សុខភាពល្អទាំងផ្លូវកាយ ទាំងផ្លូវចិត្ត សុទ្ធសឹងជារឿងសំខាន់ ព្រោះផ្នែកទាំងពីរមានទំនាក់ទំនង និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក នេះបើតាមការបកស្រាយបែបវិទ្យាសាស្រ្ត។ សុខភាពផ្លូវចិត្តល្អប្រសើរ ជាចំណែកមួយជួយឱ្យសុខភាពនៃរាងកាយបានល្អប្រសើរដូចគ្នាផងដែរ។ ជាការចែករំលែកក្នុងឆ្នាំ២០២០ លោក Richard Davidson អ្នកវិទ្យាសាស្រ្តផ្នែកប្រព័ន្ធប្រសាទ និងជានាយកនៃមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត នៃសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាម៉េរិក បានណែនាំគន្លឹះមួយចំនួនដូចខាងក្រោម៖
១. អនុវត្តការគិតបែបវិជ្ជមាន
ការសិក្សាបានបង្ហាញថា ការគិតបែបវិជ្ជមានផ្តល់ផលល្អដល់សុខភាព ដោយវាបានបន្ថយអត្រាជំងឺបេះដូងមនុស្សដល់ទៅ៣០ភាគរយ។ ការគិតវិជ្ជមានត្រង់នេះ សម្តៅលើការលើកទឹកចិត្តខ្លួនឯង ទោះជួបប្រទះបញ្ហាក្នុងជីវិតជាប្រចាំថ្ងៃចៀសមិនផុតក៏ដោយ។ លោក Richard បានលើកឡើងថា ការអនុវត្តការគិតវិជ្ជមានត្រឹម១៥នាទី/១សប្តាហ៍ ជួយឱ្យផ្លូវចិត្តប្រសើរ មិនបន្ទោសខ្លួនឯង និងស្វែងរកដំណោះស្រាយបញ្ហាបានដោយមានប្រសិទ្ធិភាពទៀតផង។
២. ធ្វើការងារដោយក្តីស្រលាញ់ពីចិត្ត
ការងារស្ម័គ្រចិត្ត ការជួយការងារសង្គម ធ្វើការងារដោយចេញពីចិត្ត អ្នកវិទ្យាសាស្រ្តរកឃើញថា បានជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូនល្អៗច្រើន ធ្វើឱ្យអារម្មណ៍បានប្រសើរទៅតាមនោះដែរ។ ដូចនេះការងារដែលជួយដល់អ្នកដទៃ ដោយក្តីស្រលាញ់ បានផ្តល់ផលវិជ្ជមានទាំងខ្លួនឯងផង និងជាប្រយោជន៍ដល់សង្គមរស់នៅផង។
៣. ពេញចិត្តនូវអ្វីដែលខ្លួនមាន
ការសិក្សាបានរកឃើញថា ការអរគុណដល់អ្វីដែលខ្លួនមាន ជាស្មារតីដឹងខ្លួន ជួយឱ្យសុខភាពផ្លូវចិត្តប្រសើរ ប្រឆាំងនឹងដំណើរធ្លាក់ទឹកចិត្ត ព្រមទាំងជំរុញការគិតវិជ្ជមាន។ អ្នកជំនាញសហរដ្ឋអាមេរិកខាងលើបាននិយាយថា របៀបដាស់តឿនខ្លួនឯង ឱ្យកើតមានភាពថ្លែងអំណរគុណក្នុងចិត្តនោះ គឺការសរសេរវាឡើងនូវបទពិសោធល្អៗជាសកម្មភាពប្រចាំថ្ងៃដែលបានធ្វើ មិនថាក្នុងកំណត់ហេតុ ឬការកត់ត្រាផ្សេងៗ ទោះតិចក្តី ក៏បានជួយដល់សុខភាពផ្លូវចិត្តផងដែរ។
៤. បង្កើនទំនាក់ទំនងល្អៗ
ផ្អែកតាមលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា អ្នកដែលមានទំនាក់ទំនងល្អៗ ជាមួយមិត្តភក្តិ បងប្អូន គ្រួសារ នឹងទទួលបានអារម្មណ៍កក់ក្តៅ និងភាពសប្បាយរីករាយច្រើន។ ដូចនេះ សារពី លោក Richard គឺការបង្កើនទំនាក់ទំនង និងអានុស្សាវរីយ៍ល្អៗ ជាមួយគ្រួសារ បងប្អូន និងមិត្តភក្តិតាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស
- ទោះមានអ្វីកើតឡើងក៏ដោយ តិចនិកទាំងនេះនៅតែអាចធ្វើចិត្តស្ងប់បាន
៥. បង្កើតគោលដៅច្បាស់លាស់
គោលដៅកាន់តែច្បាស់ ប្រៀបដូចការបង្កើនអត្ថន័យដល់ជីវិត។ ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានបង្ហាញថា នៅពេលមនុស្សមានគោលដៅធ្វើអ្វីមួយច្បាស់លាស់ គឺបានរួមចំណែកដល់សុខមាលភាពរបស់ពួកគេ ពោលគឺជួយបង្កើនទំនុកចិត្តដល់សាមីខ្លួន ព្រមទាំងបានជំរុញចិត្តឱ្យពួកគេធ្វើការទាំងនោះដោយចិត្តសប្បាយរីករាយ ប្រកបដោយលទ្ធផលល្អ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕