ភ្នែក ជាផ្នែកនៅលើរាងកាយដែលយើងអត់មិនបាន វាជួយឲ្យយើងមើលឃើញពីអ្វីគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួនយើង។ ធម្មតា ភ្នែកកម្រនឹងមានបញ្ហាធំដុំនាំទុក្ខឲ្យយើងណាស់ ទើបមានគ្នាយើងមួយចំនួនមិនសូវជាយកចិត្តទុកដាក់ថែទាំភ្នែកឲ្យបានល្អ។
មានដឹងទេថា នៅពេលដែលភ្នែកកើតជំងឺវាអាចផ្ដល់ផលពិបាកក្នុងការរស់នៅប្រចាំថ្ងៃយើង ឬបើធ្ងន់ធ្ងរអាចធ្វើឲ្យយើងមើលលែងឃើញ ហើយសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ ក៏ជាចំណែកមួយចូលរួមធ្វើឲ្យសមត្ថភាពភ្នែកចុះខ្សោយដែរ។ បើចង់ឲ្យភ្នែកល្អ មើលឃើញវត្ថុច្បាស់ទោះវ័យវិវត្តក្ដី យើងគួរកែប្រែទម្លាប់ប៉ុន្មានខាងក្រោមនេះចេញ៖
១. មិនពាក់វ៉ែនតាការពារកម្ដៅថ្ងៃ៖ ពេលយើងមិនពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ដូចយើងបើកចំហភ្នែកឲ្យត្រូវឥទ្ធិពល UV មិនល្អដែលអាចប៉ះពាល់ដល់កែវភ្នែក និងត្របកភ្នែក។ បើយើងឲ្យភ្នែកត្រូវកម្ដៅថ្ងៃក្នុងរយៈពេលយូរ វាអាចបណ្ដាលឲ្យរលាកផ្ទៃខាងលើនៃភ្នែក ឬក្នុងករណីកម្រខ្លះ អាចកើតជាមហារីកត្របកភ្នែកទៀតផង។
២. ជក់បារី៖ គ្រប់គ្នាដឹងហើយថា ការជក់បារីប៉ះពាល់ស្ទើរតែគ្រប់ផ្នែកដល់រាងកាយ បូករួមទាំងភ្នែកដែរ។ អ្នកជក់បារីងាយបាត់បង់គំហើញ ៤ដង បើធៀបនឹងមនុស្សធម្មតាមិនជក់បារី ប៉ុន្តែបើយើងផ្ដាច់បារីបាន ទោះវ័យណាក៏ដោយ អាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺភ្នែកធ្ងន់ធ្ងរ។
៣. ញីភ្នែក៖ ស្បែកដែលនៅជុំភ្នែកមានសភាពទន់ ស្ដើង ហើយវាធ្វើឲ្យការញីភ្នែកអាចប៉ះពាល់ដល់សរសៃឈាមតូចៗនៅក្រោមស្បែក និងបណ្ដាលឲ្យភ្នែកខ្មៅ ឬមើលទៅហើម។ បើយើងញីភ្នែកញឹកញាប់ក្នុងរយៈពេលយូរ វាអាចធ្វើឲ្យយើងកើតជំងឺប៉ោងកញ្ចក់ភ្នែក (cornea) ជាជំងឺភ្នែកម៉្យាងធ្វើឲ្យបាត់បង់គំហើញបាន។
៤. គេងមិនគ្រប់គ្រាន់៖ ការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យភ្នែកឡើងក្រហម ភ្នែកខ្មៅ ភ្នែកស្ងួត ញាក់ភ្នែក និងស្រវាំងភ្នែក។ មិនត្រឹមតែប៉ះពាល់ដល់ភ្នែកប៉ុណ្ណោះទេ ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់ផ្នែកសុខភាពទូទៅរបស់យើងបានដែរ។
៥. មានរបបអាហារមិនល្អ៖ បើយើងមិនញ៉ាំបន្លែ ឬផ្លែឈើគ្រប់គ្រាន់ក្នុងរបបអាហារប្រចាំថ្ងៃ មានន័យថា យើងទទួលបានវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀតមិនគ្រប់គ្រាន់សម្រាប់សុខភាពភ្នែក។ យកល្អ គួរតែញ៉ាំអាហារដែលមានវីតាមីនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគំហើញភ្នែក ដើម្បីការពារភ្នែកពីជំងឺផ្សេងៗ។
ដូចគ្នានេះដែរ ការញ៉ាំទឹកមិនគ្រប់គ្រាន់ ឬញ៉ាំអាហារមានជាតិសូដ្យូមខ្ពស់ អាចធ្វើឲ្យរាងកាយខ្សោះជាតិទឹក ជាហេតុបណ្ដាលឲ្យភ្នែកស្ងួត ផលិតទឹកភ្នែកមិនគ្រប់គ្រាន់ ដើម្បីផ្ដល់សំណើមដល់ភ្នែក។
៦. មិនពិនិត្យភ្នែក៖ ការពិនិត្យភ្នែកជាប្រចាំអាចបញ្ជាក់ឲ្យដឹងពីបញ្ហាភ្នែកមុនពេលវាកើតឡើង ជាពិសេសដូចជាជំងឺទឹកដក់ក្នុងបាតភ្នែក ដែលមិនមានចេញរោគសញ្ញាអ្វីឲ្យយើងដឹងមុន។
[embed-health-tool-ovulation]