ពេលយើងឈានចូលដល់វ័យចំណាស់ មិនមែនមានន័យថាយើងត្រូវអស់ថាមពលធ្វើអ្វីលែងកើតនោះទេ។ ជាការពិតពេលយើងចាស់ទៅភាពរហ័សរហួន រវៀសរវៃរបស់យើងពិតជាថយចុះមែន តែក៏យើងនៅមានវិធីមួយចំនួនដើម្បីរក្សា និងបង្កើនថាមពលសម្រាប់រាងកាយបានដែរ។
១. របបអាហារ
ការញ៉ាំបន្លែ ផ្លែឈើស្រស់ និងអាហារមិនកែច្នៃផ្សេងៗទៀត គឺជួយបន្ថែមជាតិរ៉ែ និងវីតាមីនផ្សេងៗដល់រាងកាយ។ ដូចគ្នាដែរ ការញ៉ាំសាច់សត្វក៏ល្អចំពោះសុខភាពដែរ តែត្រូវញ៉ាំក្នុងកម្រិតសមល្មមបានហើយ ព្រោះសាច់ត្រូវចំណាយពេលយូរក្នុងការរំលាយ ដែលអាចធ្វើឲ្យយើងអស់កម្លាំងវិញដែរ។
ការញ៉ាំអាហារកញ្ចប់ ឬអាហារកែច្នៃ មិនផ្ដល់ប្រយោជន៍អ្វីច្រើនក្នុងការបង្កើនថាមពលដល់មនុស្សវ័យចំណាស់ទេ តែវាអាចធ្វើឲ្យខ្សោយកម្លាំង និងឡើងគីឡូទៅវិញ។
២. បន្ថែមវីតាមីន D
វីតាមីនD មានសារសំខាន់ក្នុងការបង្កើនថាមពល និងផ្លូវអារម្មណ៍ និងអាចរកបានដោយគ្រាន់តែយើងចំណាយពេលខ្លះឲ្យត្រូវពន្លឺថ្ងៃ។ ពេលដែលកាំរស្មីUV មកប៉ះនឹងស្បែក នោះវានឹងបំប្លែងទៅជាវីតាមីន D។
ប៉ុន្តែថា មនុស្សវ័យចំណាស់ អាចពិបាកស្រូបយកវីតាមីនDពីពន្លឺព្រះអាទិត្យបន្តិច ដោយសារតែស្បែកធ្វើការលែងសូវមានប្រសិទ្ធភាព។ បើសិនជាយើងជាមនុស្សវ័យចំណាស់ ហើយខ្វះវីតាមីន D ទៀតនោះ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងថាតើអាចប្រើអាហារបំប៉នវីតាមីន D បានឬយ៉ាងណា។
៣. យកចិត្តទុកដាក់លើវីតាមីន B12
វីតាមីនសំខាន់សម្រាប់បង្កើនថាមពលមួយទៀតដែរ គឺវីតាមីនB12 ។ វីតាមីននេះ អាចរកបាននៅក្នុងសាច់សត្វ តែត្រូវចាំថាកុំញ៉ាំសាច់ច្រើនពេក ព្រោះត្រូវការពេលយូរក្នុងការរំលាយ។ ក្រៅពីនេះ យើងអាចរកវីតាមីន B12 បាននៅក្នុងទឹកដោះគោ និងទឹកសណ្ដែក ឬផ្លែអាល់ម៉ុន។
៤. បញ្ចេញពលកម្ម
ស្ថិតក្នុងវ័យចំណាស់ ពិតណាស់ថាពិបាកធ្វើចលនា មិនដូចកាលនៅក្មេងៗ តែក៏យើងមិនត្រូវបោះបង់ការធ្វើចលនារាងកាយដែរ។ មនុស្សវ័យចំណាស់ គ្រាន់តែអាចដើរចុះឡើងពីរបីនាទីម្ដង និងធ្វើឲ្យបានច្រើនដងក្នុងមួយថ្ងៃ ក៏អាចជួយការពារការធ្លាក់ចុះនៃកម្រិតថាមពលដែរ។ ពេលវេលាល្អ គឺយើងអាចដើរនៅពេលព្រឹក ដើម្បីបានត្រូវពន្លឺថ្ងៃផង។
ការបានត្រូវពន្លឺថ្ងៃនៅពេលព្រឹកពេលយើងដើរ ក៏ជួយគ្រប់គ្រងដល់ចង្វាក់បេះដូង និងជួយឲ្យយើង គេងលក់ស្រួលនៅពេលយប់ដែរ។
[embed-health-tool-bmi]