ជាទូទៅ ស្រ្តីចាប់ពីអាយុ៤៥ដល់៥៥ឆ្នាំ អាចឈានដល់វ័យអស់រដូវ ប្រសិនបើពុំមករដូវរយៈពេលជាងមួយឆ្នាំ។ ទោះជាយ៉ាងនេះក្តី ស្ត្រីមួយចំនួនអាចនៅតែបន្តធ្លាក់ឈាមជាច្រើនដង ដែលកត្តានេះ បណ្ដាលឲ្យយើងមានអារម្មណ៍សៅហ្មងក្នុងចិត្ត និងងឿងឆ្ងល់ជាខ្លាំងអំពីមូលហេតុដែលនាំឲ្យមានការធ្លាក់ឈាមបែបនេះ។ ពិតណាស់ អាការៈធ្លាក់ឈាមក្នុងវ័យអស់រដូវ អាចជាសញ្ញានៃហានិភ័យសុខភាពជាច្រើន ដែលយើងចាំបាច់ត្រូវតែធ្វើការតាមដានដោយយកចិត្តទុកដាក់ និងត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា។
យ៉ាងណាមិញ កត្តាដែលធ្វើឲ្យយើងធ្លាក់ឈាមបន្ទាប់ពីអស់រដូវមានដូចខាងក្រោម។
១. មហារីកក្រពេញអូវែ
ជំងឺនេះចាប់ផ្ដើមនៅអូវែ ដែលពិបាកនឹងសង្កេតឃើញ ហើយវាអាចសាយភាយទៅកាន់ផ្នែកដទៃទៀតនៃរាងកាយ ដូចជាក្រពះ និងឆ្អឹងអាងត្រគាក ដែលជាហេតុបណ្ដាលឲ្យមានការធ្លាក់ឈាមខុសប្រក្រតីបែបនេះ។
២. ស្រទាប់ផ្នែកខាងក្នុងស្បូនស្ដើង
ជាធម្មតា ស្រទាប់ខាងក្នុងនៃស្បូនរបស់យើង កាន់តែស្ដើងនៅពេលដែលរាងកាយឈប់ផលិតអ័រម៉ូនអឹស្រ្តូសែន ដែលជាហេតុបណ្ដាលឲ្យមានអាការៈធ្លាក់ឈាមនេះឡើង។
៣. របួសឆ្អឹងអាងត្រគាក
ជាមួយគ្នានេះដែរ ហេតុផលផ្សេងទៀត ដែលអាចបង្កឲ្យមានការធ្លាក់ឈាមខុសធម្មតានេះ អាចមកពីរបួសនៅតំបន់អាងត្រគាក ការហូរឈាមតាមបំពង់ទឹកនោម (Urinary tract bleeding) និងការបង្ករោគនៅស្រទាប់ខាងក្នុងនៃស្បូន ឬអាចហៅម្យ៉ាងទៀតថាជំងឺ Endometriosis។
៤. មហារីកផ្នែកខាងក្នុងនៃស្បួន
សម្រាប់ជំងឺមហារីកស្រទាប់ខាងក្នុងស្បូនវិញ គឺច្រើនតែកើតឡើង បន្ទាប់ពីការអស់រដូវ ដោយសារតែឥទ្ធិពលដែលមិនប្រឆាំងនៃអឹស្រ្តូសែននៅលើភ្នាសក្នុងស្បូន។
៥. ការបង្ករោគនៅភ្នាសក្នុងស្បូន
ក្រោយអស់រដូវ មាត់ស្បូនអាចនឹងត្រូវបិទយ៉ាងជិត ហើយការបញ្ចេញបានប្រមូលផ្ដុំនៅក្នុងប្រហោងស្បូន ដែលអាចបណ្ដាលឲ្យមានការឆ្លងមេរោគនៅភ្នាសក្នុងស្បូន និងនាំឲ្យមានការធ្លាក់ឈាម។
៦. ការប្រើប្រាស់ថ្នាំ
បន្ថែមពីនេះ ការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាការព្យាបាលដោយអ័រម៉ូន (Hormone Therapy) ថ្នាំTamoxifen និងBlood thinnerជាដើម ក៏អាចបង្កឲ្យមានផលប៉ះពាល់ដូចជា ការធ្លាក់ឈាមនេះផងដែរ។
[embed-health-tool-ovulation]