របៀបនៃការរស់នៅក្នុងសម័យទំនើបនាពេលបច្ចុប្បន្ន បានរួមចំណែកធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើសុខភាពមាត់ធ្មេញ។ បើយោងតាមការស្ទង់មតិបានរកឃើញថា អ្នកធ្វើការក្នុង Office ងាយកើតជំងឺមាត់ធ្មេញជាងការងារផ្សេងៗទៀត។ ដោយសារអ្នកធ្វើការក្នុង Office ជាច្រើនដុសធ្មេញមិនបានទៀងទាត់ ដោយសារប្រញាប់ចូលធ្វើការ ហើយបើនិយាយអំពីរបៀបដុសធ្មេញវិញ មាន ៨៨ភាគរយហើយ ដែលដុសមិនដល់២នាទីទេ។ ក្នុងការស្ទង់មតិនេះ ក៏បានរកឃើញថា មានមនុស្សប្រមាណ ៤០ភាគរយចូលចិត្ដញ៉ាំនំចំណី ជាជាងញ៉ាំបាយម្ហូបត្រឹមត្រូវ។ ទម្លាប់ទាំងអស់នេះហើយ ដែលធ្វើឲ្យធ្មេញឆាប់ខូច ដោយសារតែនំចំណីទាំងនោះ ទៅទប់ស្កាត់កម្រិត pH ក្នុងមាត់ ហើយធ្មេញក៏ប៉ះពាល់ជាមួយជាតិអាស៊ីតក្នុងអាហារច្រើនដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
១- ជំងឺមាត់ធ្មេញកើតច្រើន
ខាងក្រោមនេះជាជំងឺមាត់ធ្មេញ ដែលឧស្សាហ៍ជួបច្រើន៖
ពុកធ្មេញ
បើយោងតាមអង្ការសុខភាពពិភពលោក (WHO) បានលើកឡើងថា មនុស្សពេញវ័យភាគច្រើនអាចមានរោគពុកធ្មេញ។ ជំងឺពុកធ្មេញកើតឡើងដោយសារ កំណកកំបោរកកលើធ្មេញច្រើន ដែលវានឹងផលិតជាតិអាស៊ីតទៅបំផ្លាញស្រទាប់ស្ដើងខាងក្រៅរបស់ធ្មេញ។
ជំងឺអញ្ចាញធ្មេញ
ជំងឺអញ្ចាញធ្មេញនៅលើមនុស្សធំ បែងចែកទៅតាមកម្រិត ដូចជា ហើម ហូរឈាមតិចៗ ឬធ្ងន់ធ្ងររហូតបាក់ធ្មេញ។ ជំងឺនេះកើតឡើង ចាប់ផ្ដើមពីការរលាកអញ្ចាញធ្មេញបង្កដោយកំបោរ។ កំណកកំបោរនេះជាកន្លែងដែលបាក់តេរីចូលចិត្ដរស់នៅ ហើយវាក៏ធ្វើឲ្យរលាកត្រង់ជាលិកាសទន់ៗក្រាលលើអញ្ចាញធ្មេញដែរ។ មូលហេតុនេះធ្វើឲ្យរង្គើធ្មេញ ដោយសារការស្រកអញ្ចាញធ្មេញ ហើយបើមានឡើងខ្ទុះ អ្នកជំងឺចាំបាច់ត្រូវប្រើថ្នាំផ្សះព្យាបាល។
ជំងឺឆ្លង
ជំងឺឆ្លងដែលកើតលើមាត់ច្រើនជាងគេ គឺរើម (herpes) ដែលកើតឡើងនៅពេលអ្នកជំងឺទៅប៉ះជាមួយមេរោគ herpes simplex virus។ សម្រាប់អ្នកផ្ទុកមេរោគអេដស៍ ភាគច្រើនកើតជំងឺផ្សិត និងវីរុសក្នុងមាត់របស់អ្នកជំងឺ។ ជំងឺនេះធ្វើឲ្យយើងឈឺចាប់ ឡើងពងបែកនៅលើបបូរមាត់ ក្រោមអណ្ដាត និងតាមជាលិកានៅថ្ពាល់។ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយជំងឺឆ្លងទាំងអស់នេះ ដោយសារងាយឆ្លង និងងាយចម្លងទៅកាន់អ្នកជុំវិញខ្លួនបានយ៉ាងងាយ។
ត្រូវរបួស
ទោះបីរបួសមិនមែនជាជំងឺ ប៉ុន្តែយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) កុមារលើសពី ៤០% បានរងរបួស ឬការប៉ះទង្គិចត្រង់មាត់ធ្មេញ។ របួសទាំងនេះអាចបណ្ដាលមកពីឧប្បត្តិហេតុ និងការប្រើអំពើហិង្សា។
មហារីកមាត់
ជំងឺមហារីកមាត់មានការកើនឡើងរៀងរាល់ឆ្នាំ នេះបើយោងតាមរបាយការណ៍របស់ Oral Cancer Foundation។ យើងត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះជំងឺមហារីកមាត់មិនមានរោគសញ្ញាច្បាស់លាស់ក្នុងដំណាក់កាលដំបូងៗទេ។
អត្ថបទពាក់ព័ន្ធ៖
- រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ទម្លាប់៩យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- ជំងឺរាក់ស៊ីធ្មេញ អំពល់ទុក្ខប៉ុណ្ណា?
- ៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ
២- ការព្យាបាលជំងឺមាត់ធ្មេញ
សម្រាប់ជំងឺមាត់ធ្មេញ ការការពារគឺជាវិធីល្អបំផុត។ ប៉ុន្តែបើយើងបានកើតជំងឺទាំងអស់នេះហើយ កុំទាន់ព្រួយបារម្ភពេក យើងអាចព្យាបាលបានតាមវិធីដូចខាងក្រោម។
ជំងឺពុកធ្មេញ
ដើម្បីការពារបញ្ហាពុកធ្មេញ យើងត្រូវដុសធ្មេញឲ្យទៀងទាត់ និងត្រូវប្រើអំបោះទាក់ចន្លោះធ្មេញ កន្លែងដែលច្រាស់ដុសមិនដល់។ ពិនិត្យធ្មេញយ៉ាងហោច ២ដង ក្នុងមួយឆ្នាំដើម្បីសម្អាតកំបោរ ដែលយើងមិនអាចសម្អាតខ្លួនឯងបាន។ បើមានបញ្ហាពុកធ្មេញ ត្រូវប៉ះធ្មេញ ហើយបើធ្មេញខូចខ្លាំង ពេទ្យអាចដកធ្មេញចេញ ឬស្រោបដាក់ធ្មេញថ្មីជំនួស។
ជំងឺអញ្ចាញធ្មេញ
ប្រសិនបើគ្រូពេទ្យឃើញអញ្ចាញធ្មេញយើង គ្រូពេទ្យនឹងណែនាំឲ្យកោសសម្អាតទាំងគល់ធ្មេញ និងសម្អាតធ្មេញ។ របៀបព្យាបាលនេះ គឺត្រូវសម្អាតធ្មេញឲ្យស្អាត ជាពិសេសគឺកំណកកំបោរ។ ពេលសម្អាតធ្មេញ គ្រូពេទ្យនឹងកោសយកកំបោរចេញពីធ្មេញ ទាំងខាងក្រោម និងខាងលើអញ្ចាញធ្មេញ បន្ទាប់មកនឹងសម្អាតយកកំណកតូចៗក្នុងគល់ធ្មេញចេញ ដើម្បីការពារកុំឲ្យបាក់តេរីចូលក្នុងនោះបាន ដើម្បីឲ្យអញ្ចាញធ្មេញស្អិតជាប់ជាមួយធ្មេញឡើងវិញ។
ជំងឺឆ្លង
ការគ្រប់គ្រងពងបែកពីដំណាក់កាលដំបូង គឺដើម្បីបង្ការកុំឲ្យវិវត្តទៅជាពងបែកធំ ឬរាលដាលដល់ផ្នែកផ្សេងទៀតក្នុងមាត់។ បើឃើញមានដំបៅ គួរប្រើថ្នាំបំបាត់ការឈឺចាប់ និងប្រើទឹកខ្ពុរមាត់ដើម្បីឲ្យដំបៅឆាប់ជា។
របួស និងការប៉ះទង្គិច
របួសមាត់ធ្មេញច្រើនកើតឡើងពេលលេងកីឡា អ៊ីចឹងគួរពាក់ឧបករណ៍ការពារធ្មេញ។ បើមានរបួសប៉ះមាត់ធ្មេញ គួរព្យាបាលជាបន្ទាន់។ បើយើងរបួសបាក់ធ្មេញគ្រូពេទ្យអាចដាក់ដាំធ្មេញចូលវិញបាន ក្នុងអំឡុងពេល៣០នាទីដំបូង រហូតដល់ ២ ម៉ោង បន្ទាប់ពីមានឧប្បតិ្តហេតុ។ គួរលាងសម្អាតរណ្ដៅធ្មេញជាមួយទឹកស្អាត និងប្រញាប់ជួបពេទ្យ។
មហារីកមាត់
រហូតមកដល់សព្វថ្ងៃនេះ ការព្យាបាលជំងឺមហារីកមាត់ មានតែវះកាត់យកសាច់នោះចេញ បន្ទាប់មកបន្តការព្យាបាលតាមវិទ្យុសកម្ម និងប្រើថ្នាំគីមី ដើម្បីព្យាបាលកោសិកាមហារីកដែលនៅសេសសល់ ឬបង្ការកុំឲ្យក្លាយទៅជាដុំកាច។
ជំងឺមាត់ធ្មេញអាចបង្ការបាន បើយើងមានអនាម័យមាត់ធ្មេញល្អ។ បើមានបញ្ហាមាត់ធ្មេញ ចំណុចណាមួយគួរទៅជួបពិគ្រោះជាមួយពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យត្រឹមត្រូវ។
[embed-health-tool-bmi]