចេញពីបន្ទប់ ឬចេញទៅយ៉រមុខផ្ទះ ឬចេញទៅអង្គុយលេងមុខផ្ទះខ្លះ ឬអាចដើរហាត់ប្រាណ មើលគេឯងនៅតំបន់ក្បែរៗផ្ទះក៏បាន (បើអាចចេញក្រៅផ្ទះបាន)។
៤. ចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វទាមទារភាពអត់ធ្មត់ ពេលវេលា និងថវិកា ដើម្បីថែទាំវាឲ្យបានល្អ មិនថាជាសត្វឆ្កែ ឬសត្វឆ្មារ ឬត្រីក្នុងអាងនោះទេ។ ត្បិតតែសត្វមិនអាចនិយាយភាសាយើងយល់បាន ក៏ប៉ុន្តែពួកគេតែងតែនៅក្បែរយើង ចាំធ្វើឲ្យយើងសប្បាយចិត្តគ្រប់ពេលវេលាដែលយើងត្រូវការ។
៥. ធ្វើអ្វីដែលយើងស្រលាញ់
អារម្មណ៍ឯកាអាចប៉ះពាល់ដល់ផ្លូវចិត្តរហូតយើងលែងចង់ធ្វើអ្វីៗទាំងអស់ក៏មាន ឬលែងចង់ធ្វើអ្វីដែលយើងស្រលាញ់ទៀត។ ដូចនេះ យើងគួរបន្តធ្វើសកម្មភាពណាដែលយើងស្រលាញ់ និងផ្ដល់ភាពសប្បាយរីករាយដល់យើង ដើម្បីបន្លប់ពេលវេលា ក៏ដូចជាភាពឯកា។ ឧ. ការអានសៀវភៅ មើលរឿងភាគ ភាពយន្ត ឬបង្កើតអ្វីៗថ្មីតាមគំនិតច្នៃប្រឌិតរបស់ខ្លួនក៏បាន។