ទឹករម្អិល ជាទូទៅបង្កើតឡើងដោយនៅក្នុងទ្វារមាសស្រីៗ ដើម្បីជំនួយដល់ដំណើររួមភេទឲ្យរលូន និងស្រើបស្រាល។ ប៉ុន្តែស្រីៗមានបញ្ហាស្ងួតទ្វារមាស ប្រហែលជាមិនមានទឹករម្អិលគ្រប់គ្រាន់អំឡុងពេលរួមភេទទេ ខណៈទឹករម្អិលជំនួយផ្លូវភេទ អាចជាមិត្តល្អរបស់យើង ជួយកាត់បន្ថយអាការៈឈឺចាប់ពេលរួមភេទបាន។ យ៉ាងណា មានរឿងជាច្រើនទៀត យើងមិនធ្លាប់ដឹងពីទឹករម្អិលជំនួយពេលរួមភេទ ហេតុនេះមុនពេលប្រើ គួរដឹងទាំងចំណុចទាំង ៦ ខាងក្រោម ក៏ជារឿងល្អដែរ។
១- ទឹករម្អិលជំនួយទ្វារមាសស្រីៗមានប្រសិទ្ធភាពម៉េចខ្លះ?
ទឹករម្អិលជំនួយការរួមភេទ អាចមានផ្ទុកសារធាតុជែល ឬសារធាតុរាវ ត្រូវបានគេយកមកលាបលើទ្វារមាស និងមាត់ទ្វារមាស និងអាចលាបលើលិង្គប្រុសៗ មុនពេលចាប់ផ្តើមរួមភេទ។ បន្ទាប់ពីលាបវារួច ទឹករម្អិលនេះ នឹងជ្រៀបចូលក្នុងសាច់របស់យើង ដើម្បីជួយឲ្យការស៊កបញ្ចូលលិង្គ និងចង្វាក់រួមភេទ ដំណើរការរលូន បញ្ចៀសការឈឺចាប់ចំពោះស្រីៗ ពិសេសបើមានបញ្ហាស្ងួតទ្វារមាស។ ទឹករម្អិល មាន ៣ប្រភេទ ដូចជាប្រភេទទឹក ប្រភេទប្រេង និងប្រភេទស៊ីលីកូន ដោយប្រភេទស៊ីលីកូន អាចប្រើបានគ្រប់កាលៈទេសៈ ចំណែកឯប្រភេទប្រេងវិញ អាចនឹងមិនមានប្រសិទ្ធភាព ពេលប្រើជាមួយស្រោមអនាម័យ។
២- មានអ្វីសម្រាប់ប្រើជំនួសទឹករម្អិលបានទេ?
មានពេលខ្លះ មនុស្សជាច្រើនបានព្យាយាមសាកល្បងប្រើប្រាស់ផលិតផលជាច្រើនប្រភេទ នៅពេលប្រដាប់ភេទខ្លួនមិនមានភាពរអិលគ្រប់គ្រាន់។ ពួកគាត់អាចប្រើប្រេងម៉ាស្សា សាប៊ូកូនក្មេង និងប្រេងធម្មជាតិមួយចំនួន ដូចជាប្រេងអូលីវ ឬប្រេងដូង សម្រាប់ប្រើជំនួសទឹករម្អិលជំនួយការរួមភេទនេះ។ ប៉ុន្តែត្រូវចាំថា ផលិតផលទាំងអស់នោះ មិនអាចយកមកប្រើជំនួសទឹករម្អិលបានឡើយ ហើយប្រេងទាំងអស់ខាងលើ ថែមទាំងអាចធ្វើឲ្យស្រោមអនាម័យប្រភេទ Lax (ទន់ និងជ្រាយខ្លាំង) បែកបានថែមទៀតផង។ លើសពីនេះ ផលិតផលខ្លះ អាចធ្វើឲ្យមានការរលាកដល់ទ្វារមាស ប៉ុន្តែសម្រាប់ករណីចាំបាច់ យើងអាចយកវីតាមីន E ឬទឹកប្រទាលកន្ទុយក្រពើមកប្រើបាន បើវាមិនធ្វើឲ្យប៉ះពាល់ដល់ស្រោមអនាម័យប្រភេទ Lax ទេនោះ។
៣- ទឹករម្អិលតាមអាចធ្វើឲ្យរលាក ឬប្រតិកម្មអ្វីដែរទេ?
ភាគច្រើន ទឹករម្អិលគេផ្សព្វផ្សាយ មានផ្ទុកជាតិ Benzocaine, Anesthetic, Capsaicin និង Menthol ដែលសារធាតុផ្សុំទាំងអស់នេះ អាចបណ្ដាលឲ្យការរលាក ឬមានប្រតិកម្មចំពោះស្រីៗមួយចំនួន។ ក្រៅពីនេះ ទឹករម្អិលមានក្លិនក្រអូប ឬមានរសជាតិប្លែកៗ ក៏អាចធ្វើឲ្យគ្នាយើងមួយចំនួន មានប្រតិកម្មដល់ស្បែកបានដែរ។ សារធាតុ Parabens ដូចជា Methyl-, Butyl-, Ethyl- និង Propyl-paraben) ក៏អាចបង្កឲ្យមានការរលាកបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ៦ ចំណុច បញ្ជាក់ថាសមត្ថភាពរឿងលើគ្រែយើងអន់បំផុត
- តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល
៤- អ្វីទៅជាទឹករម្អិលធម្មជាតិ?
គេណែនាំឲ្យស្រីៗប្រើប្រាស់ទឹករម្អិលធម្មជាតិ ក្នុងករណីមានប្រតិកម្ម ជាមួយសារធាតុគីមី ក្នុងទឹករម្អិលគេផ្សព្វផ្សាយលក់លើទីផ្សារបច្ចុប្បន្ន។ ផលិតផលធម្មជាតិ គឺមានផ្ទុកវីតាមីន E និងទឹកប្រទាលកន្ទុយក្រពើ អាចនៅក្នុងទ្វារមាសបានយូរអំឡុងពេលរួមភេទ។ ក្នុងចំណោមទឹករម្អិលធម្មជាតិទាំងអស់ ទឹកប្រទាលកន្ទុយក្រពើ ជាជម្រើសល្អបំផុត ដោយសារតែវាមិនងាយធ្វើឲ្យមានប្រតិកម្មអ្វីឡើយ។ នៅពេលប្រើប្រាស់ផលិតផលចម្រាញ់ចេញពីធម្មជាតិ ត្រូវតែអានការណែនាំ ថាតើវាប៉ះពាល់ជាមួយស្រោមអនាម័យប្រភេទ Lax ដែរទេ។
៥- សារធាតុសម្លាប់ស្ពែមក្នុងទឹករម្អិលមានគ្រោះថ្នាក់អត់?
ដើម្បីការពារកុំឲ្យមានការពពោះដោយមិនបានប្រុងប្រយ័ត្ន គ្នាយើងអាចជ្រើសយកទឹករម្អិល មានសារធាតុសម្លាប់ស្ពែមមកប្រើបាន។ ប៉ុន្តែសារធាតុសម្លាប់ស្ពែម គឺផលិតឡើងពីជាតិ Nonoxynol-9 អាចធ្វើឲ្យមានការរំខាន និងអាចធ្វើឲ្យស្រីៗមិនមានភាពស្រណុកស្រួល។ លើពីនេះ សារធាតុសម្លាប់ស្ពែម អាចធ្វើឲ្យយើងប្រឈមកើតជំងឺកាមរោគទៀតផង ដោយវាទៅធ្វើឲ្យរលាកនៅតំបន់មាត់រន្ធនៃស្បែក។ ស្រោមអនាម័យ និងទឹករម្អិលធម្មតា ជាជម្រើសល្អគ្រប់គ្រាន់ សម្រាប់ការពារការមានផ្ទៃពោះ និងជំងឺកាមរោគ។
៦- អ្វីទៅជាទឹករម្អិលមានក្លិនក្រអូប?
ស្រដៀងគ្នាទៅនឹងស្រោមអនាម័យមានក្លិនក្រអូបដែរ ទឹករម្អិលប្រភេទនេះ គេផលិតឡើងសម្រាប់អ្នកចូលចិត្តប្រើប្រាស់មាត់ពេលរួមភេទ។ មានស្រីៗមួយចំនួន មិនចូលចិត្ដរួមភេទដោយប្រើមាត់ទេ ដោយសារមានការខ្មាស់អៀន ពាក់ព័ន្ធបញ្ហាក្លិននៅទ្វារមាសខ្លួនតែម្តង។ សម្រាប់បញ្ហាមួយនេះ អាចប្រើទឹករម្អិលមានក្លិនក្រអូបបាន។ ប៉ុន្តែគ្នាយើងមួយចំនួន មិនចង់ភ្លក់រស់ជាតិអ្វីប្លែកខ្លាំងពេកទេ ជាក់ស្តែង ទឹករម្អិលក្លិនទុរេនជាដើម។ ប៉ុន្តែសម្រាប់គ្នាយើងមានជំងឺទឹកនោមផ្អែម គួរតែប្រយ័ត្នជាមួយទឹករម្អិលមានរសជាតិផ្អែមផង។
[embed-health-tool-ovulation]