មករដូវជារឿងរំខានស្រីៗរាល់ខែ ដោយសារធ្វើឲ្យប៉ះពាល់សកម្មភាពប្រចាំថ្ងៃ ការដើរហើរ ធ្វើដំណើរ ការងារផ្សេងៗ រៀនសូត្រ ហើយកាន់តែវេទនាសាំចិត្ត គឺឈឺចាប់ក្នុងពោះ ខ្នង ចង្កេះជាដើម។ ការពិត “Hello គ្រូពេទ្យ” ប្រាប់ទៅចុះ គេមានរបៀបកាត់បន្ថយការឈឺចុកចាប់ពោះ ពេលមកខែម្ដងៗ ហើយជារឿងដែលស្រីៗទាំងអស់គួរយល់ដឹង។
១- ថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាព
ថ្នាំដែលគេតែងណែនាំឲ្យប្រើនោះ មាន ibuprofen និង naproxen។ ថ្នាំទាំងនេះជាប្រភេទ nonsteroidal anti-inflammatory (NSAID) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំបាត់ការឈឺពោះ បើប្រើក្នុងកម្រិតមួយត្រឹមត្រូវ។ ការឈឺពោះពេលមករដូវ អាចបណ្ដាលមកពី Prostaglandin ផលិតក្នុងពេលមករដូវ។ ពេលថ្នាំ NSAID អាចធ្វើឲ្យសារជាតិនេះថយចុះបាន នោះអាចកាត់បន្ថយការឈឺចាប់។
មានរឿងពីរយ៉ាងត្រូវចងចាំ ពេលប្រើថ្នាំទាំងនេះ។ ដំបូង គឺត្រូវពិគ្រោះជាមួយពេទ្យដើម្បីបានថ្នាំដែលត្រឹមត្រូវ។ បន្ទាប់មក ប្រុងប្រយ័ត្នប្រើថ្នាំតាមកម្រិតដែលពេទ្យបានណែនាំ។
២- របបអាហារ
កាត់បន្ថយញ៉ាំខ្លាញ់ ហើយញ៉ាំបន្លែច្រើនវិញ អាចជួយសម្រួលដល់ការឈឺចាប់ ដោយសារវាកាត់បន្ថយការប្រឈមមុខនឹងការរលាកក្នុងខ្លួនបាន។ វិធីនេះមិនឲ្យផលភ្លាមនោះទេ តែវាមានប្រសិទ្ធភាព។ គួរញ៉ាំវីតាមីន D ឲ្យបានច្រើន។ កម្រិតវីតាមីន D3 ច្រើន អាចជួយកាត់បន្ថយការឈឺពោះ។ ខ្លាញ់ត្រី និងវីតាមីន B ក៏អាចជួយបានដែរ។
៣- ស្អំ
ពេលចាប់ផ្ដើមឈឺពោះ សរីរាង្គខាងក្នុងចាប់ផ្ដើមកន្ត្រាក់ខ្លាំង។ ម្យ៉ាងទៀត កម្ដៅជួយឲ្យសាច់ដុំសម្រាក និងបន្ថយការឈឺចាប់។ ប្រើបន្ទះកម្ដៅ ឬកន្សែងសើមក្តៅឧណ្ហៗគ្របពីលើពោះ។ មួយទៀត យើងអាចយកដបទឹកក្តៅល្មមស្អំពោះផងដែរ។
៤- ហាត់ប្រាណ
ធ្វើលំហាត់ប្រាណទៀងទាត់ នឹងជួយសម្រួលការឈឺពោះ និងពង្រឹងការទ្រាំទប់ទល់នឹងការឈឺចាប់បាន។
៥- ផឹកតែ
តែខ្លះអាចដើរតួនាទីជាអ័រម៉ូនអឺស្ត្រូហ្សែន ដើម្បីជួយសម្រួលការឈឺពោះបាន។ តែ Chamomile តែជីរអង្កាម ឬក៏តែ cramp bark អាចជួយបាន។ យ៉ាងណាក៏ដោយ គួរពិគ្រោះជាមួយពេទ្យ បើអ្នកមានបញ្ហាជាមួយអ័រម៉ូន ឬប្រព័ន្ធតម្រងនោម។
៦- ចាក់ម្ជុលវិទ្យាសាស្ត្រ
ចាក់ម្ជុលវិទ្យាសាស្ត្រ អាចជួយឲ្យប្រព័ន្ធប្រសាទគ្នាយើងសម្រាក សម្រួលដំណើរការឈាមទៅកាន់សរីរាង្គខាងក្នុង និងដើរតួជាភ្នាក់ងារប្រឆាំងការរលាក។ វិធីនេះអាចជួយកាត់បន្ថយការឈឺពោះ ដោយមានប្រសិទ្ធភាព។ អ្វីដែលអ្នកគួរធ្វើ គឺទៅជួបអ្នកជំនាញខាងចាក់ម្ជុលវិទ្យាសាស្ត្រ។
៧- ម៉ាស្សាប្រើប្រេង
វិធីនេះអាចប្រើជាមួយការចាក់ម្ជុលវិទ្យាសាស្ត្រ និងថ្នាំរុក្ខជាតិ។ យើងនឹងសម្រាកជាមួយការម៉ាស្សាតាមរាងកាយផង និងក្លិនផង។
[embed-health-tool-ovulation]