ការពាក់អាវក្នុងដែលសមតាមទម្រង់ដើមទ្រូង (សុដន់) ជួយឱ្យដើមទ្រូងមើលទៅស្អាត ហើយក៏អាចជួយកាត់បន្ថយអាការៈឈឺខ្នង និងស្មាទៀតផង។ តើដើមទ្រូងយើងមានប៉ុន្មានទម្រង់ ហើយយើងគួរជ្រើសរើសអាវក្នុងបែបណាដើម្បីសមតាមទម្រង់ដើមទ្រូង?
លោអ្នកឯកទេសអាវក្នុងលើកឡើងថា ទម្រង់ដើមទ្រូងស្រីៗយើងមាន ៩ ហើយយើងគួរជ្រើសរើសអាវក្នុងតាមទម្រង់នីមួយៗ៖
១. ដើមទ្រូងមូលក្លំ
ដើមទ្រូងមូលក្លំមានរាងពេញស្មើលើស្មើក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងដែលអាចទ្រទម្ងន់ និងគ្រប់សុដន់បានល្អ។ ជម្រើសអាវក្នុងដ៏ល្អបំផុតគឺជាអាវក្នុងប្រភេទ T-shirt, balconetteនិង plunge។
២. ដើមទ្រូងរាងកណ្តឹង
ដើមទ្រូងរាងកណ្តឹងមានរាងតូចលើ ធំក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងដែលមានគោមធំ និងមានកងដែកទ្រ (ប្រភេទ full cup) ដើម្បីទ្រដើមទ្រូងផ្នែកខាងក្រោម និងជួយលើកដើមទ្រូង។
៣. ដើមទ្រូងរាងដំណក់ទឹក
ដើមទ្រូងរាងដំណក់ទឹកមានរាងមូលនៅផ្នែកខាងក្រោម និងមានរាងតូចលើបន្តិច។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ balconette ដែលមានកងដែកទ្រ ឬប្រភេទ demi ដែលមានថ្នេរបញ្ឈរដើម្បីលើកដើមទ្រូងឱ្យមើលទៅមូលក្លំនៅផ្នែកខាងលើ។
៤. ដើមទ្រូងមិនស្មើរគ្នា
ដើមទ្រូងមិនស្មើរគ្នាជាដើមទ្រូងដែលមានរាងធំម្ខាងតូចម្ខាង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ T-shirt អត់មានថ្នេរដែលអាចគ្របសុដន់បានពេញដើម្បីបិទបាំងទំហំដើមទ្រូងដែលមិនស្មើគ្នា។ លើសពីនេះទៅទៀតយើងត្រូវរើសអាវក្នុងដែលមានទំហំប៉ុនទំហំសុដន់ម្ខាងដែលធំ។
៥. ដើមទ្រូងស្វិត
ដើមទ្រូងស្វិតមានរាងវែង តូច និងសំយុងចុះក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទមានថ្នេរដែលត្រូវបានរចនាឡើងដើម្បីកែទម្រង់ដើមទ្រូងឱ្យមើលទៅមូលក្លំ។
៦. ដើមទ្រូងរាប
ដើមទ្រូងរាបមានរាងរាបស្មើនឹងទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទកល់ច្រើន ដើម្បីធ្វើឱ្យដើមទ្រូងមើលទៅធំ។ ប្រសិនបើយើងចង់ឱ្យដើមទ្រូងមើលទៅដូចធម្មជាតិ យើងអាចជ្រើសរើសអាវក្នុងប្រភេទមានគោមរាងត្រីកោណ ដែលអត់មានកងដែកទ្រ ព្រោះបើអាវប្រភេទនេះមានកងដែកទ្រនឹងធ្វើឱ្យដើមទ្រូងយើងឃ្លាតគ្នាកាន់តែធំ និងមិនអាចជួយលើកដើមទ្រូងយើងទេ។
៧. ដើមទ្រូងបែរមុខចេញពីគ្នា
ដើមទ្រូងប្រភេទនេះមានសុដន់ និងចុងសុដន់បែរចេញក្រៅដងខ្លួន ហើយមានចន្លោះខ្លះនៅចំកណ្តាលទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទមានរបាំង ដើម្បីបិទបាំង និងរុញដើមទ្រូងចូលគ្នាឱ្យដើមទ្រូងមើលទៅមូលក្លំល្អ។
៨. ដើមទ្រូងគ្មានចន្លោះកណ្តាល
ដើមទ្រូងប្រភេទនេះមានសុដន់សងខាងនៅជិតគ្នា ហើយគ្មាន ឬសឹងមិនមានចន្លោះនៅកណ្តាលទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ plunge ឬមានគោមរាងត្រីកោណព្រោះអាវទាំងនេះមានចន្លោះកណ្តាលរាក់ ឬខ្លី បើធៀបទៅនឹងអាវក្នុងប្រភេទផ្សេងទៀត។
៩. ដើមទ្រូងញែក
ដើមទ្រូងប្រភេទនេះញែកចេញពីគ្នា និងមានចន្លោះធំនៅកណ្តាលទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ plunge មាន ឬគ្មានប៉ុងដើម្បីរុញដើមទ្រូងចូលគ្នា។
អាវក្នុងដែលស័ក្តិសមនឹងយើងគឺជាអាវដែលត្រូវនឹងទំហំដើមទ្រូង និងសមតាមទម្រង់ដើមទ្រូងរបស់យើងដែលមិនរឹប ឬធូរពេក។
[embed-health-tool-ovulation]