សម្រេចកាមដោយខ្លួនឯង គឺជារឿងធម្មតាចំពោះប្រុសៗ និងស្រីៗ សំដៅលើការរំញោចប្រដាប់ភេទ ដើម្បីឈានដល់ចំណុចកំពូល។ ពេលខ្លះសម្រេចកាមដោយដៃ ក៏អាចធ្វើជាមួយដៃគូបានដែរ ប៉ុន្តែពាក្យមួយនេះ ភាគច្រើនសំដៅបំពេញចំណង់ផ្លូវភេទតែម្នាក់ឯងប៉ុណ្ណោះ ហើយប្រុសៗច្រើនប្រើវិធីនេះជាងស្រីៗ ក៏មិនមានន័យថា ស្រីៗមិនចូលចិត្ដប្រើដៃសម្រេចកាមនោះដែរ។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់ខ្លះៗពីរឿងសម្រេចកាមខ្លួនឯង ឲ្យគ្នាយើងបានយល់ទាំងអស់គ្នា កុំឲ្យភាន់ច្រឡំទៀត។
១- ពេលណាទើបចាប់ផ្ដើមសម្រេចកាមខ្លួនឯងបាន?
ការសម្រេចកាម ជាការចាប់ផ្ដើមបញ្ចេញថាមពលផ្លូវភេទរបស់យើងម្នាក់ៗ ភាគច្រើនចាប់ផ្តើមនៅពេលយើងពេញវ័យ ព្រោះជាពេលអ័រម៉ូនក្នុងខ្លួនចាប់ផ្ដើមប្រែប្រួល ជាមូលហេតុធ្វើឲ្យយើងចាប់ផ្ដើមមានអារម្មណ៍ផ្លូវភេទខ្លាំង។ ជាធម្មតា ការសម្រេចកាមដោយខ្លួនឯង ឃើញថាប្រុសៗ និយមជាងមនុស្សស្រីៗ ព្រោះកត្តាសង្គម ធ្វើឲ្យស្រីៗមិនសូវសម្រេចកាមដូចមនុស្សប្រុសៗ ហើយស្រីៗភាគច្រើន ឈប់ប្រើដៃសម្រេចកាម នៅពេលចាប់ផ្តើមមានដៃគូរួមភេទត្រឹមត្រូវ។
២- ទស្សនៈខុសទៅលើរឿងសម្រេចកាម
មកទល់នឹងពេលនេះ ទោះជាវិទ្យាសាស្ត្របានពន្យល់ច្រើន ពាក់ព័ន្ធរឿងប្រើដៃសម្រេចកាមក៏ពិតមែន ប៉ុន្តែមានគ្នាយើងមួយចំនួន នៅតែគិតខុសចំពោះរឿងមួយនេះ ដោយគិតថា អាចធ្វើឲ្យប៉ះពាល់សុខភាព ឬមិនអាចមានកូនបានទៀតផង ខណៈទស្សនៈឧស្សាហ៍ប្រទះបំផុតគឺ៖
– សម្រេចកាមធ្វើឲ្យបាត់បង់កម្លាំងផ្លូវភេទ៖ ទស្សនៈនេះ ជាការភាន់ច្រឡំមួយចំពោះការសម្រេចកាមដោយខ្លួនឯង ព្រោះបើយើងសម្រេចកាមតាមធម្មតា តិចតួច គឺជារឿងល្អសម្រាប់សុខភាព ព្រោះជួយយើងអាចបញ្ចេញថាមពលផ្លូវភេទបាន។ ប៉ុន្តែបើយោងតាមជំនឿពីមុន គ្នាយើងភាគច្រើនគិតថា សម្រេចកាម ជារឿងគ្រោះថ្នាក់ ដោយសារប្រុសៗត្រូវបញ្ចេញមេជីវិតចោល និងធ្វើឲ្យខ្សោយកម្លាំង ហើយទស្សនៈនេះក៏មិនសូវបានយកចិត្ដទុកដាក់លើការសម្រេចកាមរបស់ស្រីៗដែរ។
នៅមានជំនឿផ្សេងទៀត គិតថាប្រុសៗសម្រេចកាមច្រើនពេក ធ្វើឲ្យបាក់កម្លាំង ធ្វើឲ្យទឹកកាមរាវ ប្រឈមជាមួយបញ្ហាគ្មានកូននៅថ្ងៃមុខ។ យ៉ាងណា វិទ្យាសាស្ត្របានបកស្រាយថា វាជារឿងមិនពិត ព្រោះសម្រេចកាមដោយប្រើដៃ មិនអាចធ្វើឲ្យប្រុសៗបាក់កម្លាំង ក៏មិនអាចធ្វើឲ្យមានបញ្ហាគ្មានកូននោះដែរ។
– មានតែប្រុសៗដែលអាចសម្រេចកាមខ្លួនឯង៖ គំនិតនេះ ក៏មិនមែនជាការពិតដែរ ព្រោះស្រីៗ ក៏ចេះសម្រេចកាមខ្លួនឯងដូចគ្នា គ្រាន់តែស្រីៗ មិនអាចបង្ហាញ ឬនិយាយអំពីរឿងនេះ ដោយបើកចំហដូចប្រុសៗប៉ុណ្ណោះ ព្រោះវាពាក់ព័ន្ធច្រើនទៅលើកត្តាសង្គម និងជំនឿសាសនា។ យ៉ាងណា ការសិក្សារកឃើញថា ស្រីៗទោះចូលចិត្តសម្រេចកាមដោយប្រើដៃ ឬឧបករណ៍ជំនួយ ដូចប្រុសៗក៏ដោយ ប៉ុន្តែស្រីៗនឹងចាប់ផ្ដើមកាត់បន្ថយ ឬឈប់សម្រេចកាមបែបនេះ នៅពេលមានដៃគូរួមភេទច្បាស់លាស់។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់
- អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន
៣- ការពិតទាក់ទងនឹងការសម្រេចកាម
ការសម្រេចកាម មិនបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពទេ ក៏មិនមែនជាសកម្មភាពបង្កឲ្យមានគ្រោះថ្នាក់នោះដែរ។ ប៉ុន្តែសម្រេចកាមដោយខ្លួនឯង អាចជះឥទ្ធិពលមិនល្អទៅលើសុខភាពផ្លូវចិត្ដ បើយើងងប់ងល់ជាមួយការសម្រេចកាមខ្លាំងពេក ឬមិនអាចគិតអំពីអ្វីផ្សេងបាន។ ករណីខ្លះ សម្រេចកាមខ្លួនឯង ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយដូចគ្នា បើយើងប្រើឧបករណ៍សម្រេចកាមមិនមានអនាម័យមកប្រើ នាំឲ្យប្រឈមការឆ្លងរោគ ពិសេសជំងឺកាមរោគ។
គ្នាយើងមួយចំនួន ចូលចិត្ដសម្រេចកាមជាងការរួមភេទក៏មាន ដោយសារការសម្រេចកាម អាចអនុញ្ញាតឲ្យយើងគ្រប់គ្រងកាយវិការ ទៅតាមអ្វីយើងចង់ ដើម្បីជួយឲ្យឈានដល់ចំណុចកំពូល។ ឯអំឡុងពេលរួមភេទវិញ កម្រិតពេញចិត្ដសកម្មភាពរួមភេទ គឺអាស្រ័យលើដៃគូរបស់ទាំងសងខាង ដែលពេលខ្លះក៏អាចធ្វើឲ្យចំណង់ផ្លូវភេទថយចុះដូចគ្នា។
គ្នាយើងមួយចំនួនធំ តែងសម្រេចកាមដោយខ្លួនឯង ដោយសារមិនពេញចិត្ដការរួមភេទជាមួយដៃគូ។ ហើយអ្នកខ្លះទៀតសម្រេចកាមដោយសារចង់បំពេញចំណង់របស់ខ្លួនបន្ថែម ទោះបីជាគាត់ពេញចិត្ដជាមួយការរួមភេទជាមួយដៃគូក្ដី។
[embed-health-tool-ovulation]