អាការៈស្រវាំងភ្នែកភ្លាមៗអាចជាការរំខានមួយ ប៉ុន្តែពេលខ្លះអាចជាសញ្ញាព្រមានពីបញ្ហាសុខភាពផ្សេងដែលយើងមិនត្រូវមើលរំលង និងគួរពិគ្រោះជាមួយគ្រូពេទ្យ។ ក្រៅពីបញ្ហាភ្នែក អាការៈព្រិលភ្នែកក៏អាចមកពីជំងឺផ្សេងៗដែរ។
១. ជំងឺធាត់
ទម្ងន់របស់យើងគឺទាក់ទងនឹងសុខភាពភ្នែក។ ជំងឺធាត់អាចបង្កជំងឺភ្នែកជាច្រើនដូចជាភ្នែកឡើងបាយ (cataracts) ជាដើម។ ក្នុងករណីអ្នកជំងឺម្នាក់ឡើងទម្ងន់ខ្លាំង និងចាប់ផ្ដើមបាត់បង់គំហើញ គ្រូពេទ្យបានរកឃើញថាជំងឺធាត់គឺជាមូលហេតុបង្ក។
២. អាការៈឈឺក្បាលប្រកាំង
អាការៈឈឺក្បាលប្រកាំងធ្ងន់ធ្ងរអាចបង្កបញ្ហាដល់គំហើញបាន ជាពិសេសអាការៈស្រវាំងភ្នែកហើយអាការៈឈឺក្បាលប្រកាំងនេះគេហៅថា Migraine with aura និងបង្កអាការៈឈឺក្បាលខ្លាំង។ អាការៈស្រវាំងភ្នែកនេះតែងកើតមានមុនពេលឈឺក្បាល។ ពេលខ្លះអាចបណ្ដាលឲ្យបាត់បង់គំហើញខ្លះៗ ឬទាំងស្រុងមួយរយៈ។
៣. ជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហមគឺមានអាការៈភ្នែកក្រហមខ្លាំង និងហើមត្របកភ្នែក ហើយក៏អាចបង្កឲ្យស្រវាំងភ្នែក ហៀរទឹកភ្នែក និងពេលខ្លះក្រហាយ និងរមាស់។ ជាទូទៅ ជំងឺនេះបង្កដោយអាលែកហ្សី ឬវីរុស។
៤. ដុះដុំសាច់ក្នុងខួរក្បាល
ដុះដុំសាច់ក្នុងខួរក្បាលអាចបង្កឲ្យមានបញ្ហាជាមួយនឹងគំហើញដូចជាស្រវាំងភ្នែក និងចង្អោរ។ ដុំសាច់នេះអាចសង្កត់លើខួរក្បាល ហើយសម្ពាធនេះអាចបង្កអាការៈផ្សេងៗតាមផ្នែកផ្សេងនៃរាងកាយរួមទាំងភ្នែកដែរ។
៥. ជំងឺស្បែក Psoriasis
ជំងឺស្បែក Psoriasis គឺជំងឺស្បែកដែលអាចប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរ។ ក្រៅពីចេញរោគសញ្ញាលើស្បែកដូចជាការឈឺចាប់ ស្បែកក្រហម និងរលាក ជំងឺនេះក៏អាចបង្កបញ្ហាភ្នែក Uveitis ដែលបង្កការរលាកនៅភ្នែក និងបណ្ដាលឲ្យស្រវាំងភ្នែក និងចាញ់ពន្លឺ។ ក្នុងករណីនេះ យើងត្រូវព្យាបាលជំងឺភ្នែកដាច់ដោយឡែកពីជំងឺស្បែក Psoriasis។
៦. សម្ពាធឈាមទាប ឬខ្ពស់
សម្ពាធឈាមទាបអាចធ្វើឲ្យយើងស្រវាំងភ្នែក វិលមុខ និងចង្អោរដែលនេះជាអាការៈធម្មតា និងមិនមានរយៈពេលយូរទេ។ ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia) គឺជាជំងឺធ្ងន់ធ្ងរទាក់ទងនឹងសម្ពាធឈាមខ្ពស់ និងមានប្រូតេអ៊ីនក្នុងទឹកនោម។ ជំងឺនេះតែងកើតមានលើស្ត្រីពពោះ។ ការផ្លាស់ប្តូរភ្លាមទៅលើគំហើញអំឡុងពេលពពោះគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
៧. ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូច ឬដាច់សរសៃឈាមបាតភ្នែក (Diabetic retinopathy)។ កម្រិតជាតិស្ករក្នុងឈាមឡើងអាចបង្កការខូចខាតដល់សរសៃឈាមនៅក្នុងស្រទាប់រ៉េទីន។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម និងមានអាការៈស្រវាំងភ្នែក ឬបាត់បង់គំហើញផ្នែកខ្លះ ឬទាំងស្រុងគួរពិនិត្យសុខភាពភ្នែក។
[embed-health-tool-ovulation]