ការនាំកូនទៅពិនិត្យភ្នែកលើកដំបូង តាំងពីវ័យក្មេងមានសារសំខាន់ណាស់ចំពោះកូន ពីព្រោះវាមិនត្រឹមតែអាចជួយថែទាំសុខភាពភ្នែកកូនប៉ុណ្ណោះទេ វាក៏អាចជួយកំណត់ពីបញ្ហាភ្នែកផ្សេងៗបានទាន់ពេលវេលាផងដែរ។
កូនអាយុប៉ុន្មានគួរយកទៅពិនិត្យភ្នែកដំបូង?
សមាគមភ្នែកអាមេរិក បានណែនាំឲ្យប៉ាម៉ាក់យកអាអូនទៅពិនិត្យភ្នែកលើកដំបូងមុនពេលដែលកូនអាយុបាន ១ឆ្នាំ។ ពិតណាស់ កុមារគួរពិនិត្យភ្នែកម្ដងទៀត យ៉ាងហោចឲ្យបានម្ដងនៅចន្លោះអាយុ៣ឆ្នាំទៅ៥ឆ្នាំ ហើយនៅពេលដែលកូនចូលរៀន ប៉ាម៉ាក់គប្បីនាំកូនទៅពិនិត្យភ្នែកម្ដងក្នុងមួយឆ្នាំ រហូតដល់បញ្ចប់វិទ្យាល័យ។
ប៉ាម៉ាក់គប្បីនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យភ្នែក ប្រសិនបើអាអូនមានសញ្ញាដូចខាងក្រោម៖
- ភ្នែកក្រហមញឹកញាប់
- មានទឹកភ្នែកច្រើនជាងធម្មតា
- ភ្នែកស្រលេវ (ក្រោយអាយុ៦ខែ)
- ទំហំរន្ធប្រស្រីភ្នែកខុសគ្នា មានពណ៌មិនប្រក្រតី ឬប្រែប្រួលពណ៌
- ឧស្សាហ៍ឈឺភ្នែក
- ញីភ្នែកញឹកញាប់
- ប្រតិកម្មនឹងពន្លឺ
នៅវ័យសិក្សា សញ្ញានៃបញ្ហាភ្នែកអាចរួមមាន៖
- មិនអាចមើលឃើញវត្ថុពីចម្ងាយ
- មានបញ្ហាក្នុងការអានអក្សរលើក្ដារខៀន
- ភ្នែកកែក
- មើលទូរទស្សន៍ជិតពេក
- ឈឺក្បាល។
[embed-health-tool-ovulation]