ពេលយើងមើលឃើញ ឬមានអារម្មណ៍អ្វីលើអ្វីមួយគួរឲ្យស្រលាញ់ កំប្លុកកំប្លែង ច្បាស់ណាស់ អាចនឹងធ្វើឲ្យយើងសើច ញញឹម ដោយមិនដឹងខ្លួន គ្នាយើងខ្លះ សើចឮៗ បិទមាត់មិនជិតទៀតផង។ ក្នុងជីវិតប្រចាំថ្ងៃ នៅមានរឿងជាច្រើនអាចធ្វើឲ្យយើងញញឹមបាន ហើយបើញញឹមកាន់តែច្រើន យើងក៏ទទួលប្រយោជន៍ច្រើនដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងប្រាប់គ្នាយើងឲ្យដឹងច្បាស់ អ្វីខ្លះជាគុណប្រយោជន៍ទទួលបានពីការសើច ញញឹម មនុស្សភាគច្រើនមិនធ្លាប់ដឹង។
១- ញញឹមអាចជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ
យើងអាចនឹងញញឹមដោយមិនដឹងខ្លួន នៅពេលមានអារម្មណ៍សប្បាយចិត្ដ ឬនៅពេលចង់បង្ហាញភាពសប្បាយរីករាយចេញមកក្រៅ។ពិសេសជាងនេះ ទឹកមុខយើង ក៏អាចធ្វើឲ្យបរិយាកាសជុំវិញខ្លួនផ្ដាស់ប្ដូរបានផងដែរ ហើយអ្វីដែលបញ្ចេញលើផ្ទៃមុខយើង គឺជាស្នាមញញឹមអាចធ្វើឲ្យអារម្មណ៍យើងបានស្រស់ស្រាយ។
ជាធម្មតា ខួរក្បាល ជាអ្នកបង្កើតអារម្មណ៍ទាំងអស់នោះ ប៉ុន្តែសាច់ដុំលើផ្ទៃមុខ ក៏អាចធ្វើឲ្យអារម្មណ៍ទាំងអស់នោះប្រែប្រួលដូចគ្នា។ ការសិក្សាពេលថ្មីៗនេះ រកឃើញថា នៅពេលយើងមានអារម្មណ៍ល្អ ឬព្យាយាមធ្វើទឹកមុខសប្បាយ ពេលមានរឿងមិនល្អកើតឡើង នោះអារម្មណ៍យើងនឹងចាប់ផ្ដើមស្រស់ស្រាយឡើងវិញ អាចបញ្ជាក់បានថា អារម្មណ៍យើងទាំងអស់គ្នា គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកមុខ។
២- ញញឹមបានច្រើនជួយកាត់បន្ថយស្រ្តេស
ពេលយើងញញឹម រាងកាយនឹងបញ្ចេញអ័រម៉ូនអង់ដូហ្វីន ដែលជាភ្នាក់ងារគ្រប់គ្រងលើការផ្លាស់ទីនៃសាច់ដុំផ្ទៃមុខ ក៏ជាអ័រម៉ូនធ្វើឲ្យយើងមានអារម្មណ៍សប្បាយចិត្ដផងដែរ។ ក្រៅពីនេះ អ័រម៉ូន អង់ដូហ្វីន ក៏ជួយកាត់បន្ថយកុំឲ្យយើងស្រ្តេសខ្លាំង តាមរយៈការបញ្ចុះកម្រិតករទីស៊ុល ដែលជាអ័រម៉ូន មានសកម្មភាពខ្លាំង ពេលស្ត្រេស ឬបារម្ភច្រើន។
៣ -ញញឹមធ្វើឲ្យអ្នកក្លាហាន
ក្នុងឆ្នាំ ២០០៤ សកលវិទ្យាល័យ Penn State របស់អាមេរិក បានរកឃើញថា ញញឹមចេញពីចិត្ដរបស់បុគ្គលិក អាចធ្វើឲ្យអតិថិជនមានអារម្មណ៍ល្អជាមួយក្រុមហ៊ុននោះ។ ពេលបុគ្គលិកធ្វើការជាមួយទឹកមុខញញឹម រួសរាយរាក់ទាក់ អតិថិជន នឹងមានអារម្មណ៍សប្បាយចិត្ដ ពេញចិត្ដជាមួយសេវាកម្មក្រុមហ៊ុននោះ។ ទោះបីប្រភេទមុខជំនួញ និងការបំពេញការងាររបស់បុគ្គលិក ជាផ្នែកសំខាន់ចំពោះក្រុមហ៊ុនក៏ពិតមែន តែការសិក្សារកឃើញថា បើកន្លែងការងារពោរពេញដោយស្នាមញញឹម នោះបុគ្គលិកភាគច្រើន នឹងមានកម្លាំងចិត្ដធ្វើការកាន់តែខ្លាំង។
៤- ញញឹមធ្វើឲ្យយើងក្លាយជាមនុស្សគួរឲ្យទុកចិត្ដ
បើគិតតាមបែបចិត្ដវិទ្យា ញញឹមច្រើន គឺមើលទៅជាមនុស្សគួរទុកចិត្ត ជាងមនុស្សមុខមិនសូវស្រស់ ឬមុខស្មើ។ ការសិក្សាមួយរបស់សកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិក គេបានរកឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងភាពទាក់ទាញ ស្នាមញញឹមនៃក្រុមអ្នកដើរម៉ូត ជាមួយនឹងភាពស្មោះត្រង់។ ការសិក្សា បានដាក់ចំណាត់ថ្នាក់ឲ្យនារីម៉ូដែល ៤៥នាក់ ដោយមើលតាមចំណុចទាំងបីខាងលើ និងបញ្ជាក់ឲ្យឃើញថា បើតារាម៉ូដែលញញឹមកាន់តែស្រស់ មើលទៅកាន់តែគួរឲ្យទុកចិត្ដ។
៥- ញញឹមអាចជួយខួរក្បាលធ្វើការកាន់តែល្អ
ពេលខួរក្បាលមានទំនោរទៅលើគំនិតអវិជ្ជមាន ដើម្បីទប់ទល់ស្ថានភាពនេះ យើងគួរមានទម្លាប់ញញឹម ដើម្បីជួយឲ្យចិត្ដគិតវិជ្ជមានវិញ ហើយនឹងអាចមានគំនិតវិជ្ជមានបានកាន់តែច្រើន បើចេះធ្វើបែបនេះបានជាប់លាប់។ យោងតាមតារាភាពយន្តហូលីវូដ និងជាកវីនិពន្ធសៀវភៅ ពាក់ព័ន្ធសុខភាពផ្លូវចិត្ត លោក Shawn Achor ដែលជាម្ចាស់សៀវភៅ The Happiness Advantage បានលើកឡើងថា ទម្លាប់ញញឹមរាល់ថ្ងៃជាប្រចាំ ជួយឲ្យខួរក្បាលបង្កើតភាពសប្បាយរីករាយ ជួយឲ្យមានការគិតវិជ្ជមានកាន់តែច្រើន។ លោកបានសរសេរថា “ភាពសប្បាយរីករាយ ជាក្រមសីលធម៌ គឺជាអ្វីខួរក្បាលយើងត្រូវការហ្វឹកហាត់ ដូចជាក្រុមអត្តពលិកត្រូវការការហ្វឹកហាត់អ៊ីចឹងដែរ”។
៦- ស្នាមញញឹមជាជំងឺឆ្លង
គ្នាយើងធ្លាប់ចាប់អារម្មណ៍អត់ ពេលខ្លះមិត្តភក្ដិ ឬអ្នកធ្វើការជាមួយយើង ញញឹមមកដាក់យើង ក្រោយយើងញញឹមទៅកាន់ពួកគេ ដែលសម្រាប់បញ្ហាមួយនេះ មានការបកស្រាយតាមបែបវិទ្យាសាស្ត្រ។ យោងតាមលោក Marco Iacoboni ជាអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទបានពន្យល់ថា ក្នុងខ្លួនយើងម្នាក់ៗ សុទ្ធតែមានផ្ទុកសរសៃប្រសាទកញ្ចក់ និងកោសិកាក្នុង Premotor cortex និង Inferior parietal cortex របស់ខួរក្បាល ហើយវានឹងចាប់ផ្ដើមធ្វើការនៅពេលយើងបញ្ចេញសកម្មភាពអ្វីមួយ ឬពេលយើងឃើញនរណាបញ្ចេញសកម្មភាពនោះ។ ដូចនេះ ពេលយើងញញឹម ឬឃើញមិត្តភក្តិណាម្នាក់ញញឹម កោសិកាប្រសាទកញ្ចក់នេះ ធ្វើការឆ្លើយតប ដោយញញឹមត្រឡប់ទៅវិញ។
អត្ថបទពាក់ព័ន្ធ៖
- ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត
- ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត”
៧- ញញឹមអាចជួយពង្រឹងកោសិកាក្នុងខ្លួន
ស្នាមញញឹមលើផ្ទៃមុខ មិនត្រឹមតែជួយកាត់បន្ថយស្ត្រេសនោះទេ ក៏អាចជួយបន្ថយភាពតានតឹងរបស់កោសិកាក្នុងខ្លួនផងដែរ នេះបើយោងតាមអ្នកជំនាញផ្នែកជីវគីមីអាមេរិក លោកស្រី Sondra Barrett។ នៅក្នុងសៀវភៅ Secrets of Your Cells របស់លោកស្រី បានពន្យល់ពីរបៀបកោសិកាបែងចែករវាងភាពគ្រោះថ្នាក់ និងសុវត្ថិភាព ជាមួយការជួសជុលកោសិកាចាស់ៗឲ្យមានតុល្យភាពក្នុងខ្លួនយើង។ ជាមួយគ្នានេះអ្នកឯកទេសជីវគីមីរូបនេះ ក៏បាននិយាយអំពីការគិតរបស់យើង ធ្វើឲ្យប៉ះពាល់ដល់មុខងារកោសិកាដូចគ្នា។ ពេលយើងញញឹម យើងនឹងអាចកាត់បន្ថយភាពតានតឹងលើកោសិកាទាំងនោះ អាចជួយឲ្យខ្លួនយើង ប្រយុទ្ធជាមួយការបង្កើតកោសិកាស្ត្រេស ដែលជាមូលហេតុអាចធ្វើឲ្យយើងកើតជំងឺមហារីកនៅថ្ងៃខាងមុខ។
៨- ញញឹមអាចជួយបង្កើនផលិតភាព
គុណប្រយោជន៍នៃស្នាមញញឹមនៅកន្លែងធ្វើការ មិនត្រឹមតែធ្វើឲ្យបរិយាកាសការងារល្អមួយមុខទេ អារម្មណ៍សប្បាយចិត្ដ អាចជួយឲ្យបុគ្គលិកធ្វើការកាន់តែមានប្រសិទ្ធភាព។ ក្នុងឆ្នាំ ២០១០ ក្នុងអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច រកឃើញថា ភាពសប្បាយរីករាយ មានប្រយោជន៍ ធ្វើឲ្យមានផលិតភាពការងារកាន់តែខ្ពស់នៅកន្លែងធ្វើការ។ បើអារម្មណ៍យើងពោរពេញដោយភាពសប្បាយរីករាយ នោះរឿងមិនល្អក៏មិនសូវកើតឡើងច្រើនដែរ។
៩- ញញឹមធ្វើឲ្យយើងកាន់តែមានគំនិតឆ្នៃប្រឌិត
ដូចគ្នាជាមួយការជួយឲ្យអារម្មណ៍សប្បាយចិត្ដ ញញឹម អាចជួយឲ្យមានភាពឆ្នៃប្រឌិតកាន់តែច្រើន។ ការសិក្សានៃសកលវិទ្យាល័យCalifornia នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ធ្វើឡើងឆ្នាំ ២០១៣ រកឃើញពីភាពសប្បាយរីករាយ អាចធ្វើឲ្យមនុស្សម្នាក់ហ៊ានប្រឈមមុខជាមួយបញ្ហាកាន់តែច្រើន ក៏អាចជួយឲ្យខួរក្បាលគិតឃើញដំណោះស្រាយល្អៗ ច្រើនជាងគំនិតអវិជ្ជមាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕