ការខ្វះចំណង់រឿងលើគ្រែ អាចបណ្ដាលមកពីបញ្ហាសុខភាពជាច្រើន ដូចជាការបាក់ទឹកចិត្ត ឬមកពីយើងមានជំងឺទឹកនោមផ្អែមជាដើម។ តាមពិត ភាពស្និទ្ធស្នាលជាមួយនឹងដៃគូ មិនត្រឹមតែជាតម្រូវការផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធដល់អារម្មណ៍របស់យើងផងដែរ។ ប្រសិនបើការតម្រេកកាមទាប វាធ្វើឲ្យយើងគ្មានអារម្មណ៍ចំពោះរឿងលើគ្រែឡើយ។
យោងទៅតាមគ្រូពេទ្យចិត្តសាស្ត្រ និងរោគស្ត្រី បានឲ្យដឹងថាការផ្លាស់ប្ដូរអ័រម៉ូនក៏អាចបណ្ដាលឲ្យមានការធ្លាក់ចុះនៃចំណង់ផ្លូវភេទផងដែរ។ ឧទាហរណ៍ ដូចជាការអស់រដូវជាដើម។
ហេតុដូច្នេះហើយ គ្នាយើងគួរតែដឹងអំពីលក្ខខណ្ឌសុខភាពទាំង៧យ៉ាងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតលើគ្រែរបស់ និងដើម្បីព្យាយាមរកវិធីដោះស្រាយឲ្យទាន់ពេលវេលា។
១. ជំងឺរលាកសន្លាក់
ការឈឺចាប់ និងជំងឺរលាកសន្លាក់ មានការពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ។ ការខូចទ្រង់ទ្រាយណាមួយនៃឆ្អឹង បង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅពេលដែលមានប្រតិបត្តិការលើគ្រែ។លើសពីនេះ ក្បាច់រួមភេទមួយចំនួន អាចដាក់សម្ពាធលើសន្លាក់ ដែលនាំឲ្យកើតមានការរមួលក្រពើធ្ងន់ធ្ងរ។ ដោយសារតែបញ្ហានេះ មនុស្សជាច្រើនចាប់ផ្ដើមចៀសវាងការរួមភេទ។
ការអស់កម្លាំង គឺជាមូលហេតុមួយទៀត ដែលកើតឡើងព្រមគ្នាជាមួយនឹងជំងឺរលាកសន្លាក់ហើយថ្នាំសម្រាប់អ្នកជំងឺប្រភេទនេះ ក៏ជះឥទ្ធិពលដល់ចំណង់ផ្លូវភេទផងដែរ។ លើសពីនេះជំងឺរលាកសន្លាក់អាចកាត់បន្ថយភាពពត់ពែននៅក្នុងរាងកាយដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើការរួមភេទ។
២.ជំងឺទឹកនោមផ្អែម
យើងបានដឹងហើយថា កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបង្កឲ្យមានហានិភ័យដ៏ធ្ងន់ធ្ងរដល់សុខភាពយើង។ នៅពេលរួមភេទ ឈាមហូរទៅកាន់សរីរាង្គបន្តពូជ និងផ្នែកផ្សេងទៀតនៃរាងកាយ។ ប៉ុន្តែសរសៃឈាមដែលខូច ធ្វើឲ្យរាំងស្ទះដល់លំហូរឈាមដែលមានឥទ្ធិពលក្នុងការកាត់បន្ថយនូវចំណង់ផ្លូវភេទ។
៣. ការបាក់ទឹកចិត្ត
តាមការសិក្សានៅក្នុងទស្សនាវដ្ដីនៃទំនាក់ទំនងសង្គម និងផ្ទាល់ខ្លួន បានបង្ហាញថា ការបាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តដទៃទៀត មានផលប៉ះពាល់ដ៏ខ្លាំងក្លាដល់ជីវិតលើគ្រែ។
តួយ៉ាង ដូចជាធ្វើឲ្យយើងបាត់បង់ទំនុកចិត្ត មានអារម្មណ៍ឃ្លាតឆ្ងាយពីដៃគូ មានបញ្ហាក្នុងការប្រាស្រ័យទាក់ទងអំពីការរួមភេទ ស្រពិចស្រពិលមិនដឹងគួរចាប់ផ្ដើមរបៀបណា និងបាត់បង់នូវចំណង់ផ្លូវភេទក្នុងជីវិត។
៤. ជំងឺមហារីក
នៅពេលដែលរាងកាយទាំងមូលស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ យើងមិនអាចគិតអំពីការរួមភេទទៀតឡើយ។ លើសពីនេះ ថ្នាំសម្រាប់ជំងឺនេះ ក៏មានផលប៉ះពាល់ដល់ចំណង់ផ្លូវភេទផងដែរ។
៥. ជំងឺខូចសរសៃប្រសាទឆ្អឹងខ្នង និងខួរក្បាល
ជំងឺខូចសរសៃប្រសាទឆ្អឹងខ្នង និងខួរក្បាល(MS) គឺជាជំងឺរ៉ាំរ៉ៃដែលជះឥទ្ធិពលដល់ខួរក្បាលរបស់យើង។សម្រើបផ្លូវភេទចាប់ផ្ដើមនៅក្នុងក្បាល ជាមួយនឹងការបញ្ចេញអ័រម៉ូនជាក់លាក់ ប៉ុន្តែដោយសារជំងឺនេះ សញ្ញាក៏ត្រូវឈប់ដំណើរការ ដែលធ្វើឲ្យយើងលែងមានអារម្មណ៍ផ្លូវភេទតទៅទៀត។
៦. ជំងឺបាក់ស្បាត (PTSD)
ជំងឺបាក់ស្បាត កើតឡើងដោយសារតែការប៉ះទង្គិចផ្លូវចិត្ត ដែលយើងធ្លាប់ជួបប្រទះពីមុនមក។ វាមានឱកាសខ្ពស់លើការប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់យើង ប្រសិនបើការប៉ះទង្គិចផ្លូវចិត្តនោះ ទាក់ទងទៅនឹងរឿងផ្លូវភេទ។
៧. ជំងឺបេះដូង
ដើម្បីដំណើរការរឿងលើគ្រែឲ្យដល់ចំណុចកំពូល យើងត្រូវការក្តីអំណត់ខ្ពស់ តែបើយើងមានជំងឺបេះដូងវិញ នោះអ្នកនឹងមានអាការៈញ័របេះដូង ក៏ដូចជាខ្វះថាមពលនៅក្នុងប្រតិបត្តិការរឿងលើគ្រែជាមិនខាន។ លើសពីនេះ ភាពធាត់ជ្រុល Metabolic Syndrome និងជំងឺទឹកនោមផ្អែម ក៏អាចបង្កឲ្យមានបញ្ហាបេះដូង ដែលប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់យើងបានផងដែរ។
[embed-health-tool-ovulation]