យើងតែងសង្កេតឃើញថាមនុស្សចាស់ៗ ការស្ដាប់លែងសូវច្បាស់ ឬត្រូវនិយាយដដែលៗទើបដឹងរឿង។ បញ្ហាត្រចៀកលែងរវៀសរវៃរបស់មនុស្សចាស់នេះ ត្រូវបានលោកវេជ្ជបណ្ឌិត ហម សីលា ថាអាចមកពីកត្តាវ័យ និងមានបញ្ហាផ្សេងទៀត។
គ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង បានបន្តទៀតថា ការស្ដាប់លែងសូវឮដូចមុនរបស់មនុស្សចាស់មានកត្តាជាច្រើនដូចជា៖
១- មនុស្សកាន់តែចាស់ ក្រដាសត្រចៀកលែងរំញ័រដូចមុន
២- កូនឆ្អឹងត្រចៀកចាប់ផ្ដើមថយចុះរំញ័រដូចគ្នា
៣- ត្រចៀកផ្នែកខាងក្នុង (Cochlea) កន្លែងទទួល ការស្ដាប់ក៏ថយចុះដូចគ្នា ព្រោះកន្លែងនោះមានសរសៃប្រសាទមួយដែលបញ្ជូនទៅខួរក្បាល។
អត្ថបទពាក់ព័ន្ធ៖ បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ
ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិតថា ទាំងនេះជាផ្នែកមួយប៉ុណ្ណោះ ព្រោះពេលខ្លះអ្នកត្រចៀកធ្ងន់អាចបណ្តាលមកពីការរងផលប៉ះពាល់មួយចំនួនតាំងពីនៅក្មេង ឬការរលាកត្រចៀក ថ្លង់ពីកំណើត ឬអាចមកពីជំងឺ។ លោកវេជ្ជបណ្ឌិត ហម សីលា បានបញ្ជាក់ទៀតថា មនុស្សចាស់ខ្លះ ក៏នៅតែមានការស្ដាប់ល្អដដែល គ្រាន់តែភាគតិចប៉ុណ្ណោះ។
វេជ្ជបណ្ឌិតខាងលើក៏បានណែនាំថា ពេលមានបញ្ហាត្រចៀក យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងការឆ្កឹះ ត្បារ និងធ្វើអ្វីទៅក្នុងត្រចៀកដោយចិត្តឯង ព្រោះអាចនាំឲ្យឈឺចាប់ ឬស្ដាប់លែងឮតែម្ដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]