ភាពអារអត់កូនបានកំពុងវាយលុកកាន់តែច្រើនឡើងៗនៅក្នុងសង្គមបច្ចុប្បន្នសម្រាប់អ្នកជំនាន់ថ្មីនេះ។ មានមនុស្សជាច្រើនដែលនៅជុំវិញខ្លួនយើងបានកំពុងរងគ្រោះដោយមិនអាចមានកូនតាមបែបធម្មជាតិបាន។ ការមិនអាចមានគភ៌គឺជាស្ថានការណ៍ដ៏កម្របំផុតនៅពេលប៉ុន្មានឆ្នាំមុន ប៉ុន្តែឥឡូវនេះមួយក្នុងចំណោមប្ដីប្រពន្ធ៥គូគឺកំពុងរងគ្រោះដោយភាពអារអត់កូន។
មានការណែនាំមិនឲ្យយើងញ៉ាំអាហារប្រភេទ Fast Food ញឹកញាប់ពេក ព្រោះថាអាហារនេះមិនល្អសម្រាប់សុខភាពហើយថែមទាំងចំណាយថវិកាអស់ច្រើនថែមទៀត។ ប៉ុន្តែផ្ទុយពីការចៀសវាងពីអាហារដែលមិនល្អសម្រាប់សុខភាពនេះបែរជាយើងនាំគ្នាចូលចិត្តញ៉ាំអាហារបែបនេះទៅវិញ។ មនុស្សភាគច្រើនគឺមិនអាចទ្រាំមិនញ៉ាំអាហារ Fast Food បាននោះនៅពេលដែលមានអ្នកហៅប៉ាវញ៉ាំទៅហើយ។
តាមរយៈការស្រាវជ្រាវ
តាមការសិក្សាថ្មីមួយរបស់សហរដ្ឋអាមេរិក និងអេស្ប៉ាញបានរកឃើញថាផលិតផលអាហារ Fast Food ជាពិសេសពពួកអាហារដែលមានផ្ទុកខ្លាញ់ចម្រាញ់អាចធ្វើឲ្យបុរសដែលមានសុខភាពល្អមិនអាចបង្កកំណើតបាន ដោយខ្លាញ់ចម្រាញ៉ទៅបំផ្លាញមេជីវិតឈ្មោល។ ក្រុមគ្រូពេទ្យខាងសុខភាពបន្តពូជមកពីសាកលវិទ្យាល័យHarvardនិងសាកលវិទ្យាល័យMurciaភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញបានសហការគ្នាដើម្បីវិភាគទៅលើមេជីវិតឈ្មោលលើបុរសអាយុចន្លោះអាយុ១៨និង២២ឆ្នាំ។ អ្វីដែលក្រុមគ្រូពេទ្យបានរកឃើញគឺសម្រាប់អ្នកដែលបរិភោគអាហារ Fast Food ច្រើន មានមេជីវិតដែលមានគុណភាពល្អតិចជាងអ្នកដែលបរិភោគរបបអាហារដែលសម្បូរសារធាតុចិញ្ចឹម។
គ្រប់បុរសដែលត្រូវបានយកទៅសិក្សាគឺត្រូវកំណត់ឲ្យមានរាងកាយមាំមួន និងមិនមានបញ្ហាដែលអាចប៉ះពាល់ដល់ប្រព័ន្ធបន្តពូជនោះទេ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកដែលបរិភោគអាហារប្រភេទ Fast Food ដែលសម្បូរទៅដោយខ្លាញ់ចម្រាញ់គឺនៅតែអាចរកឃើញថាមេជីវិត តែមេជីវិតនោះបានរងគ្រោះធ្ងន់ធ្ងររួចហើយ និងប្រសិនបើនៅតែបន្តបរិភោគអាហារទាំងនេះ ទៀតនឹងអាចឈានទៅដល់ការកើតមានភាពអារអត់កូនតែម្ដង។
អាហារFast Food និងភាពអារអត់កូន
រហូតមកដល់ពេលនេះមនុស្សមួយចំនួនបានដឹងរួចហើយថាអាហារ Fast Food គឺមិនល្អសម្រាប់សុខភាពនោះទេព្រោះវាបង្កើនឱកាសដែលឈានទៅរកជំងឺទឹកនោមផ្អែម កូលេស្តេរ៉ូលខ្ពស់ និងជំងឺធាត់លើសទម្ងន់ ប៉ុន្តែយោងតាមរបាយការណ៍ថ្មីៗនេះការទទួលទានអាហារFast Food អាចបង្កើនហានិភ័យនៃភាពអារអត់កូនទៀត។
ទំនាក់ទំនងរវាងការបរិភោគអាហារFast Food និងភាពអារអត់កូន ទំនងអាចមកពីគ្រឿងផ្សំដែលកែប្រែហ្សែន (GMOs)ហើយមើលទៅ។ នៅក្នុងឆ្នាំ២០០៨ការសិក្សានៅក្នុងប្រទេសអូស្ត្រាលីមានផ្សាភ្ជាប់ការនៃបរិភោគសារធាតុ GMOs ជាមួយនឹងភាពអារអត់កូនដោយផ្ដល់នូវភស្តុតាងជាក់លាក់មួយគឺសារធាតុ GMOsមានផលប៉ះពាល់អវិជ្ជមានទៅលើប្រព័ន្ធបន្តពូជ។ ហេតុនេះហើយការបរិភោគអាហារFast Food បានបន្ថយគុណភាពមេជីវិត និងធ្វើឲ្យខូចខាតដល់ប្រព័ន្ធបន្តពូជ។ អាហារFast Food ភាគច្រើនសម្បូរទៅដោយសារធាតុ GMOs។
លោកសាស្ត្រាចារ្យMarion Nestleជំនាញខាងអាហារ និងសារធាតុចិញ្ចឹមនៅសាកលវិទ្យាល័យ New York បាននិយាយថាអាហារFast Food គឺមិនគួរបរិភោគច្រើននោះទេ។ ការបរិភោគអាហារខ្លាញ់បានក្លាយជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរក្នុងចំណោមហានិភ័យនៃសុខភាព។ អាហារFast Food សម្បូរទៅដោយកាល់ឡូរី និងអំបិលព្រមទាំងសារធាតុគីមី ។ ដូចដែលយើងបានដឹង សារធាតុគីមីដែលជ្រាបចូលទៅក្នុងអាហាររបស់យើងនោះគឺមិនល្អសម្រាប់សុខភាពហើយថែមទាំងបង្កើតឱកាសក្នុងការវិវឌ្ឍជំងឺជាច្រើនមុខ និងការអសមត្ថភាពបង្កកំណើតតាមបែបធម្មជាតិ។
[embed-health-tool-ovulation]