មុនគឺជាបញ្ហាស្បែកមួយដែលយើងគ្រប់គ្នាចង់គេចឲ្យផុត។ បញ្ហាមុនគឺអាចកើតនៅស្ទើរគ្រប់វ័យ និងបង្កដោយសារមូលហេតុផ្សេងៗរួមទាំងអាចកើតមាននៅផ្នែកផ្សេងៗនៃរាងកាយរួមទាំងខ្នងផងដែរ។
តើមុនខ្នងបង្កមកពីអ្វី?
រាងកាយយើងផលិតខ្លាញ់ឈ្មោះ សេបូម (Sebum) ។ ខ្លាញ់នេះផលិតនៅក្រពេញខ្លាញ់ ហើយបញ្ជូនទៅកាន់ឫសរោមដើម្បីបន្ថែមជាតិសំណើមដល់ស្បែក។ មុនកើតមាននៅពេលដែលយើងមានខ្លាញ់ និងកោសិកាងាប់ច្រើនផ្តុំគ្នា ហើយការផ្តុំនេះបានបង្កឲ្យស្ទះរន្ធញើស និងមានបាក់តេរី។ មុនក៏អាចបង្កដោយមូលហេតុផ្សេងទៀតដែរដូចជា៖
- កត្តាហ្សេន៖ នៅពេលសមាជិកគ្រួសារមានបញ្ហាមុន
- ថ្នាំ៖ មុនអាចកើតមានដោយសារប៉ះពាល់ពីការប្រើថ្នាំដូចជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តជាដើម។
- អ័រម៉ូន៖ នៅពេលមានបម្រែបម្រួលអ័រម៉ូនក្នុងវ័យជំទង់។ សម្រាប់ស្ត្រីដែលពេញវ័យ និងមានបញ្ហាមុនអាចបង្កមកពីបម្រែបម្រួលអ័រម៉ូនពេលមានរដូវ ឬពពោះ។
- ញើស៖ ជាពិសេសពេលបែកញើស និងពាក់អាវរឹប
- ស្ត្រេស៖ ស្ត្រេសក៏អាចបង្កឲ្យមានបញ្ហាមុនដោយប្រយោល
អត្ថបទពាក់ព័ន្ធ:
- ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន
- ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ
- ពិតទេ ញ៉ាំគ្រឿងផ្អាប់ ឬពងទាកូន ធ្វើឲ្យមុខឡើងមុន?
វិធីព្យាបាលមុនខ្នង
ក្នុងករណីមួយចំនួន យើងអាចកម្ចាត់មុនខ្នងបានដោយផ្លាស់ប្តូររបៀបរបបការរស់នៅ និងអនុវត្តវិធីថែទាំមួយចំនួននៅផ្ទះ។
១. ងូតទឹកក្រោយហាត់ប្រាណ
ការទុកឲ្យញើស និងធូលីជាប់នឹងស្បែកយូរក្រោយពីហាត់ប្រាណអាចជាមូលហេតុមួយដែលបង្កឲ្យមានមុនខ្នង។ ដូចនេះយើងគួរងូតទឹកភ្លាមៗក្រោយហាត់ប្រាណ និងបោកសម្អាតសម្លៀកបំពាក់ហាត់ប្រាណឲ្យបានទៀងទាត់។
២. ខាត់ស្បែក
ការប្រើប្រដាប់ខាត់ស្បែកដែលមានអាស៊ីដសាលីស៊ីលិក (Salicylic acid) អាចជួយកម្ចាត់នូវធូលីដី និងខ្លាញ់ចេញពីស្បែកដែលអាចជួយបន្ថយបរិមាណកោសិកាងាប់ស្ទះនៅរន្ធញើស។
៣. ចងសក់
សម្រាប់ស្រីៗយើងវិញ សក់វែងអាចបន្ថែមជាតិខ្លាញ់ និងធូលីទៅលើស្បែកនៅខ្នង និងបង្កឲ្យមានមុន។ ការកក់សក់ជាប្រចាំ និងចងសក់ឡើងពេលហាត់ប្រាណក៏អាចជួយបន្ថយបញ្ហាមុនខ្នងដែរ។ ម៉្យាងទៀត សាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់ក៏អាចធ្វើឲ្យស្ទះរន្ធញើស និងបង្កបញ្ហាមុនដែរ។
៤. របបអាហារ
របបអាហារមិនល្អអាចប៉ះពាល់ដល់រាងកាយបាន។ ប្រសិនជាយើងងាយឡើងមុន អាហារមួយចំនួនអាចជាមូលហេតុបង្ក។ ការសិក្សាបានបង្ហាញថាអាហារដែលធ្វើឲ្យជាតិស្ករក្នុងឈាមឡើងលឿនអាចធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ។ អាហារទាំងនោះមាននំប៉័ង បាយ និងដំឡូងបារាំង។ របបអាហារដែលល្អរួមមានបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិជាដើម។
៥. ចៀសវាងកម្ដៅថ្ងៃ
កម្ដៅថ្ងៃអាចធ្វើឲ្យមុនកាន់តែខ្មៅជាងមុន និងបង្កឲ្យមានស្នាមនៅលើខ្នង។ ដូចនេះគួរលាបឡេការពារកម្ដៅថ្ងៃពេលចេញទៅក្រៅ។ នេះមិនត្រឹមតែជួយបន្ថយបញ្ហាមុនទេ នៅអាចការពារស្បែកពីការខូចខាតដោយកម្ដៅថ្ងៃ និងបង្ការជំងឺមហារីកស្បែកបានដូចគ្នា។
[embed-health-tool-due-date]