ឆ្លើយតបនឹងការលើកឡើងបែបនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា គ្រាន់តែងូតទឹកពេលមករដូវមិនធ្វើឲ្យរដូវអាក់ ឬបង្កជាផលបញ្ហាសុខភាពអ្វីផ្សេងនោះទេ។ ការងូតទឹកអាចធ្វើឲ្យអាក់រដូវគ្រាន់តែជាការលើកឡើងពីចាស់ៗប៉ុណ្ណោះ។
លោកបន្តថា ការងូតទឹកក្ដៅអំឡុងពេលមករដូវអាចជួយដល់លំហូររបស់ឈាម វាក៏អាចជួយកាត់បន្ថយការឈឺចុកចាប់ និងសម្រួលដល់ភាពតានតឹងរបស់សាច់ដុំបានផងដែរ។ និយាយទៅ វាគ្មានហេតុផលណាដែលបញ្ជាក់ឲ្យស្រីៗមិនគួរងូតទឹក ឬត្រាំទឹក។ តាមពិតទៅ បើយើងត្រាំទឹកក្ដៅ វាអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល បូករួមទាំងធ្វើឲ្យយើងមានអារម្មណ៍ថាស្អាតទៀតនោះ វានឹងជួយស្រីៗ មានអារម្មណ៍ស្រស់ថ្លា មិនឆាប់មួម៉ៅ ហើយវាក៏ជួយសម្រួលដល់បញ្ហាចុកពោះខ្លាំងពេលមករដូវបានដែរ។
លើសពីនេះទៅទៀត ពេលយើងងូតទឹកអំឡុងពេលមករដូវ ស្រីៗគួរប្រើសាប៊ូស្រាល និងគ្មានក្លិនទឹកអប់សម្អាតបរិវេណទ្វារមាស ព្រោះផលិតផលថែទាំកន្លែងសម្ងាត់ចំនួនអាចរំខានដល់តុល្យភាពបាក់តេរីល្អៗរបស់កន្លែងសម្ងាត់ បណ្ដាលឲ្យងាយឆ្លងមេរោគផ្សេង។
ម៉្យាងវិញទៀត ប្រធានផ្នែករោគស្ត្រី និងសម្ភពនៃមន្ទីរពេទ្យមិត្តភាព រូបនេះបន្តថា ការងូតទឹកក្ដៅក៏អាចផ្ដល់ផលប្រយោជន៍ច្រើនដល់សុខភាពយើងដែរ។