នៅពេលដែលយើងមានវ័យកាន់តែច្រើន ទ្វារមាសក៏មានការផ្លាស់ប្ដូរដូចទៅនឹងរាងកាយរបស់យើងផងដែរ។ ប្រសិនបើស្រីៗយើងគិតថា ការផ្លាស់ប្ដូរនេះ គឺសំដៅតែទៅលើរូបរាងនៃទ្វារមាសនោះ យើងប្រហែលជាយល់ច្រឡំហើយ។ នៅពេលដែលយើងមានវ័យកាន់តែចាស់ អារម្មណ៍ ក៏ដូចជាមុខងារនៃទ្វារមាសក៏មានការប្រែប្រួលដែរ។ យ៉ាងណាមិញ ប្រសិនបើយើងមិនបានត្រៀមខ្លួនជាមុនទេនោះ យើងអាចនឹងមានការភ្ញាក់ផ្អើល។ ដូច្នេះហើយ នៅពេលដែលយើងបានដឹងអំពីរឿងរ៉ាវទាំង៧ដែលនឹងត្រូវកើតឡើងតាមធម្មជាតិ យើងមិនត្រឹមតែអាចត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកវាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយពន្យារភាពចាស់បានផងដែរ។
១. សាច់ដុំបាតអាងត្រគាកចុះខ្សោយ
ការបាត់បង់ម៉ាសសាច់ដុំ គឺជារឿងធម្មតានៅពេលដែលយើងមានអាយុកាន់តែច្រើន ដែលកត្តានេះបណ្ដាលឲ្យសាច់ដុំចុះខ្សោយ ដែលសាច់ដុំអាងត្រគាកនេះ ទទួលខុសត្រូវក្នុងការទ្រទ្រង់អាងត្រគាក។ ជាមួយនឹងការចុះខ្សោយនៃសាច់ដុំអាងត្រគាក ការទ្រទ្រង់ប្លោកនោម និងស្បូនក៏មានការធ្លាក់ចុះផងដែរ ដែលនាំឲ្យមានការហូរនោមដោយមិនដឹងខ្លួន ឬជួបបញ្ហាស្រុតស្បូន ។
ម្យ៉ាងវិញទៀត សាច់ដុំបាតអាងត្រគាក ក៏អាចចុះខ្សោយដោយសារតែការឡើងទម្ងន់រាងកាយផងដែរ ដូចនេះវាមានសារៈសំខាន់ណាស់ ក្នុងការរក្សាទម្ងន់ខ្លួនឲ្យមានសុខភាពល្អ និងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីពង្រឹងសាច់ដុំទាំងនេះ។
២. រោមប្រដាប់ភេទប្រែប្រួល
ដូចទៅនឹងសក់របស់យើងផងដែរ រោមប្រដាប់ភេទក៏មានការវិវត្តទៅតាមវ័យដូចគ្នា។ វាអាចប្រែប្រួលទៅជាស្កូវ បន្ទាប់មកក៏ស្ដើងទៅៗ ហើយចុងក្រោយ វានឹងជ្រុះអស់។
៣. ការប្រែប្រួលលើប្រដាប់ភេទ
នៅពេលដែលយើងមានវ័យកាន់តែចាស់ កម្រិតអ័រម៉ូនអឹស្រ្តូសែននៅក្នុងរាងកាយរបស់យើងនឹងមានការថយចុះ។ កត្តានេះ នឹងនាំឲ្យជាលិកានៅក្នុងយោនីប្រែក្លាយទៅជាស្ដើង ឬស្លេកស្លាំងជាដើម។ ការផ្លាស់ប្ដូរទាំងនេះ គឺជារឿងធម្មតា យើងចាំបាច់ត្រូវលាងសម្អាតបរិវេណតំបន់ពិសេសរបស់យើងថ្នមៗ និងចៀសវាងការបង្ករបួសផ្សេងៗ។
៤. ងាយឆ្លងមេរោគផ្លូវទឹកនោម
ជាមួយនឹងកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនទាបនៅក្នុងរាងកាយ ការឆ្លងមេរោគម្ដងហើយម្ដងទៀត ក៏ដូចជាការហូរនោមដោយមិនដឹងខ្លួន ក៏អាចកើតឡើងជាញឹកញាប់ផងដែរ។ បញ្ហានេះ គឺបណ្ដាលមកពីជាលិកានៅជុំវិញបង្ហួរនោម ក៏ដូចជាជាលិកានៅជុំវិញយោនីកាន់តែស្ដើងទៅៗ ដែលធ្វើឲ្យយើងងាយនឹងកើតជំងឺហូរនោមដោយមិនដឹងខ្លួន។
៥. ការកើនឡើងនៃការឆ្លងមេរោគលើទ្វារមាស
ដូចទៅនឹងការឆ្លងរោគនៅផ្លូវទឹកនោមដែរ ភាពស្ដើងនៃជញ្ជាំងទ្វារមាសបង្កើនឱកាសនៃការឆ្លងមេរោគនៅលើទ្វារមាស ដូចជាជំងឺកាមរោគ និងបាក់តេរីក្នុងទ្វារមាសជាដើម។
៦. អារម្មណ៍ប្រែប្រួលពេលរួមភេទ
នៅពេលដែលយើងមានវ័យកាន់តែច្រើន ទ្វារមាសរបស់យើងនឹងបាត់បង់ភាពយឺត ហើយកាន់តែតូចទៅៗ ដោយសារតែកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនទាប។ កត្តានេះ នឹងធ្វើឲ្យយើងពុំមានក្តីសុខស្រួលនៅពេលដែលយើងរួមភេទដូចកាលពីមុនឡើយ។ ប៉ុន្តែ ប្រសិនបើយើងមានការរួមភេទញឹកញាប់ យើងអាចនឹងបញ្ចៀសនូវការផ្លាស់ប្ដូរនេះបាន។
៧. ទ្វារមាសស្ងួត
ជាមួយនឹងកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនទាប ការបញ្ចេញទឹករម្អិលក៏កាន់តែតិច ដែលបណ្ដាលឲ្យទ្វារមាសរបស់យើងទៅជាស្ងួត។ ភាពស្ងួតនេះ អាចនាំឲ្យមានការរមាស់ និងមានអារម្មណ៍មិនស្រួលក្នុងខ្លួនផងដែរ។ លើសពីនេះ ភាពស្ងួតក៏អាចជះឥទ្ធិពលដល់រឿងលើគ្រែរបស់យើងបានដូចគ្នាដែរ ដូច្នេះហើយ ការប្រើទឹករម្អិលនៅអំឡុងពេលរួមភេទ គឺជារឿងដែលមិនអាចខ្វះបានឡើយ។
[embed-health-tool-ovulation]