បច្ចុប្បន្ននេះ មធ្យោបាយធ្វើដំណើរមានច្រើន ម៉ូតូ ឡានផ្ទាល់ខ្លួន នៅមានឡានក្រុងឯកជន និងសាធារណៈ រួមរវល់ធ្វើការ និងរកស៊ីទៀត ចឹងហើយមនុស្សម្នាក់ៗ ដើរបានតិចណាស់។ តែការសិក្សាមួយ រកឃើញថា ស្រ្ដីវ័យចំណាស់ ដើរបានច្រើនជំហាន មានអត្រាស្លាប់ទាប។
ការសិក្សា ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ JAMA Internal Medicine បង្ហាញថា ស្រ្ដីវ័យចំណាស់ ដើរបាន ៤.៤០០ជំហាន/ថ្ងៃ មានអត្រាស្លាប់ ទាបជាងអ្នកដើរបាន ២.៧០០ជំហាន/ថ្ងៃ។ ជាមួយគ្នានេះ អត្រាស្លាប់ នឹងកាន់តែទាប បើស្ដ្រី ដើរបាន ៧.៥០០ជំហាន/ថ្ងៃ។
អ្នកស្រាវជ្រាវ នៅមន្ទីរពេទ្យ Brigham and Women របស់អាមេរិក វិភាគលើស្រ្ដី ជាង ១៦.០០០នាក់ មានអាយុជាមធ្យម ៧២ឆ្នាំ ដោយតាមដានរយៈពេល ៤ឆ្នាំ។ លទ្ធផល រកឃើញថា ស្រ្ដី ២៥% ដែលដើរបានជាមធ្យម ២.៧០០ជំហាន/ថ្ងៃ ប្រឈមខ្ពស់នឹងការស្លាប់ ដោយមានស្រ្តី ២៧៥នាក់ ស្លាប់ អំឡុងពេលសិក្សា។ ចំណែកស្រ្តី ៤១% ដើរបានជាធម្យម ៤.៤០០ជំហាន/ថ្ងៃ មានភាពប្រឈមទាបនឹងការស្លាប់។ ការសិក្សានេះ អ្នកស្រាជ្រាវ មិនបញ្ចូលស្រ្ដី មានជំងឺបេះដូង មហារីក និងទឹកនោមផ្អែមនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ជឿអត់ អ្នកដើរលឿនៗ រស់បានយូរជាងអ្នកដើរយឺតៗ?
- បច្ចេកទេសរត់ហាត់ប្រាណបែបសាមញ្ញៗ តែសុខភាពល្អ រាងស្អាត
លោកវេជ្ជបណ្ឌិត I-Min Lee នៅមន្ទីរពេទ្យ Brigham and Women បញ្ជាក់ថា ការរកឃើញនេះ ផ្ដល់ការលើកទឹកចិត្តដល់មនុស្សម្នាក់ៗ ដែលចង់ដើរ ១០.០០០ជំហាន/ថ្ងៃ តែពួកគេមិនអាចសម្រេចបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]