បម្រែបម្រួលអ័រម៉ូន អំឡុងពេលមករដូវ អាចនាំឲ្យមានការប្រែប្រួលជាច្រើននៅក្នុងរាងកាយ ហើយស្រីៗមួយចំនួនអាចកើតមានអាការៈឈឺក្បាល អំឡុងពេលនេះ។ ជាក់ស្ដែង មានអាការៈឈឺក្បាលប្រភេទខុសៗគ្នាដែលកើតឡើងនៅអំឡុងពេលមករដូវ ដូចជាការឈឺក្បាលដោយការតានតឹង ដែលបណ្ដាលមកពីស្រ្តេស ឬអាចវិវត្តទៅជាការឈឺក្បាលក្រោយមករដូវ ដោយសារតែការបាត់បង់ឈាម និងការថយចុះកម្រិតជាតិដែក។
យ៉ាងណាមិញ ក្នុងចំណោមអាការៈឈឺក្បាលប្រភេទផ្សេងៗដែលកើតឡើងនៅអំឡុងពេលមករដូវ ការឈឺក្បាលដោយកត្តាអ័រម៉ូន និងឈឺក្បាលប្រកាំងពេលមករដូវ តែងតែកើតឡើងជាទូទៅ។
មូលហេតុបង្ក
ការប្រែប្រួលកម្រិតអ័រម៉ូនអាចនាំឲ្យកើតមានអាការៈឈឺក្បាលបង្កឡើងដោយអ័រម៉ូន និងឈឺក្បាលប្រកាំង។ ពិតណាស់ អ័រម៉ូនគ្រប់គ្រងមុខងារជាច្រើននៃរាងកាយរបស់យើង។ អាការៈឈឺក្បាលនេះ អាចកើតឡើងមុនពេល អំឡុងពេល ឬក្រោយពេលមករដូវ។
អ័រម៉ូនEstrogenជាអ័រម៉ូនភេទរបស់ស្រីៗ ដែលធ្វើដំណើរឆ្លងកាត់ចរន្តឈាមបញ្ជូនសារទៅផ្នែកផ្សេងៗនៃរាងកាយ។ អ័រម៉ូននេះកើនឡើងពាក់កណ្ដាលវដ្ដរដូវ ដើម្បីជំរុញឲ្យមានការបញ្ចេញស៊ុតញី។ ការកើនឡើងនៃកម្រិតអ័រម៉ូនEstrogenនេះ អាចជួយឲ្យដល់ការផ្សាំស៊ុតនៅក្នុងស្បូន។ បន្ទាប់ពីបញ្ចេញពងអូវុល កម្រិតអ័រម៉ូននឹងថយចុះ ហើយអ័រម៉ូនEstrogen និងProgesterone នឹងធ្លាក់ចុះទាបបំផុតមុនពេលមករដូវ ដែលកត្តានេះអាចបណ្ដាលឲ្យស្រីៗគ្នាយើងប្រឈមនឹងអាការៈឈឺក្បាល។
ការព្យាបាល
ការព្យាបាលអាការៈឈឺក្បាលដោយសារអ័រម៉ូន និងឈឺក្បាលប្រកាំងពេលមករដូវ អាស្រ័យទៅលើស្ថានភាពធ្ងន់ធ្ងរនៃជំងឺ។
ជាទូទៅ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់មានប្រសិទ្ធភាពខ្ពស់ ហើយថ្នាំទាំងនេះក៏អាចកាត់បន្ថយការឈឺក្បាលដោយសារភាពតានតឹង ដែលបង្កឡើងដោយកម្រិតជាតិដែកចុះទាបថែមទៀតផង។ ទន្ទឹមនឹងនេះដែរ កាហ្វេអ៊ីនក៏មានគុណប្រយោជន៍ក្នុងការដោះស្រាយបញ្ហាឈឺក្បាលបណ្ដាលមកពីអ័រម៉ូនដូចគ្នា។ បន្ថែមពីលើថ្នាំបំបាត់ការឈឺចាប់ គ្នាយើងក៏អាចសាកល្បងអនុវត្តតិចនិកមួយចំនួន ដើម្បីកាត់បន្ថយអាការៈឈឺក្បាលនេះ ដែលរួមមាន៖
- ស្អំកំណាត់ត្រជាក់នៅលើថ្ងាសប្រមាណ១០នាទី
- ធ្វើលំហាត់ប្រាណបែបស្រាលៗ ដូចជាយូហ្គា សមាធិ ដកដង្ហើមវែងៗ ដើម្បីជួយបន្ធូរសាច់ដុំ និងកាត់បន្ថយការតានតឹង។
- គេងឲ្យបានគ្រប់គ្រាន់
- ម៉ាស្សា
- ញ៉ាំអាហារតិចតួច និងញឹកញាប់ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅខ្ពស់។
[embed-health-tool-ovulation]