ឈឺធ្មេញគឺមានការឈឺចាប់ខ្លាំងសឹងតែទ្រាំមិនបាន ដែលនេះទាមទារឲ្យទៅជួបទន្តពេទ្យ។ ប៉ុន្តែមានដឹងទេថា យើងអាចបន្ថយការឈឺចាប់បានតាមរយៈតិចនិកងាយៗដោយប្រើប្រាស់របស់មានស្រាប់នៅក្នុងផ្ទះ។
១. ខ្ពុរទឹកអំបិល
ខ្ពុរទឹកអំបិលអាចជួយឲ្យកម្ទេចកំទីជាប់ក្នុងចន្លោះធ្មេញចេញមក និងអាចកាត់បន្ថយការហើម ជួយព្យាបាល និងជួយបន្ធូរអាការៈឈឺកផងដែរ។
យើងគ្រាន់តែដាក់អំបិលមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្ដៅឧណ្ហៗមួយកែវ ហើយយកទឹកនេះមកខ្ពុរមាត់រយៈពេល៣០វិនាទី និងស្ដោះចេញជាការស្រេច។
២. ស្អំទឹកកក
ប្រសិនជាមុខឡើងហើម គួរស្អំទឹកកកនៅនឹងថ្ពាល់។ ការធ្វើបែបនេះជួយកាត់បន្ថយការឈឺចាប់។ ចំពោះការហើមក៏អាចមាន ន័យថាអ្នកមានបញ្ហាអាប់សែដែរ ដែលអាប់សែនេះគឺជាថង់ខ្ទុះនៅជ្រៅក្នុងឫសរបស់ធ្មេញ។
៣. ទឹកកក
ដើម្បីកាត់បន្ថយការឈឺចាប់ អាចយកដុំទឹកកកមកត្រដុសនឹងចន្លោះមេដៃ និងចង្អុលដៃនៅដៃខាងដែលធ្មេញឈឺ។ ត្រដុសដុំទឹកកកនេះ៧នាទី ឬរហូតដល់កន្លែងនោះស្ពឹក។ អ្នកវិទ្យាសាស្ត្រជឿថាទឹកកកអាចបញ្ឈប់ការបញ្ជូនសញ្ញានៃការឈឺចាប់ទៅកាន់ខួរក្បាលបាន។
៤. ខ្ទឹមស
ខ្ទឹមសត្រូវបានគេប្រើប្រាស់ជាឱសថតាំងពីយូរណាស់មកហើយ។ ខ្ទឹមសផ្ទុកសារធាតុ allicin ដែលមាននាទីជាសារធាតុប្រឆាំងបាក់តេរី។ ដើម្បីកាត់បន្ថយការឈឺចាប់ យើងអាចយកខ្ទឹមសមួយកំពឹសមកបំបែក និងលាយជាមួយអំបិលបន្តិច រួចយកទៅបិតនៅធ្មេញដែលឈឺ។
អត្ថបទពាក់ព័ន្ធ៖
- របៀបទប់ទល់ និងកម្ចាត់ ជំងឺមាត់ធ្មេញឧស្សាហ៍កើត ៥ប្រភេទ
- បើកើតអាប់សែធ្មេញ ហើយទុកចោល ប្រយ័ត្នមានបញ្ហាច្រើន
- មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?
៥. តែជីរអង្កាម
ជីរអង្កាមមានសារធាតុធ្វើឲ្យស្ពឹកដែលអាចបន្ថយការឈឺធ្មេញបាន។ សារធាតុម៉ង់តុល (Menthol) នៅក្នុងជីរអង្កាមគឺជាសារធាតុប្រឆាំងបាក់តេរី។ យើងអាចដាក់ជីរអង្កាមក្រៀមមួយស្លាបព្រាកាហ្វេទៅក្នុងទឹកកំពុងពុះ និងទុកចោល២០នាទី។ ក្រោយពីនេះទុកឲ្យត្រជាក់ និងយកមកខ្ពុរមាត់។ យើងអាចស្ដោះចេញ ឬផឹកក៏បាន។
៦. ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើអាចព្យាបាលការរលាក ឬរបួសតូចៗ និងមនុស្សមួយចំនួនបានប្រើជែលនេះសម្អាត និងបំបាត់ការឈឺចាប់នៅអញ្ចាញធ្មេញ។ ការសិក្សាជាច្រើនក៏បានបង្ហាញថាប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងបាក់តេរីដែលជួយកំចាត់ពពួក germ ធ្វើឲ្យធ្មេញពុក។ ដើម្បីកាត់បន្ថយការឈឺធ្មេញ យើងអាចយកជែលប្រទាលកន្ទុយក្រពើទៅលាបលើកន្លែងដែលឈឺនៅនឹងមាត់ រួចម៉ាស្សាថ្នមៗទៅក្នុងអញ្ចាញធ្មេញ។
វិធីទាំងនេះគ្រាន់តែបន្ថយអាការៈឈឺចាប់រយៈពេលខ្លីប៉ុណ្ណោះ យកល្អគួរទៅជួបទន្តពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។
[embed-health-tool-bmi]