តាមអត្ថបទមុនៗ “Hello គ្រូពេទ្យ’ ចេញផ្សាយជាហូរហែរ ភាគច្រើនផ្តោតលើអាហារ ការហាត់ប្រាណ និងតិចនិកផ្សេងៗ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយយើងឲ្យបានខ្លាំងក្លា។ ប៉ុន្តែជឿថា គ្នាយើងមួយចំនួន នៅមិនទាន់ស្គាល់ច្បាស់ អ្វីជាប្រព័ន្ធភាពស៊ាំ? មានតួនាទីអ្វីខ្លះ? ហេតុអ្វីអាចទប់ទល់ជាមួយវីរុសពីខាងក្រៅបាន? បើគ្នាយើងមិនធ្លាប់ដឹងច្បាស់ទេ អត្ថបទនេះ អាចពន្យល់បាន។
១- អ្វីជាប្រព័ន្ធភាពស៊ាំ?
ប្រព័ន្ធភាពស៊ាំ គឺជាប្រព័ន្ធប្រឆាំងទៅនឹងការឆ្លងជំងឺចូលក្នុងរាងកាយយើង ដោយវានឹងប្រឆាំងវាយប្រហារពពួកមេរោគ ជួយឲ្យសុខភាពយើងបានល្អ។
២- ផ្នែកណាខ្លះនៃរាងកាយដែលជាប្រព័ន្ធភាពស៊ាំ?
កោសិកា និងសរីរាង្គមួយចំនួន បានធ្វើការរួមគ្នាដើម្បីការពាររាងកាយយើងពីការឆ្លងជំងឺ។ កោសិកាឈាមស ឬហៅម្យ៉ាងទៀតថា Leukocytes មានតួនានីសំខាន់មួយនៅក្នុងប្រព័ន្ធភាពស៊ាំយើង។
ប្រភេទមួយនៃកោសិកាឈាមសនេះ គេហៅថា Phagocytes ។វាមាននាទី ប្រឆាំងមេរោគ ដោយធ្វើការស៊ីកិនកម្ទេចមេរោគ។ ឯកោសិកាឈាមសមួយផ្សេងទៀត ត្រូវគេហៅថា Lymphocytes ដែលមាននាទី ជួយឲ្យរាងកាយចងចាំប្រភេទមេរោគដែលចូលមកឈ្លានពាននោះ និងសម្លាប់មេរោគទាំងនោះ។
កោសិកាឈាមស ពពួក Phagocytes ចែកចេញជាច្រើនប្រភេទផ្សេងៗគ្នា មួយប្រភេទនៃកោសិកានេះ គេហៅថា Neutrophil ដែលវាមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីនៅពេលដែលមានការបង្ករោគកើតឡើង។ ដូចនេះ ហើយនៅ ពេលដែលវេជ្ជបណ្ឌិតសង្ស័យថាមានការបង្ករោគ កើតឡើង នោះគាត់នឹងស្នើរសុំធ្វើតេស្តឈាមអ្នកជំងឺ ដើម្បីរកមើលកម្រិតរបស់ Neutrophil នេះ។ កោសិកាឈាមស ពពួក Phagocytes នេះ ចែកចេញជាប្រភេទ ផ្សេងៗ ទៀត ដែលឆ្លើយតបតាមប្រភេទនៃការឈ្លានពានពីពពួកមេរោគ ថាតើជាបាក់តេរី ឬ ពពួកប៉ារ៉ាស៊ីត។
ដោយឡែក ចំពោះកោសិកាឈាមស Lymphocyte ចែកជា ២ប្រភេទ គឺកោសិកា B lymphocytes និង T lymphocytes ហើយកោសិកាទាំងនេះ បង្កើតឡើងដោយខួរឆ្អឹងខ្នង ហើយប្រសិនបើវាលូតលាស់ធំពេញរូបរាងក្នុងខួរឆ្អឹងខ្នង វានឹងក្លាយទៅជាកោសិកា B តែបើសិនជាកោសិកានេះ បន្តទៅកាន់ប្រពេញទីមុស (Thymus Gland) វានឹងលូតលាស់ពេញលេញក្លាយទៅជាកោសិកា T។ កោសិកា B Lymphocytes ប្រៀបដូចជាកងទ័ពស៊ើបការណ៍របស់រាងកាយអ៊ីចឹង វាមាននាទី ស្វែងរកគោលដៅបង្ករោគ និងបញ្ជូនកោសិកាឈាមស ផ្សេងទៀត ទៅប្រយុទ្ធ ចំណែកឯកោសិកា T វិញ គឺជាកងទ័ពប្រយុទ្ធរបស់រាងកាយ វានឹងចេញទៅប្រយុទ្ធ នៅពេលដែលទទួលបានព័ត៌មានពីកោសិកា B។
អត្ថបទពាក់ព័ន្ធ៖
- ចេះតិចនិកញ៉ាំអាហារនេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន
- “ហាត់ប្រាណពេលពពោះ” មិនដើម្បីរាងស្អាតទេ គឺដើម្បីសុខភាព
៣- រួចចុះប្រព័ន្ធភាពស៊ាំដំណើរការយ៉ាងម៉េចខ្លះ?
នៅពេលរាងកាយត្រូវបានវត្ថុធាតុថ្មីណាមួយចូល (ដែលហៅថាអង់ទីហ្សែន ឬអតិសុខុមប្រាណ) នោះប្រព័ន្ធភាពស៊ាំ នឹងកំណត់ថាវត្ថុធាតុនោះជាអង់ទីហ្សែន ហើយប្រព័ន្ធភាពស៊ាំយើងនឹងកម្ចាត់វត្ថុធាតុនោះចោលតែម្តង។
កោសិកាឈាមស B lymphocytes គឺជាកោសិកាដែលបង្កើតអង្គបដិប្រាណ ឬហៅថាអង់ទីករការពារខ្លួនប្រាណ (Antibodies) ដែលវាជាប្រូតេអ៊ីនពិសេសមានលទ្ធភាពឃុំព័ទ្ធ អង់ទីហ្សែន។មនុស្សម្នាក់ៗ សុទ្ធតែមានអង់ទីករការពារនេះ ហើយនៅពេលដែលវាជួបជាមួយអង់ទីហ្សែនដំបូង វានឹងចាប់ផ្ដើមមុខងារចងចាំរបស់វា ទើបហេតុនេះហើយប្រសិន បើយើងមានជំងឺមួយចំនួន ដូចជាជំងឺអុចស្វាយ នៅពេលដែលជាសះស្បើយ យើងនឹងមិនកើតវាឡើងម្តងទៀតនោះទេ។
ដោយសារតែ បែបនេះ ទើបវិធីសាស្ត្រនៃការចាក់វ៉ាក់សាំងត្រូវបានបង្កើតឡើងដោយការប្រើប្រាស់មុខងាររបស់ប្រព័ន្ធភាពស៊ាំនេះ ឯង។ ការចាក់វ៉ាក់សាំង គឺជាការចាក់នៅ ពពួកអង់ទីហ្ស៊ែនដែលមិនអាចធ្វើឲ្យមនុស្សឈឺ ចូលក្នុងរាងកាយ ហើយឲ្យអង់ទីកររបស់ខ្លួនយើង ចងចាំនៅប្រភេទអង់ទីហ្សែននោះ ហើយវានឹងការពារខ្លួនយើងពីជំងឺដែលបង្កដោយអង់ទីហ្ស៊ែននោះទៅពេលអនាគត។
ថ្វីបើអង់ទីករអាចស្គាល់នឹងហ៊ុំព័ទ្ធមេរោគក៏ពិតមែន ប៉ុន្តែវាមិនអាចសម្លាប់វាបានទេ ដូចនេះហើយវានឹងត្រូវការជំនួយពីកោសកា T ។ កោសិកា T នឹងទៅកម្ទេចអង់ទីហ្ស៊ែនដែលត្រូវបានហ៊ុំព័ទ្ធដោយអង់ទីករ ឬកោសិកាមានការបង្ករោគ ឬដែលមានការផ្លាស់ប្ដូរខុសប្រក្រតី។ កោសិកា T ខ្លះ គឺអាចហៅថាជា កោសិកាពិឃាត ឬ Killer Cells ហើយពួកវាក៏ អាចជួយផ្ដល់សញ្ញាទៅកោសិកាឈាមសផ្សេងទៀត ដែលជាពិសេសគឺពពួកកោសិកា Phagocytes ឲ្យបំពេញការងាររបស់ខ្លួន។
អត្ថបទពាក់ព័ន្ធ៖
- របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ
- ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង
- ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម
៤- តើអង់ទីករមានមុខងារដូចម្ដេចខ្លះ?
អង្គបដិប្រាណ ឬអង់ទីករ អាចមាននាទីជួយបន្សាបជាតិពុល (toxin) ដែលបង្កើតឡើងដោយពពួកមេរោគផ្សេងៗ។ វាក៏មាននាទីជួយ ក្រុមប្រូតេអ៊ីនមួយប្រភេទដែលហៅថា Complement ឲ្យមានសកម្មភាពឡើង។ Complement គឺជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំ ហើយវាមាននាទីជួយសម្លាប់ បាក់តេរី វីរុស ឬកោសិកាដែលបានឆ្លងរោគ។
កោសិកាពិសេសៗទាំងនេះ គឺ ជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំរបស់យើង ដែលជួយការពារខ្លួនយើងប្រឆាំងនឹងជំងឺ។ ដែលការការពារនេះហើយយើងហៅថា ភាពស៊ាំ (Immunity)។
៥- ប្រភេទនៃប្រព័ន្ធភាពស៊ាំ
ក្នុងរាងកាយយើងមានប្រព័ន្ធភាពស៊ាំ ៣ប្រភេទ ផ្សេងគ្នា ដូចជា ប្រព័ន្ធភាពស៊ាំ Innate (ធម្មជាតិ) Adaptive (សកម្ម) និង Passive (ជំនួយ)។
– ប្រព័ន្ធភាពស៊ាំធម្មជាតិ (Innate immunity)៖ យើងគ្រប់គ្នាកើតមកសុទ្ធតែមានមកជាមួយនូវប្រព័ន្ធភាពស៊ាំនេះ ជាប្រព័ន្ធភាពស៊ាំការពារខ្លួនយើងទូទៅ។ ឧទាហរណ៍ វាដើរតួជារបាំងការពារមេរោគមិនឲ្យចូលក្នុងខ្លួនយើង ហើយប្រព័ន្ធនេះ នឹងចាប់បានភ្លាមនៅពេលរាងកាយមានវត្ថុធាតុពីក្រៅចូលមក ឬជាអ្វីមួយដែលប្រព័ន្ធភាពស៊ាំយើងដឹងថាអាចបង្កគ្រោះថ្នាក់ដល់រាងកាយបាន។
– ប្រព័ន្ធភាពស៊ាំសកម្ម (Adaptive immunity)៖ ជាប្រព័ន្ធភាពស៊ាំ អាចអភិវឌ្ឃខ្លួនគ្រប់ពេលវេលាក្នុងជីវិតរបស់យើង។ វាអភិវឌ្ឍឡើងនៅពេលយើងប្រឈមនឹងជំងឺ ឬបានចាក់វ៉ាក់សាំងការពារជំងឺ។
– ប្រព័ន្ធភាពស៊ាំជំនួយ (Passive immunity)៖ Passive immunity សម្តៅលើការខ្ចីកម្លាំងប្រព័ន្ធភាពស៊ាំពីប្រភពផ្សេង ហើយកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ឧទាហរណ៍ អង្គបដិប្រាណ ក្នុងទឹកដោះម្តាយ អាចជួយឲ្យទារកមានប្រព័ន្ធភាពស៊ាំបណ្តោះអាសន្នមួយការពារនឹងជំងឺ ដែលម្តាយយើងធ្លាប់កើតមានពីមុននោះ។
ប្រព័ន្ធភាពស៊ាំ ត្រូវការពេលមួយរយៈដើម្បីអភិវឌ្ឍខ្លួន និងត្រូវការជំនួយពីវ៉ាក់សាំង។ ហេតុនេះ ដើម្បីជួយរាងកាយមានសុខភាពល្អ គឺត្រូវចាក់វ៉ាក់សាំងឲ្យកូនយើង ឲ្យបានត្រឹមត្រូវតាំងក្មេងដើម្បីជួយកូនមានសុខភាពល្អ។
អត្ថបទគួរអាន៖
- ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើនដល់ស្បែក បេះដូង និងភ្នែក
- អត្ថប្រយោជន៍ ៧ យ៉ាងបានពីការញ៉ាំផ្លែត្រសក់ផ្អែម គ្រប់គ្នាមិនគួរមើលរំលង
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]