ស្រីៗអាចបាត់បង់ចំណង់ផ្លូវភេទបន្តិចម្ដងៗ ដោយសារកត្តាផ្សេងៗ ហើយយូរទៅ ច្បាស់ជាបាត់បង់ចំណង់ផ្លូវភេទទាំងស្រុងក៏មាន។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុសំខាន់ៗដែលសម្លាប់ចំណង់ផ្លូវភេទស្រីៗ បើមិនចាប់អារម្មណ៍។
១- ស្ត្រេស
ស្ត្រេស អាចកើតឡើងដោយសាររឿងការងារ លុយកាក់ បញ្ហាគ្រួសារ ឬក៏អាចបង្កដោយសារអ្នកជិតខាង។ ពេលយើងស្ត្រេសខ្លាំង ប្រហែលជាមិនចង់ធ្វើអ្វីទាំងអស់ តែងគិតអ្វីមួយក្នុងផ្លូវអវិជ្ជមាន។ យើងអាចនឹងគេចចេញ មិនចង់រួមភេទអំឡុងពេលយើងស្ត្រេសខ្លាំង។ ដូចនេះ ការគ្រប់គ្រងបញ្ហាស្ត្រេស ជារឿងសំខាន់ខ្លាំងណាស់ ហើយបើយើងជួបបញ្ហានេះ គួរជួបពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយ។
២- គេងមិនគ្រប់គ្រាន់
បើឧស្សាហ៍គេងមិនគ្រប់គ្រាន់ យើងនឹងចាប់ផ្ដើមអស់កម្លាំង ហើយភាពនឿយហត់អស់កម្លាំងទាំងនេះ អាចសម្លាប់ចំណង់ផ្លូវភេទយើងបាន។ យើងអាចគ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់ នឹកចង់គេងគ្រប់ពេលអស់កម្លាំងខ្លាំង។
៣- មានកូនតូច
ពេលមានកូន ស្រីៗត្រូវចំណាយពេលច្រើន ដើម្បីចិញ្ចឹមបីបាច់ លេង និងបញ្ចុកអាហារកូនៗ។ ហេតុនេះហើយ យើងមិនមានពេលវេលាច្រើនសម្រាប់បង្កើតភាពស្និទ្ធស្នាលទេ។ ដើម្បីចៀសវាងបញ្ហានេះ បើអាច គួររកនរណាមកជួយមើលកូន ព្រោះពេលមានគេមើលកូនឲ្យហើយ យើងជាមួយប្តី អាចបង្កើតពេលវេលាស្និទ្ធស្នាលជាមួយគ្នាបាន។
៤- ថ្នាំពេទ្យ
មានថ្នាំមួយចំនួន ត្រូវគេរកឃើញថា ធ្វើឲ្យចំណង់ផ្លូវភេទថយចុះ។ ថ្នាំទាំងអស់នោះ មានដូចជា៖
– ថ្នាំព្យាបាលជំងឺលើសឈាម
– ថ្នាំគីមីព្យាបាលជំងឺមហារីក
– ថ្នាំព្យាបាលជំងឺអ័រម៉ូន
– ថ្នាំព្យាបាលជំងឺថប់បារម្ភ
– ថ្នាំពន្យារកំណើត
បើចំណង់ផ្លូវភេទយើងស្រាប់តែបាត់បង់ភ្លាមៗ បន្ទាប់ពីប្រើប្រាស់ថ្នាំប្រភេទនេះ គួរប្រញាប់ប្រាប់គ្រូពេទ្យ។ គ្រូពេទ្យអាចប្ដូរថ្នាំថ្មី ឬប្ដូរកម្រិតថ្នាំ ប្រហែលជាអាចជួយយើងបាន។ តែមិនត្រូវប្ដូរកម្រិតថ្នាំ ឬបញ្ឈប់ប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជាដាច់ខាត។
៥- ធាត់លើសទម្ងន់
ការសិក្សាមួយចំនួនរកឃើញថា ធាត់លើសទម្ងន់ អាចធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទបាន។ នេះអាចបណ្ដាលមកពីយើងមិនសូវជឿជាក់លើសម្រស់ខ្លួនឯង ដោយសារគិតថាខ្លួនឯងធាត់ពេក។ ក្រៅពីនេះ ក៏នៅមានកត្តាផ្លូវចិត្ដមួយចំនួនផ្សេងទៀត អាចកើតឡើងទាក់ទងជាមួយបញ្ហាធាត់នេះ។ គួរព្យាយាមគ្រប់គ្រងទម្ងន់ខ្លួនឯង ញ៉ាំអាហារល្អៗសម្រាប់សុខភាព និងត្រូវហាត់ប្រាណជាប្រចាំ។
៦- គ្រឿងស្រវឹង
បើផឹកត្រឹមតែមួយកែវ ឬពីរកែវ មិនចោទជាបញ្ហាទេ ប៉ុន្តែបើផឹកគ្រឿងស្រវឹងច្រើនពេក នឹងទៅធ្វើឲ្យចំណង់ផ្លូវភេទទៅជាស្ពឹកៗ។ ដៃគូ ក៏មិនចង់រួមភេទជាមួយមនុស្សស្រវឹងធុំក្លិនស្រាហួងនោះដែរ។ ដូចនេះ គួរចេះគ្រប់គ្រងបរិមាណគ្រឿងស្រវឹងយើងផឹកឲ្យបានត្រឹមត្រូវ។
៧- ជំងឺបាក់ទឹកចិត្ដ
ពេលយើងមាន ជំងឺបាក់ទឹកចិត្ដ គ្រូពេទ្យនឹងចេញថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ដឲ្យយើង ហើយថ្នាំបាក់ទឹកចិត្ដមួយចំនួន អាចធ្វើឲ្យចំណង់ផ្លូវភេទថយចុះ។ ពេលចំណង់ផ្លូវភេទថយចុះ យើងអាចនឹងពិបាកចិត្ដម្ដងទៀត ហេតុនេះគួរពិភាក្សាជាមួយគ្រូពេទ្យរកដំណោះស្រាយល្អ។
៨- អស់រដូវ
ពេលឈានដល់វ័យចាប់ផ្ដើមអស់រដូវ យើងអាចជួបបញ្ហាមួយចំនួន រួមមាន ស្ងួតទ្វារមាស ឬឈឺចាប់ពេលរួមភេទ ដោយរោគសញ្ញាទាំងនេះ ធ្វើឲ្យស្រីមិនចង់រួមភេទដូចមុន។ ពេលយើងឈានចូលវ័យកាន់តែចាស់ ភាពជឿជាក់លើសម្រស់ខ្លួនអាចនឹងធ្លាក់ចុះដូចគ្នា នាំឲ្យអារម្មណ៍មិនចង់ស្និទ្ធស្នាលជាមួយប្តីក្នុងវ័យចំណាស់ដូចគ្នា។
៩- កម្រិតអ័រម៉ូនតេស្តូស្ដេរ៉ូនថយចុះ
តេស្តូស្ដេរ៉ូន ជាអ័រម៉ូនសម្រាប់បង្កើនចំណង់ផ្លូវភេទ ពេលយើងកាន់តែចាស់កម្រិតអ័រម៉ូនតេស្តូស្ដេរ៉ូនកាន់តែចុះទាប ដូចនេះចំណង់ផ្លូវភេទនឹងថយចុះតាមដូចគ្នា។ កម្រិតអ័រម៉ូនតេស្តូស្ដេរ៉ូន អាចប៉ះពាល់ទាំងអារម្មណ៍ផ្លូវភេទទាំងស្រីៗ និងប្រុសៗ។
១០- បញ្ហាក្នុងរង្វង់គ្រួសារ
ពេលទំនាក់ទំនងប្តីប្រពន្ធមានបញ្ហា ច្បាស់ជាមិនចង់រួមភេទជាមួយគ្នាមិនខាន ហេតុនេះព្យាយាមពិភាក្សាគ្នាឲ្យបានច្រើន។ បើកចិត្ដឲ្យទូលាយ និងស្វែងយល់ពីគ្នា។
ចំណង់ផ្លូវភេទយើង អាចប្រែប្រួលដោយសារកត្ដារាងកាយ និងកត្ដាផ្លូវចិត្ដ។ ដូចនេះ ដឹងពីមូលហេតុធំៗទាំង ១០ ខាងលើ នឹងជួយឲ្យយើងរកវិធីដោះស្រាយ និងធ្វើឲ្យជីវិតផ្លូវភេទត្រឡប់មករកភាពល្អប្រសើរដូចដើមវិញបាន។
[embed-health-tool-ovulation]