ស្រីៗយើងប្រហែលជាមិនធ្លាប់ដឹងពីមុនឡើយថា វដ្ដរដូវដែលគ្រប់គ្រងដោយអ័រម៉ូនអឺស្រ្តូហ្សែនទោះបីធ្លាក់មកមិនសូវទៀងទាត់ ឬផ្សេងពីនេះ គឺសុទ្ធតែអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់បេះដូងយើង និងអាចព្យាករណ៍ពីសភាពនៃសុខភាពបេះដូងបានផងដែរ។
ជាក់ស្ដែង អត្រានៃស្ត្រីដែលរងគ្រោះដោយជំងឺបេះដូង គឺមានច្រើនជាងបុរស។ កត្តានេះ គឺបណ្ដាលមកពីមុខងារសរីរវិទ្យារបស់យើង ជាពិសេស ស្ត្រីដែលមានអាយុចន្លោះពី៣៥ឆ្នាំ ដល់៤៥ឆ្នាំ អាចប្រឈមមុខនឹងជំងឺបេះដូងខ្ពស់ជាងគេ។
ស្ត្រីដែលមានវដ្ដរដូវទៀងទាត់ ជួបប្រទះនូវការកើតជំងឺបេះដូងតិចតួច បើធៀបនឹងបុរសដែលមានអាយុស្រករគ្នា ឬស្រ្តីដែលអស់រដូវ។ ការរាំងរដូវច្រើនដង គឺជាសញ្ញាគ្រោះថ្នាក់មួយដែលយើងគួរតែយកចិត្តទុកដាក់។
ជាការពិតណាស់ អ័រម៉ូនអឺស្រ្តូហ្សែនរបស់ស្រីៗយើង គឺជាអ័រម៉ូនប្រឆាំងនឹងជំងឺបេះដូង។ ជាទូទៅ នៅពេលស្រ្តីរាំងរដូវច្រើនដង (ហើយពុំមានផ្ទៃពោះ) អ័រម៉ូនអឺស្រ្តូហ្សែននឹងត្រូវបានបិទជិត។កត្តានេះ បណ្ដាលមកពីការរាំងស្ទះនៃអ័រម៉ូន ស្រ្តេស ការឡើងទម្ងន់ ឬការញ៉ាំមិនគ្រប់គ្រាន់ ក៏ដូចជាការរស់នៅមិនត្រឹមត្រូវជាដើម។
សម្រាប់ស្ត្រីដែលរាំងរដូវ មានកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនដូចទៅនឹងស្រ្តីដែលអស់រដូវដែរ។ រីឯសុខភាពឆ្អឹង ក៏រងការប៉ះពាល់ខ្លាំងក្លា ដូចដែលយើងឃើញកើតមានទៅលើស្រ្តីដែលអស់រដូវផងដែរ។
១.ស្រ្តីមានរដូវមិនទៀងទាត់អាចប្រឈមនឹងជំងឺបេះដូង
តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ស្រ្តីដែលរាំងរដូវដោយកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនទាប មានន័យថា មុខងារសរសៃឈាមតូចគឺនៅទាប ដែលនេះគឺជាដំណាក់កាលដំបូងនៃជំងឺបេះដូង។ យ៉ាងណាមិញ ចំណុចនេះ កំពុងស្ថិតនៅក្រោមការសិក្សាស្រាវជ្រាវនៅឡើយ។
ចំពោះស្ត្រីដែលមានជំងឺបេះដូង ច្រើនតែកើតមានការឈឺចាប់នៅលើទ្រូង នៅអំឡុងពេលនៃវដ្ដរដូវ។ នៅពេលដែលអ័រម៉ូនអឺស្រ្តូហ្សែនមិនសូវចរាចរនៅក្នុងចរន្តឈាមក្នុងសប្ដាហ៍ដែលមករដូវ ឬភ្លាមៗបន្ទាប់ពីអស់រដូវ ការឈឺចាប់នៅក្នុងទ្រូងគឺកាន់តែអាក្រក់ទៅ ឬ ក៏អាចបណ្ដាលឲ្យខ្វះឈាមទៅចិញ្ចឹមបេះដូងថែមទៀតផង។
២.ការពពោះក៏អាចជះឥទ្ធិពលដល់បេះដូង
ដូចដែលយើងបានដឹងហើយថា ទម្ងន់រូបរាងកាយរបស់ម៉ាក់ៗនឹងកើនឡើងនៅពេលពពោះអាអូន។ ដំបូង យើងតែងគិតថា សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែមពេលមានគភ៌ ឬក៏ដំណើរឡើងឈាម (នៅពេលមានផ្ទៃពោះ) នឹងត្រូវបានដោះស្រាយ បន្ទាប់ពីសម្រាលកូន។
តាមពិតទៅ នៅពេលម៉ាក់ៗពពោះ វាគឺជាឱកាសដើម្បីដឹងថា តើរាងកាយយើងឆ្លើយតបនឹងចង្វាក់បេះដូង ព្រមទាំងលំហូរឈាមខ្ពស់យ៉ាងម៉េច ដែលនេះគឺជាការធ្វើតេស្តភាពតានតឹងខាងសរីរវិទ្យា (Physiological street test)។ ប្រសិនបើស្ថានភាពទាំងនេះ កើតឡើងនៅអំឡុងពេលពពោះ នោះវាគឺជាសញ្ញាបញ្ជាក់ថា ការធ្វើតេស្តភាពតានតឹងខាងសរីរវិទ្យាមិនប្រក្រតី។
ឥឡូវនេះយើងដឹងហើយថា សម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានគភ៌ អាចធ្វើឲ្យស្ត្រីប្រឈមនឹងការកើតមានសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងបង្កើននូវឱកាសកើតជំងឺបេះដូងនៅថ្ងៃខាងមុខផងដែរ។
[embed-health-tool-ovulation]