បញ្ហាអណ្ដាតឡើងខ្មៅដូចមានដុះរោម គឺអាចកើតមានជាបណ្ដោះអាសន្ន មិនបង្កគ្រោះថ្នាក់ តែធ្វើឲ្យអណ្ដាតយើងមើលទៅឃើញខ្មៅ និងដូចមានរោមដុះរោមលើហ្នឹងអ៊ីចឹងដែរ។
ការមើលឃើញអណ្ដាតប្រែជាខ្មៅបែបនេះអាចមកពីការកកើតនៃកោសិកាងាប់មានច្រើនទុំជាប់នៅលើដុំពកតូចៗនៅលើអណ្ដាត។ ដុំពកតូចៗនេះអាចមានប្រវែងវែងជាងធម្មតា ដែលអាចនាំឲ្យងាយតោងជាប់បាក់តេរី ផ្សិត ថ្នាំជក់ កម្ទេចអាហារ និងសារធាតុផ្សេងៗទៀត។
ទោះបីជាបញ្ហាអណ្ដាតឡើងខ្មៅដូចមានដុះរោមនេះមើលទៅគួរឲ្យបារម្ភ តែថាវាមិនបង្កជាបញ្ហាលើសុខភាពមាត់ធ្មេញនោះទេ ហើយក៏មិនមានការឈឺចាប់អ្វីដែរ។ បញ្ហានេះអាចបាត់ទៅវិញ ក្រោយយើងកម្ចាត់មូលហេតុបង្ក ឬធ្វើអនាម័យមាត់ធ្មេញ។
១. រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃបញ្ហាអណ្ដាតខ្មៅនេះមានដូចជា៖
- ឡើងពណ៌ខ្មៅលើអណ្ដាត ពេលខ្លះអាចជាពណ៌ត្នោត បៃតង ឬលឿង ក៏មាន
- អណ្ដាតមើលទៅដូចជាមានដុះរោម
- មាត់ប្តូររសជាតិ
- ក្លិនមាត់មិនល្អ
- មានអារម្មណ៍ថាអណ្ដាតគ្រើម
២. ពេលណាត្រូវទៅជួបពេទ្យ?
ទោះបីជាមើលទៅអណ្ដាតមិនស្អាត តែបញ្ហាអណ្ដាតខ្មៅដូចដុះរោមនេះកើតមានតែមួយរយៈប៉ុណ្ណោះនឹងបាត់ទៅវិញ និងមិនមានគ្រោះថ្នាក់នោះទេ។ គ្នាយើងអាចទៅជួបពេទ្យបើ៖
- មានក្ដីបារម្ភចំពោះរូបរាងរបស់អណ្ដាត
- អណ្ដាតខ្មៅមិនបាត់ទៅវិញក្រោយព្យាយាមសម្អាតអណ្ដាតមួយថ្ងៃពីរដង អស់ពេលជាច្រើនថ្ងៃ។
៣. មូលហេតុ
បញ្ហាអណ្ដាតឡើងខ្មៅដូចដុះរោមនេះ ជាធម្មតាកើតមានឡើងដោយសារតែដុំពកតូចៗនៅលើអណ្ដាតលូតលាស់វែងជាធម្មតា មិនអាចជម្រុះកោសិកាងាប់បានដូចធម្មតា។ ការណ៍នេះធ្វើឲ្យអណ្ដាតមើលទៅដូចជាមានដុះរោមអ៊ីចឹងដែរ។ កាកសំណល់អាហារ បាក់តេរី និងសារធាតុផ្សេងៗទៀត អាចតោងជាប់នៅនឹងដុំពកតូចៗលើអណ្ដាតនោះដែរ ជាហេតុនាំ ឲ្យអណ្ដាតប្រែពណ៌បាន។
កត្តានាំឲ្យកើតបញ្ហានេះអាចដោយសារ៖
- ខ្វះអនាម័យមាត់ធ្មេញ
- ការប្រែប្រួលពពួកបាក់តេរី ឬផ្សិតនៅក្នុងមាត់បន្ទាប់ពីប្រើថ្នាំផ្សះ
- មាត់ស្ងួត
- ប្រើប្រាស់ថ្នាំជក់ និង
- ផឹកគ្រឿងស្រវឹងច្រើនជ្រុល ជាដើម។
[embed-health-tool-bmi]