ក្លិនមាត់ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងភាពជឿជាក់របស់យើង។ ក្លិនមាត់អាចបណ្តាលមកពី មូលហេតុជាច្រើនដូចជា កត្តាចំណីអាហារ ភេជ្ជៈ បារី គ្រឿងស្រវឹង ជំងឺ ថ្នាំ អនាម័យ និងសុខភាពមាត់ធ្មេញជាដើម។ ទន្ទឹមនឹងយើងដោះស្រាយជាមួយមូលហេតុដែលធ្វើឱ្យមានក្លិនមាត់ ក៏មានវីធីងាយៗមួយចំនួនដែលអាចបំបាត់ក្លិនមាត់បានដែរ។
១. ញុំាទឹកឱ្យបានច្រើន
ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងរារាំងការលូតលាស់បាក់តេរីក្នុងមាត់ដែលបណ្តាលឱ្យមានក្លិនមាត់។ ទឹកក៏ជួយសម្អាត និងកាត់បន្ថយក្លិនមិនល្អក្នុងប្រព័ន្ធរំលាយអាហារដែរ។
២. សម្អាតអណ្តាត
យើងអាចប្រើប្រដាប់កោសអណ្តាត ឬច្រាស់ដុសធ្មេញដើម្បីសម្អាត ព្រោះវាជួយកម្ចាត់កោសិកាងាប់ៗ កំទេចកំទីចំណីអាហារ និងបាក់តេរីចេញពីអណ្តាតដែលបណ្តាលឱ្យមានក្លិនមាត់។
៣. ខ្ពុរមាត់ជាមួយទឹកអំបិល
លាយអំបិល ១ ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១ ពែង រួចខ្ពុរមាត់រយៈពេល ៣០ វិនាទី។ ជាតិបាសនៅក្នុងអំបិលនឹងជួយបន្សាបជាតិអាស៊ីដនៅក្នុងមាត់ដែលអាចកម្ចាត់បាក់តេរីដែលបណ្តាលឱ្យពុកធ្មេញ និងមានក្លិនមាត់។
៤. ទំពាររុក្ខជាតិដែលមានក្លិនប្រហើរ
ការទំពារជីវ៉ាន់ស៊ុយបារំាង ឬជីខិនឆាយ ជីអង្គាម ឬជីវ៉ាន់ស៊ុយ នឹងធ្វើឱ្យខ្យល់ដកដង្ហើមស្រស់ថ្លាដោយសាររុក្ខជាតិទាំងនេះសម្បូរទៅដោយក្លរ៉ូហ្វីល។
៥. បៀមឈើអែម
ឈើឯមផ្ទុកទៅដោយសារធាតុ Cinnamic aldehyde ដែលអាចសម្លាប់បាក់តេរីដែលបណ្តាលឱ្យមានក្លិនមាត់។ ម្យ៉ាងទៀតការបៀមឈើអែមធ្វើឱ្យចេញទឹកមាត់ច្រើន។ ទឹកមាត់មិនត្រឹមតែជួយរក្សាជាតិសំណើមក្នុងមាត់ទេ វាប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ទៀតផង។
ដើម្បីចៀសវាងការមានក្លិនមាត់ យើងត្រូវដុសធ្មេញក្រោយញុំាអាហាររួច ឬយ៉ាងហោចណាស់ ២ ដងក្នុង ១ ថ្ងៃ និងរូតធ្មេញជាមួយសរសៃអំបោះរូតធ្មេញ ព្រោះបញ្ហាក្លិនមាត់ជាច្រើនបណ្តាលមកពីអនាម័យមាត់ធ្មេញ។
[embed-health-tool-bmi]