របួសគ្រាំទ្រូង-សួត ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចទ្រូង-សួតក្នុងកម្រិតធ្ងន់ ឬស្រាល រហូតដល់ការប៉ះពាល់ធ្ងន់ធ្ងរនៃសរីរាង្គក្នុងទ្រូង(សួត បេះដូង សរសៃឈាមធំ…) ហើយវាជាជំងឺដែលអាចមានការគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ។ មន្ទីរពេទ្យ កាល់ម៉ែត បានផ្សព្វផ្សាយឲ្យដឹងថា មូលហេតុដែលកើតមានរបួសគ្រាំទ្រូង-សួត គឺបណ្តាលមកពី៖
–គ្រោះថ្នាក់ចរាចណ៍លើសពី៥០%
–គ្រោះថ្នាក់ផ្សេងទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅដ្ឋាន តិចជាង៤០%
–ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់។
នៅពេលដែលរបួសគ្រាំទ្រូង-សួត ចាប់ផ្តើមធ្វើទុក្ខ គេតែងសង្កេតឃើញថា អ្នកជំងឺមានចេញរោគសញ្ញាដូចជា ឈឺចាប់ទ្រូងនៅកន្លែងប៉ះទង្គិច ទឹកមុខស្លេកស្លាំង ថប់ដង្ហើម ឬហត់។ លើសពីនេះ រោគសញ្ញារួមផ្សំមាន ហើមមុខ និងទ្រូង បែកញើសជោគខ្លួន អ្នកជំងឺឡេះឡះ និងដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់។
មន្ទីរពេទ្យ កាល់ម៉ែត បានបន្ថែមឲ្យដឹងថា ជំងឺរបួសទ្រូង-សួតនេះ គេធ្វើរោគវិនិច្ឆ័យបានដោយ៖
-ការពិនិត្យគ្លីនិក
-ការថតឆ្លុះ ទ្រូង-សួត
-ការថតឆ្លុះអេកូ ស្រោមសួត
–ការថតស្កែនន័រ ទ្រូង-សួត
ចំណែក ការព្យាបាលរបួសគ្រាំទ្រូង-សួត គីត្រូវចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក វះកាត់បើកទ្រូងដើម្បីឃាត់ឈាម និងព្យាបាលរបួសសរីរាង្គក្នុងទ្រូង ក្នុងករណីធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕