backup og meta

ប្រភេទ​​អាចម៍​ភ្នែក​ធម្មតា និង​ឆ្លង​មេរោគ គ្នា​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 06, 2021

    ប្រភេទ​​អាចម៍​ភ្នែក​ធម្មតា និង​ឆ្លង​មេរោគ គ្នា​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អាចម៍​ភ្នែក​​កើត​ឡើង​ជា​ទូទៅ​​ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង។ ពិត​ណាស់​ ភ្នែក​របស់​យើង​មាន​ភ្នាស​រម្អិល​​ជា​ជាលិកា​ដែល​​គ្របដណ្ដប់​គ្រឿង​ក្នុង​របស់​មនុស្ស​ដែល​មាន​លក្ខណៈ​ប្រហោង​ៗ និង​សរីរាង្គ​ជា​ច្រើន​​ទៀត​។ ​ភ្នែក​បង្កើត​អាចម៍​ភ្នែក​ ហើយ​វា​ក៏​អាច​លាង​សម្អាត​​ដោយ​ខ្លួន​ឯង​​នៅ​ពេល​ដែល​យើង​ព្រិច​ភ្នែក​ ពីព្រោះ​​សារធាតុ​រាវ​នឹង​​ចេញ​ពី​បំពង់​ទឹក​ភ្នែក។ ប៉ុន្តែ ជួនកាល​ អាចម៍​ភ្នែក​ក៏​អាច​ប្រមូលផ្ដុំ ព្រម​ទាំង​បង្ក​ជា​អាចម៍​ភ្នែក​រឹង​ផង​ដែរ​។ តើ​អាចម៍​ភ្នែក​ប្រភេទ​ណា​ដែល​ធម្មតា និង​ប្រភេទ​ណា​ដែល​យើង​គួរ​បារម្ភ​?

    ១. អាចម៍​ភ្នែក​នៅ​ពេល​ព្រឹក​

    ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​សង្កេត​ឃើញ​​អាចម៍​ភ្នែក​តិចតួច​នៅ​ពេល​ព្រឹក ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​យើង​មិន​ព្រិច​ភ្នែក​នៅ​ពេល​យប់។ កត្តា​នេះ​ធ្វើ​ឲ្យ​អាចម៍​ភ្នែក​ និង​កម្ទេចកំទី​ដទៃ​ទៀត​កកកុញ​​នៅ​កៀន​ភ្នែក​ ឬ​​នៅ​តាម​ត្របក​ភ្នែក​។ អាចម៍​ភ្នែក​​អាច​មាន​សភាព​ទន់​ ឬ​រឹង មាន​ពណ៌​ក្រែម​ លឿង​ ថ្លា​ ឬ​ស​ ហើយ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ យើង​អាច​ជូត​វា​ចេញ​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​ ឬ​លាង​សម្អាត​មុខ និង​ភ្នែក​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

    អាចម៌ភ្នែក

    ២. អាចម៍​ភ្នែក​រឹង

    នៅ​ពេល​ដែល​អាចម៍​ភ្នែក​​រឹង ឬ​ស្អិត​ វា​ក៏​អាច​ជា​សញ្ញា​នៃ​ការ​​បង្ក​រោគ​ដោយ​បាក់តេរី​។ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​ហូរ​ទឹក​រម្អិល​ភ្នែក​​ពណ៌​ប្រផេះ បៃតង ឬ​លឿង​ចេញ​ពី​ភ្នែក។ ជា​​ទូទៅ ​ការ​ឆ្លង​បាក់តេរី អាច​រួម​បញ្ចូល​ទាំង​​ជំងឺ​ភ្នែក​ក្រហម​ ​ឬ​ជំងឺ​រលាក​ភ្នាស​ពាស​ភ្នែក ។ ​ជំងឺ​ភ្នែក​ក្រហម​មិន​បង្ក​ជា​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​ជំងឺ​រលាក​ភ្នាស​ពាស​ភ្នែក​អាច​បណ្ដាល​ឲ្យ​យើង​ពិការ​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ​គ្នា​យើង​គប្បី​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ប្រសិនបើ​យើង​មាន​អាការៈ​​​ឈឺ​ភ្នែក ប្រតិកម្ម​នឹង​ពន្លឺ ការ​ប្រែប្រួល​គំហើញ​ ឬ​ចេញ​ទឹក​ភ្នែក​ ឬ​ទឹក​រម្អិល​ច្រើន​ជ្រុល​។

    ៣. អាចម៍​ភ្នែក​​រាវ​

    ​​​​ជាមួយ​គ្នា​នេះ​ដែរ អាចម៍​ភ្នែក​រាវ​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ដូចគ្នា​ ដែល​ជា​ធម្មតា​​វា​ជា​ជំងឺ​ភ្នែក​ក្រហម​ ។ ពិត​ណាស់ ជំងឺ​ប្រភេទ នេះ ​ឆ្លង​ខ្លាំង និង​អាច​រាលដាល​យ៉ាង​ឆាប់​រហ័ស​។ យ៉ាង​ណា​មិញ អាការៈ​នេះ​អាច​​ជា​សះស្បើយ​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ព្យាបាល​ ដោយ​សារ​តែ​រាងកាយ​របស់​យើង​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ប៉ុន្តែ​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ប្រសិនបើ​អាការៈ​នេះ​នៅ​បន្ត​ជា​ច្រើន​ថ្ងៃ​។ ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​ការពារ​អាការៈ​ភ្នែក​ក្រហម​នេះ​។

    ៤. អាចម៍​ភ្នែក​​សរសៃ​ៗ

    ជា​ធម្មតា​ អាចម៍​ភ្នែក​ប្រភេទ​​នេះ​​​កើត​ឡើង​ចំពោះ​អ្នក​ដែល​មាន​ភ្នែក​ស្ងួត​។ ភ្នែក​ស្ងួត​ជា​បញ្ហា​ភ្នែក​ដែល​​មិន​អាច​ផលិត​ស្រទាប់​​សារធាតុ​រាវ​​ គ្រប់​គ្រាន់ ឬ​មិន​ប្រក្រតី​។ ​ស្រទាប់​​សារធាតុ​រាវ​​​មាន​សមាសធាតុ​ផ្សំ​​​​ចំនួន​៣ គឺ​ទឹក​ ប្រេង និង​ទឹក​រម្អិល​។ នៅ​ពេល​ដែល​​សមាសធាតុ​ទឹក​មាន​តិចតួច វា​អាច​បង្ក​​ឲ្យ​កកើត​ឡើង​នៃ​អាចម៍​ភ្នែក​សរសៃ​ៗ​។ ក្នុង​ករណី​នេះ​ គ្រូ​ពេទ្យ​អាច​ធ្វើការ​ព្យាបាល​​បញ្ហា​ភ្នែក​ស្ងួត​ដោយ​ផ្អែក​ទៅ​លើ​មូលហេតុ​ជាក់លាក់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម