រំលូតកូន ជារឿងឈឺចាប់បំផុតសម្រាប់ស្រីៗយើងដែលគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តធ្វើបែបនេះ ទោះបីមានការប៉ះទង្គិចផ្លូវកាយ និងផ្លូវចិត្តជាខ្លាំង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីថែទាំសុខភាព ក្រោយលេបថ្នាំរំលូតកូនឲ្យស្រីៗបានដឹង។
១- អាការៈ ក្រោយលេបថ្នាំរំលូតកូន
ក្រោយលេបថ្នាំរំលូត អាការៈមានគភ៌អាចបន្តមានរយៈពេល ១ សប្តាហ៍ ឬអាចយូរជាងនេះ បន្ទាប់មក គ្រប់យ៉ាងនឹងត្រឡប់មកធម្មតាវិញ។ ស្រីៗយើងអាចនឹងធ្លាក់ឈាមតាមទ្វារមាសតិចតួច ក្នុងរយៈពេល ២-៣ សប្តាហ៍ដំបូង។
ចៀសវាងផឹកស្រា ប្រើគ្រឿងញៀនផ្សេងៗ លើកធ្ងន់ៗ ព្រោះកត្តាទាំងនេះអាចបង្កឲ្យធ្លាក់ឈាម និងអាការៈផ្សេងទៀតកាន់តែធ្ងន់ធ្ងរ។ ត្រូវប្រញាប់ទៅពេទ្យ បើមានឈាមកធ្លាក់ជោកសម្លីច្រើនបន្ទះត្រឹម ១ ម៉ោង និងលើស ៣ ម៉ោង។
អាការៈស្រៀវសុដន់អាចនឹងកើតមានផងដែរ ចៀសវាងច្របាច់ ម៉ាស្សា ឬក៏ចុចលើសុដន់។ អាចសាកល្បងពាក់អាវទ្រនាប់ផ្តល់ផាសុកភាព ស្អំទឹកកក ១០-២០ នាទី ២-៣ ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្រៀវ។ មួយទៀត មុនសម្រេចចិត្តចូលធ្វើការវិញ ត្រូវប្រាកដថាសុខភាពយើងត្រឡប់មកល្អដូចដើម។
រំលូតកូន ជាបទពិសោធជូរចត់ចំពោះស្រីៗ។ បើយើងកំពុងតែជួបរឿងបែបនេះ កុំស្ទាក់ស្ទើរស្វែងរកជំនួយ ព្រោះមានមនុស្សជាច្រើនចាំជួយយើង។
- អត្ថបទពាក់ព័ន្ធ៖ ក្រោយប្រើថ្នាំរំលូតកូន ស្រីៗត្រូវប្រុងប្រយ័ត្នអីខ្លះ?
២- អារម្មណ៍ ក្រោយលេបថ្នាំរំលូតកូន
អារម្មណ៍មិនមានការបែងចែកខុស ឬត្រូវនោះទេ ជាពិសេសក្រោយពេលដែលជួបប្រទះនឹងរឿងបែបនេះ មិនថាយើងរឹងមាំប៉ុណ្ណាទេ ជៀសមិនផុតពីសម្ពាធផ្លូវចិត្ត។ គ្នាយើងខ្លះអាចនឹងមានអារម្មណខឹងខ្លួនឯង ឬក៏អាចមានអារម្មណ៍បាត់បង់អ្វីម្យ៉ាង ពេលខ្លះមានអារម្មណ៍ថាខុស ពេលខ្លះក៏ធូរស្បើយ និងសោកសៅជាដើម។
៣- ជំនួយស្មារតី ក្រោយលេបថ្នាំរំលូតកូន
ស្រីៗយើងមួយចំនួនអាចយកឈ្នះអារម្មណ៍បាត់បង់ ឬសោកសៅបានយ៉ាងលឿន ដោយមិនត្រូវការជំនួយអ្វីទាំងអស់ ប៉ុន្តែមួយចំនួនទៀតអាចត្រូវការជំនួយដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។ បើអារម្មណ៍មិនល្អ នាំឲ្យយើងគេងមិនលក់ ឬក៏ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ដូច្នេះយើងគួរបើកចិត្តទទួលយកជំនួយពីអ្នកដទៃ។
អាចសាកល្បងនិយាយជាមួយមនុស្សទីស្រលាញ់ ឬមនុស្សជឿទុកចិត្ត បង្ហាញអារម្មណ៍ឲ្យគេដឹង។ អាចស្វែងរកជំនួយពីគ្រូពេទ្យ ឬអ្នកឯកទេសផ្លូវចិត្តជាដើម។ លាក់អារម្មណ៍តែម្នាក់ឯង អាចធ្វើឲ្យយើងកាន់តែសោកសៅ និងប្រឈមនឹងហានិភ័យផ្សេងៗ។
[embed-health-tool-ovulation]