យើងម្នាក់ៗ សុទ្ធតែធ្លាប់ជួបរឿងមិនល្អចៀសមិនផុត រឿងដែលកើតឡើង ក៏មិនមែនសុទ្ធតែជាបញ្ហាដូចយើងគិតដែរ។ ផ្ទុយមកវិញ ការឆ្លើយតប ទាំងកាយវិការ និងអារម្មណ៍របស់យើងឯណេះទេ ទើបជាបញ្ហា។ អ្នកឯកទេសវិទ្យាសាស្ត្រ នៅអាមេរិក លោក Albert Ellis លើកឡើងថា ហេតុការណ៍ណាមួយបានកើតឡើង អាចកំណត់បានតាមការគិត និងកាយវិការយើង ដើម្បីឆ្លើយតបទៅវិញ។ បើយើងគិតវិជ្ជមានឲ្យបានច្រើន អារម្មណ៍ក៏ល្អទៅតាមនឹងដែរ។ ហេតុនេះ “Hello គ្រូពេទ្យ’ ចង់ណែនាំពីតិចនិកសម្រួលអារម្មណ៍ ពេលមានរឿងមិនល្អកើតឡើង។
១- ចំណាយពេលឲ្យបានច្រើនជាមួយមិត្តភក្តិមានគំនិតសុទិដ្ឋិនិយម
យើងគ្រប់គ្នា អាចមានទំនាក់ទំនងជាមួយមិត្តភក្តិ អ្នកស្គាល់គ្នាជាច្រើនប្រភេទ ហើយរៀងរាល់ថ្ងៃ យើងតែងបានជួប និងនិយាយជាមួយមនុស្សជាច្រើន។ ដើម្បីរក្សាចិត្ដឲ្យវិជ្ជមាន យើងត្រូវគេចចេញពីក្រុមមនុស្សទុទិដ្ឋិនិយម ក្រុមចូលចិត្ដរអ៊ូរទាំរឿងពិបាកចិត្ដ ឬចូលចិត្ត Drama។ ផ្ទុយមកវិញ គួរចំណាយពេលជាមួយមនុស្សយើងទុកចិត្ដ និងអាចធ្វើឲ្យយើងញញឹមបាន។ ដំបូន្មាន និងរបៀបគិតមិត្តភក្តិជំពូកនេះ អាចជួយកាត់បន្ថយរឿងមិនល្អក្នុងចិត្ដយើងបាន។
២- គិតឡើងវិញពីរឿងខ្លះយើងបានឆ្លងកាត់
អាចថាយើងកំពុងតែដោះស្រាយជាមួយរឿងលំបាកណាមួយ ប៉ុន្តែគ្នាយើង ក៏គួរតែគិតទៅវិញ ថាតើក្នុងអំឡុងពេលនេះ យើងបានឆ្លងកាត់ និងរៀនបានអ្វីខ្លះ។ ពេលវេលាដ៏លំបាក អាចធ្វើឲ្យយើងក្លាយជាមនុស្សខ្លាំង ហើយការបរាជ័យ នឹងក្លាយជាមេរៀនក្នុងជីវិតរបស់អ្នក។ ក្នុងពេលនេះ យើងក៏អាចសង្កេតមើលពីលទ្ធផលជាច្រើន បានមកពីការព្យាយាម ពុះពារ អំឡុងពេលវេលាលំបាកទាំងនេះ។
៣- ស្វែងរកជំនួយ
បើយើងត្រូវការជំនួយ អាចទៅរកជំនួយ និងដំបូន្មានពីអ្នកដទៃបាន។ នៅពេលយើងដឹងថា តែងតែមានមនុស្សនៅចាំជួយពីក្រោយ គឺពិតជាជួយយើងបានច្រើនមែនទែន អាចធ្វើឲ្យចិត្ដស្ងប់ និងធ្វើយើងមានគំនិតវិជ្ជមានកាន់តែច្រើន។
៤- ធ្វើតាមអារម្មណ៍ខ្លួនឯង
ពេលខ្លះ វិធីមួយនេះ ដូចជាពិបាកនឹងធ្វើបាន ប៉ុន្តែវាគឺជារឿងល្អ។ បើយើងពិបាកចិត្ដខ្លាំងហើយចង់យំ គួរតែយំចេញឲ្យខ្លាំងៗទៅ។ ទោះយ៉ាងណា ក៏អាចកាត់បន្ថយអារម្មណ៍សោកស្ពាយ ជួយឲ្យយើងគេចចេញពីរឿងអវិជ្ជមានមួយចំនួនបានដូចគ្នា។
៥- ស្វែងយល់អំពីស្ថានភាពខ្លួនឯងឲ្យបានច្បាស់
បើចេះស្វែងយល់ពីស្ថានភាពរបស់អ្នកដទៃ ស្រដៀងគ្នាជាមួយស្ថានភាពយើងកំពុងជួបប្រទះ អាចជួយយើងមានសង្ឃឹម និងមានកម្លាំងដើម្បីទប់ទល់ភាពស្មុគស្មាញ និងការលំបាកទាំងនេះបាន។ អ្នកឯកទេសចិត្តសាស្ត្រ លើកឡើងថា ស្វែងយល់ និងអានច្រើន អាចជួយកាត់បន្ថយស្ត្រេសបានរហូតទៅដល់ ៧០% ឯណោះ។
៦- ជឿជាក់ថាថ្ងៃល្អនឹងកើតឡើងសម្រាប់យើង
បើក្នុងភ្នែកយើងមើលឃើញតែរឿងអវិជ្ជមាន ចុងក្រោយនឹងជួបរឿងមិនល្អរហូត ដោយសារតែការគិតយើង ខុសគ្នាឆ្ងាយពីការរំពឹងទុក។ ដូចនេះ ត្រូវចាប់ផ្ដើមគិតរឿងអ្វីល្អៗ ឲ្យបានច្រើន។
៧- កុំព្យាបាលគិតអ្វីល្អឥតខ្ចោះ
ត្រូវចាំថា ជីវិតមនុស្ស គឺគ្មានអ្វីដែលល្អឥតខ្ចោះទេ ហើយក៏ជារឿងធម្មតាដែរ ដោយពេលខ្លះ យើងមិនអាចគ្រប់គ្រងអ្វីមួយមិនឲ្យកើតឡើងបាន។ ប៉ុន្តែអ្វីសំខាន់បំផុត ត្រូវព្យាយាមអស់ពីសមត្ថភាព ប្រឹងប្រែង ១០០% ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសម្រេចក្ដីស្រមៃយើង។
អត្ថបទពាក់ព័ន្ធ៖
- មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង គង់វង្សយូរអង្វែង
- ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស
៨- កុំខ្វល់នឹងគំនិតអ្នកដទៃ
មិត្តភក្តិមួយចំនួននៅជុំវិញខ្លួនយើង អាចនឹងមានចរិតមិនល្អ ចូលចិត្ដសើចចំអក សប្បាយលើគំនរទុក្ខអ្នកដទៃ។ ប៉ុន្តែត្រូវចាំថា នេះជាជីវិតយើង អ្នកទាំងអស់នោះ ក៏មិនអាចចំណាយពេលពេញមួយជីវិត ចាំសើចចម្អកឲ្យយើងរហូតនោះដែរ។ ហេតុនេះ យើងខ្លួនឯង មិនគួរចំណាយពេល ចំណាយកម្លាំង ឬបង្ហូរទឹកភ្នែក ដោយសារពាក្យសម្ដីអត់បានការទាំងនោះដែរ។
៩- វាយតម្លៃស្ថានភាពអាក្រក់ដែលកើតឡើង
ត្រូវសួរខ្លួនឯងថា “ជីវិតខ្ញុំកំពុងកើតអីឲ្យប្រាកដ?” ឬ “រឿងអីបានធ្វើឲ្យខ្ញុំឈឺក្បាលបែបនេះ?” បន្ទាប់មក ត្រូវកត់ត្រារឿងទាំងអស់ តាមលំដាប់លំដោយ និងរកមើលមូលហេតុបង្កឲ្យបានច្បាស់។ ពេលយើងរកឃើញមូលហេតុហើយ យើងនឹងអាចទប់ទល់ជាមួយគំនិតអវិជ្ជមានបានកាន់តែងាយស្រួល។
១០- ធ្វើចិត្ដឲ្យសប្បាយពេលគិតដល់រឿងអាក្រក់ធ្លាប់កើតឡើង
រឿងគួរឲ្យខ្លាចបំផុតក្នុងឆាកជីវិតយើង មិនមែនការបរាជ័យទេ ប៉ុន្តែគឺជាការចុះចាញ់របស់យើងទៅវិញទេ។ ត្រូវគិតពីមេរៀនជីវិត ធ្លាប់បានឆ្លងកាត់ ធ្លាប់កើតឡើងពីមុន និងត្រូវបន្តដើរទៅមុខទៀត។ ថ្ងៃណាមួយយើង នឹងនឹកឃើញរឿងទាំងអស់នេះ ហើយនឹងសរសើរខ្លួនឯង ជឿជាក់លើខ្លួនឯង ពោរពេញទាំងថាមពល និងការជំរុញទឹកចិត្ដ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕