អត្រាមរណភាពមាតាបានថយចុះពី ៤៧២ នាក់ (ឆ្នាំ ២០០៥) មកនៅត្រឹម ១៧០ នាក់ (ឆ្នាំ ២០១៤) ក្នុង ១ម៉ឺន កំណើតរស់ នេះបើយោងតាមការអង្កេតប្រជាសាស្ដ្រ និងសុខភាពកម្ពុជា (CDHS) ២០១៤ ដែលនេះសញ្ញាវិជ្ជមានមួយ។ តើមានកត្តារួមចំណែកអ្វីខ្លះជំរុញឲ្យអត្រាមរណភាពមាតាបានធ្លាក់ចុះច្រើនបែបនេះ?
លោកជំទាវសាស្ត្រាចារ្យ គ្រុយ លៀងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាបច្ចេកទេស ផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត បានលើកពីមូលហេតុមួយចំនួន ដែលនាំអត្រាមរណភាពមាតាថយចុះ ក្នុងនោះមានកត្តាសម្ភារៈបច្ចេកទេសកាន់តែទំនើប ថ្នាំសង្កូវសម្បូរបែបជាងមុន ធនធានមនុស្ស ការលុបបំបាត់ឲ្យលែងមានឆ្មបបុរាណ រួមទាំងកត្តាចំណេះដឹងរបស់ស្ត្រីខ្លួនឯង។
“ផ្នែកសម្ភពយើងមានការរីកចម្រើនច្រើន តាំងពីមុន ១០ឆ្នាំមុន ២០ឆ្នាំមុន គឺយើងមានការលំបាកនៅក្នុងផ្នែកបច្ចេកទេស សម្ភារៈ ថ្នាំសង្កូវយើងនៅមានការខ្វះខាត ហើយប្រជាជនយើងមិនសូវបានដឹង ពេលដែលគាត់មកពេទ្យហួសពេល ពេទ្យលំបាកនឹងជួយគាត់’។
ទោះបីជាកម្ពុជាមានសញ្ញាវិជ្ជមានក្នុងការកាត់បន្ថយអត្រាមរណភាពមាតាក៏ដោយ តែបើតាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនហៅកាត់ (UNFPA) ស្ត្រី ៩ នាក់ក្នុង ចំណោមស្ត្រី ១០ នាក់ ដែលបានទៅតាមដានផ្ទៃពោះ ថា តម្លៃសេវា តម្លៃបន្ថែមផ្សេងៗ និងការចំណាយប្រាក់ហោប៉ៅ នៅតែជាឧបសគ្គក្នុងការពិនិត្យតាមដានផ្ទៃពោះ។
ក្នុងនោះដែរ UNFPA បញ្ជាក់ថា ការបណ្តុះបណ្តាលឆ្មបមានសារៈសំខាន់ណាស់ក្នុងការផ្តល់ការថែទាំមាតា និងទារកដែលមានគុណភាព។ ម្យ៉ាងវិញទៀត ការរៀបចំផែនការគ្រួសារ ពីការមានការកូន ៣.៨នាក់/ស្ត្រីម្នាក់ នៅឆ្នាំ ២០០០ បានធ្លាក់ចុះមកនៅត្រឹម ២.៧នាក់/ស្ត្រីម្នាក់ នៅឆ្នាំ២០០៤ ឯការប្រើប្រាស់មធ្យោបាយពន្យារកំណើតបែបទំនើបបានកើនឡើងពី១៩% ក្នុងឆ្នាំ ២០០០ មកដល់៣៩% ក្នុងឆ្នាំ ២០១៤ ជាចំណែកមួយធ្វើឲ្យអត្រាមរណភាពមាតាធ្លាក់ចុះដែរ។
ដោយហេតុថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ ក្នុងសកលលោក ដែលសម្រេចបានគោលដៅសហវត្សរ៍ ឆ្នាំ ២០១៥ មុនកាលកំណត់ ដូចនេះនៅឆ្នាំ
២០៣០ កម្ពុជាគ្រោងកាត់បន្ថយឲ្យបានអត្រាមរណភាពមាតា មកនៅត្រឹម៧០នាក់ លើកំណើតកូនរស់ ១០ម៉ឺននាក់។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមានផ្ទៃពោះនៅវ័យក្មេងពេកអាចប្រឈមនឹងបញ្ហាច្រើនទាំងម្ដាយ និងកូន
- ទាំងនេះជាមូលហេតុបង្ក និងវិធីការពារស្រ្តីកុំឲ្យមានគ្រោះថ្នាក់ពេលមានផ្ទៃពោះ
- ភាពខ្មាសអៀនធ្វើឲ្យស្រីៗ ជួបបញ្ហាសុខភាពទាំងនេះ
- សម្រាលកូនរួចម៉ាក់ៗធ្វើបែបនេះ ជួយសុខភាពផ្លូវកាយ-ចិត្តបានល្អ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]